ចេញផ្សាយថ្ងៃ: ( ២៣ - មិនា - ២០១៥ )
បន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចរយៈ ពេល ៣ថ្ងៃ (២០-២២
ខែមីនា ឆ្នាំ២០១៥) នៅក្នុងទឹកដីសៀមរាបអង្គរដ៏បរវនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ
ទី២២ ខែមីនាឆ្នាំ២០១៥ វេលាម៉ោងជិត១០ ស្រីទី១
នៃសហរដ្ឋអាមេរិក លោកជំទាវ មីស្សែល អូបាម៉ា (Michelle Obama) ដែលបានអរគុណចំពោះកម្ពុជាក្នុងការធ្វើបដិសណ្ឋារកិច្ច បានឡើងយន្តហោះចាកចេញពីទឹកដីខេត្តសៀមរាប
ក្រោមវត្តមានជូនដំណើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី
ហ៊ុន សែន, រដ្ឋមន្ត្រីក្រសួងអប់រំ អភិបាលខេត្តសៀមរាប
ព្រមទាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបផង
ដែរ។
នៅក្នុងឱកាសស្នាក់អាស្រ័យនៅទីក្រុង សៀមរាប
លោកជំទាវ មីស្សែល អូបាម៉ា (Michelle Obama) បានចំណាយពេលវេលាយ៉ាងច្រើន ដើម្បីទស្សនាយ៉ាងជក់ចិត្តនូវប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមានដូចជា
ប្រាសាទអង្គរតូច ប្រាសាទតាព្រហ្ម និងប្រាសាទបាយន័ (អង្គរធំ) ដែលជាការបង្ហាញឲ្យឃើញអំពីការចាប់អារម្មណ៍ និងការស្ញប់ស្ញែងចំពោះប្រវត្តិសាស្ត្រ
និងវប្បធម៌ខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសទស្សនកិច្ចនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយទាក់ទាញទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែ ច្រើនថែមទៀតផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤ កន្លងទៅនេះ
សហរដ្ឋអាមេរិកបានជួយនៅក្នុងការទទួល និងបញ្ជូនត្រឡប់មកកម្ពុជាវិញនូវព្រះបដិមា
ដែលមានឈ្មោះថា
Duryodhana, Bhima និង Balarama ក្រោយពីព្រះបដិមាទាំងនោះត្រូវបានគេលួចយកចេញដោយខុសច្បាប់ ហើយរត់ពន្ធចូលទៅក្នុងទីផ្សារវត្ថុសិល្បៈអន្តរជាតិនោះ។
ដោយឡែកបន្ទាប់ពីបានជួបក្រុមអ្នក ស្ម័គ្រចិត្តអាមេរិក
Peace Corp នៅខេត្តសៀមរាប លោកជំទាវ មីស៊្ហែល អូបាម៉ា (Michelle Obama) កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ដោយមានការអមដំណើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន
ប្រាសាទបាគង
ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាទីដែលលោកជំទាវបានជួបសំណេះសំណាល
ជាមួយសិស្សនារីចំនួន ១០នាក់នៅទីនោះ។
នៅក្នុងពិធីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្តេចសូមសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះវត្តមានលោកជំទាវ
មីស៊្ហែល អូបាម៉ា ស្ត្រីទី១នៃសហរដ្ឋអាមេរិក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅកម្ពុជា ជាពិសេសនៅលើទឹកដីខេត្តសៀមរាប
ដែលជាខេត្តទេសចរណ៍ និងវប្ប ធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម
បារ៉ាក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកជំទាវ មីស៊្ហែល
អូបាម៉ា ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីអប់រំសម្រាប់កុមារី Let Girls Learn នេះឡើង និងបានជំរុញឱ្យកម្មវិធីនេះមកដល់ប្រទេសកម្ពុជា ដើម្បីជួយកុមារីនៅកម្ពុជាថែមទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជម្រាបជូន លោកជំទាវ
មីស៊្ហែល អូបាម៉ា ថា ជាមួយនឹងការផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ក្នុងកម្មវិធីឱ្យកុមារីបានរៀនសូត្រនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកកម្ពស់ការសិក្សារៀន សូត្ររបស់កុមារី
និងយុវនារីកម្ពុជា ពោលគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានដាក់ចេញនូវគោល នយោបាយជាយុទ្ធសាស្ត្រ
ដើម្បីផ្តល់ឱ្យកុមារី និងយុវនារីខ្មែរគ្រប់រូបមានឱកាសបានសិក្សារៀន សូត្រយ៉ាងហោចណាស់បានបញ្ចប់ត្រឹមថ្នាក់អនុវិទ្យាល័យ ដោយបានសាងសង់អគារសិក្សារាប់ពាន់ខ្នង និងបានបង្ខិតសាលារៀនឱ្យកាន់តែទៅជិតផ្ទះសិស្សានុសិស្ស ពោលគឺក្នុង១ឃុំត្រូវមានអនុវិទ្យាល័យមួយយ៉ាងតិច និងបានកសាងជាអន្តេវាសិកដ្ឋានជាច្រើនឱ្យសិស្សជានារីបានស្នាក់នៅ ក្នុងគោលបំណងឱ្យសិស្សានុសិស្សងាយស្រួលក្នុងការសិក្សា ជាពិសេសផ្តល់នូវឱកាសពេញលេញដល់កុមារី និងយុវនារីកម្ពុជាបានសិក្សារៀនសូត្របានចប់ចុងចប់ដើម។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ ថា
