Monday, March 23, 2015

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី សុខ អាន អញ្ជើញ​ចូល​រួមបុណ្យ​ចំរើន​ព្រះជន្ម ព្រះឃោ​សាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះ​ចៅ​អធិការ​​ទី១៥ វត្តសារាវ័ន​​តេជោ

ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅក្នុងវប្បធ៍ម អរិយធ៍មខ្មែរ នេះជាប្រសាសន៍របស់​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី  សុខ    អាន  រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រី​ក្នុង​ឱកាស​​អញ្ជើញ​ចូលរួមក្នុងពីធីបុណ្យចំរើនព្រះជន្ម ព្រះឃោសាវិសុទ្ធិ  ស៊ឹម សយ៉ុង ព្រះចៅ​អធិការ​ទី១៥ វត្តសារាវ័នតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនា​ល្ងាច​ថ្ងៃ​ទី២១ ខែមីនានេះ និង​មាន​ការ​និមន្តចូល​រួម​ជា​កិត្តិយសដោយ​សម្តេចព្រះ​មហា​សង្ឃរាជ នៃព្រះ​រាជា​ណាចក្រកម្ពុជា​ និង​សម្តេច​ព្រះ​សង្ឃ សម្តេច​ព្រះ​សង្ឃ​នាយក និង​ពុទ្ធ​បរិស័ទ​ជា​ច្រើន​រូប។

ឯកឧត្តម​ បានមានប្រសាសន៍ថា ជាការពិត ព្រះពុទ្ធសាសនា បានចាក់ឬសយ៉ាងជ្រៅក្នុង​វប្បធម៌ អរិយធម៌ខ្មែរ តាំងពីយូរលង់​ណាស់​មកហើយ ដូចជាតាមរយៈសិល្បៈ ចម្លាក់ និងអក្សរ​សាស្ត្រ​ជាដើម។ ជាក់ស្តែង ​​​វាក្យសព្ទ​របស់​ព្រះពុទ្ធ​សាសនា ដែលមានប្រភពចេញពីបាលី សំស្ក្រឹត​បាន​ជះ​ឥទ្ធិពលលើវិស័យ​អក្សរ​សាស្រ្តខ្មែរ ទាំងការប្រើប្រាស់​ជាផ្លូវការ និង​ទំនាក់​ទំនងប្រចាំថ្ងៃ។ គ្រប់ជួរ​បន្ទាត់នៃ​សំណេរ​ក្នុងអក្សរសិល្ប៍ខ្មែរ បើពិនិត្យ​​ឲ្យស៊ី​ជម្រៅ យើង​នឹង​ឃើញថា ភាសាបាលី សំស្ក្រឹត​តែងមានជាប្រចាំក្នុងសំណេរ​ទាំង​នោះ គ្រាន់តែ​ពាក្យ​ខ្លះ​​​យើង​បាន​​ប្រើប្រាស់រហូតថ្នឹកមាត់ ហើយ​មិន​ដឹងថា វាមានប្រភពចេញពីបាលី ឬសំស្ក្រឹត​​ប៉ុណ្ណោះ។ នេះ​សរ​បញ្ជាក់​ពីតួនាទីយ៉ាងសំខាន់​របស់​ព្រះពុទ្ធ​សាស​នា​ ក្នុងសង្គមខ្មែរ។
ទន្ទឹមនឹងកិច្ច​​ខិតខំ​ប្រឹងប្រែងក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម តាមរយៈ​ការដាក់ចេញនូវ​ផែនការ និងយុទ្ធសាស្រ្តសំខាន់ៗនានា សំដៅ​លើក​កម្ពស់​ជីវភាព​រស់​នៅនិងកាត់​បន្ថយ​ភាពក្រី​ក្រ​របស់​ប្រជាជន ព្រមទាំងបន្តធានាឱ្យបាននូវស្ថេរភាព​នយោបាយ និងសុខសន្តិភាពពេញផ្ទៃប្រទេស ដែ​ល​ជាមូលដ្ឋាន​គ្រឹះ​ដ៏​ចាំ​បាច់​​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូចសព្វថ្ងៃនេះ រាជរដ្ឋា​ភិបាល​​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់សម្តេច​អគ្គមហាសេនា​បតី​​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ថែមទាំងយកចិត្តទុក​ដាក់ជា​ប្រចាំ​​ដល់​ការ​លើក​​ស្ទួយ​​ព្រះពុទ្ធ​សាសនា​​ផង​ដែរ។ ជាក់​ស្តែង វត្តអារ៉ាមជាច្រើនត្រូវបាន​កសាង​ឡើង​នៅ​ទូទាំង​​ផ្ទៃ​ប្រទេស ទាំង​នៅ​ទីក្រុង និងជនបទ​ដាច់ស្រយាល ដើម្បីឆ្លើយតបទៅ​នឹងសិទ្ធិ​ផ្នែក​ជំនឿ ​និង​ប្រណិប័តន៍​​សាសនា​របស់​ប្រជាពលរដ្ឋ។

ទន្ទឹម​នឹងនេះ គម្ពីរក្បួនច្បាប់ផ្នែក​ព្រះពុទ្ធសាសនា​ត្រូវបាន​ផ្សព្វ​ផ្សាយ​​​យ៉ាង​ទូលំ​ទូលាយ ហើយ​គ្រឹះស្ថាន​អប់រំផ្នែកព្រះពុទ្ធ​សាសនា ត្រូវបានស្តារនិងអភិវឌ្ឍ​ឱ្យមានការរីក​ចម្រើន​​គួរ​ឲ្យ​​កត់សម្គាល់​។
សូមរំលឹកថា ព្រះឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះអង្គជាព្រះចៅអធិការទី១៥នៃវត្ត​សារាវ័ន​តេជោ ជាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុអនុគណខណ្ឌដូនពេញ  ទីប្រឹក្សាសម្តេ​ចព្រះ​សង្ឃរាជ ទេព វង្ស ផងដែរ ។

ព្រះ​ឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង ព្រះ​អង្គ​បាន​បួសក្នុងសំ​ណាក់​ព្រះ​ព្រះ​ពុទ្ធ​សាសនា​តាំង​ពី​ឆ្នាំ​១៩៧មកម៉្លេះ​រហូត​មក​ដល់​ពេល​នេះមាន​រយៈពេល​៣៦ឆ្នាំ​ហើយ ដែល​ព្រះអង្គ​គង់​នៅ​ជា​បុព្វជិត ទ្រទ្រង់​ព្រះ​ពុទ្ធ​សាសនា​ ​ផ្សព្វ​ផ្សាយ​ព្រះធម៌​ ព្រះ​វិន័យ​ដល់​សិស្ស​គុណ​ និង​ការ​គ្រប់​គ្រង​វត្ត​អារ៉ាម​ប្រកប​ដោយ​ការ​គោរព​ស្រឡាញ់​ពេញ​ចិត្ត​ពី​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ជា​ខ្លាំង​។

កន្លងមកនេះ​ព្រះអង្គ​បានចូលរួមយ៉ាង​ច្រើនក្នុង​សកម្មភាពសង្គម និងព្រះពុទ្ធសាសនា ដោយ​ចូលរួមកសាងសមិទ្ធផលនានានៅខេត្តកំពង់ចាម និងជាពិសេសនៅក្នុងទីអារាមវត្ត​សារាវ័ន​តេជោនេះតែម្តង ដោយ​ក្នុង​នោះ​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើនម៉ឺន​ដុល្លារអាមេរិក​ផង​ដែរនាពេល​កន្លង​មក​ ក្នុង​ការ​កសាង​សមិទ្ធ​ផល​​​ក្នុង​វត្ត​សារាវ័ន​តេជោ​នេះ​ ៕

No comments:

Post a Comment