បច្ចុប្បន្នទស្សនៈដែលលើកឡើងថា ស្ត្រីបង្វិលចង្ក្រានមិនជុំនោះ គឺវាហួសសម័យទៅហើយសម្រាប់ប្រជាពលរដ្ឋកម្ពុជាព្រោះថា
ពេលនេះ យើមានស្ត្រីជាច្រើនមានតួនាទីជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងស្ថាប័នព្រឹទ្ធសភា
រដ្ឋសភា និងជាថ្នាក់ដឹកនាំក្នុងវិស័យឯកជនផងដែរ។
លោកជំទាវ មីស៊្ហែល អូបាម៉ា បានថ្លែងអំណរគុណ
និងវាយតម្លៃខ្ពស់ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងស្ថាប័នពាក់ព័ន្ធនានា
ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកជំទាវនៅលើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ពន្ធដែលបានសហការជាមួយអង្គការ
Room to Read ដែលបានជំរុញឱ្យកម្មវិធីអប់រំសម្រាប់កុមារីដែលជាផ្នែកមួយនៃ កម្មវិធី Let Girls Learn ដែលជាការផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកដំណើរ ការប្រកបដោយផ្លែផ្កានៅកម្ពុជា។
លោកជំទាវ មីស៊្ហែល អូបាម៉ា បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកបានចាត់ទុកថាកម្មវិធី
Let Girls Learn មិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាបញ្ហាសន្តិសុខ
និងនយោបាយផងដែរ ដូច្នេះវាចាំបាច់គឺជាអាទិភាពនៃនយោបាយបរទេសមួយ។
លោកជំទាវ មីស៊្ហែល អូបាម៉ា បានកោតសរសើរចំពោះក្មួយជាសិស្សនារីទាំង
១០នាក់ ដែលមានសេចក្តីក្លាហាន និងបានពុះពារគ្រប់ឧបសគ្គក្នុងការរៀនសូត្ររហូតទទួលបានលទ្ធផលល្អ ព្រមទាំងបានបញ្ជាក់ថា
ក្មួយទាំងអស់ គឺជាភ័ស្តុតាងបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជា ហើយក៏ជាមោទនភាពមួយសម្រាប់សហរដ្ឋអាមេរិកផងដែរ ព្រោះថាក្នុងពេលអនាគតក្មួយៗនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ ក្រុមគ្រួសារ
និងសង្គមជាតិ។ មិនតែប៉ុណ្ណោះក្មួយៗនឹងក្លាយជាអ្នកបង្ហាញផ្លូវដល់កុមារីជំនាន់ ក្រោយឱ្យយកគំរូតាម ក្នុងការរៀនសូត្រហើយពួកគេទាំងនោះនិងស្តាប់តាមដំបូន្មានរបស់ ក្មួយ ព្រោះថា
អ្នកទាំងអស់គ្នាជាភ័ស្តុតាងពិតប្រាកដ សម្រាប់ពួកគេទៅថ្ងៃអានាគត។
វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤
លោកគ្រូ អ្នកគ្រូចំនួន ៩៥នាក់ ក្នុងនោះស្រី
៥១នាក់មានអគារសិក្សាចំនួន ៩ខ្នង ស្មើនឹង ៤៦បន្ទប់។
បច្ចុប្បន្ននេះមានសិស្សានុសិស្សសរុប ១.៥៣៥នាក់ ស្រី ៨៦៦នាក់
ស្មើនឹង៥៦% មានថ្នាក់រៀនចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយបែងចែកជា
៣៣ថ្នាក់ ពីរវេនព្រឹក និងថ្ងៃ។ នៅឆ្នាំ២០០៩ សាលាបានសហការអនុវត្តន៍គម្រោងឈ្មោះថា បង្កើនការអប់រំមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា
(IBEC) ជាមួយជំនួយសហរដ្ឋអាមេរិក (USAID) ដែលមានក្រុមស្ម័គ្រចិត្តសន្តិភាព
(PEACE CORPS) ជាអ្នកអនុវត្តnគម្រោងផ្ទាល់ ប៉ុន្តែគម្រោងនេះត្រូវបានបញ្ចប់ក្នុងខែកញ្ញា
ឆ្នាំ២០១៤ ។
គម្រោងនេះបានឧបត្ថម្ភកុំព្យូទ័រ ១៣គ្រឿង សម្ភារសម្រាប់បន្ទប់ពិសោធន៍សម្ភារសម្រាប់បង្រៀនដល់លោកគ្រូ អ្នកគ្រូ
កន្លែងលាងដៃ បន្ទប់បង្គន់អនាម័យ និងធ្វើការបណ្តុះបណ្តាលនូវជំនាញបំណិនមានដូចជា
ការចិញ្ចឹមត្រី វិជ្ជាធ្វើម្ហូបនិងការដាំដំណាំនានា។ នៅឆ្នាំ២០០៥ សាលាក៏បានសហការជាមួយអង្គការ
ឈ្មោះបន្ទប់នៃការអាន (Room to read) ដែលបានជួយឧបត្ថម្ភដល់សិស្សនារីបានជាង ២០០នាក់
ចាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ បច្ចុប្បន្ននេះអង្គការបានផ្តល់អាហារូបករណ៍ដល់សិស្សស្រីចំនួន១០ នាក់
ដែលកំពុងសិក្សានៅថ្នាក់ទី១២ (ដែលមានផ្ទះនៅឆ្ងាយពីសាលា) ដោយក្នុងនោះបានជួយជួលផ្ទះស្នាក់នៅជិតសាលារៀនផ្តល់អាហារ និងសម្ភារសម្រាប់សិក្សាដូចជា
ប៊ិច សៀវភៅ កង់ និងសម្លៀកបំពាក់ផងដែរ។
ទស្សនកិច្ចរបស់លោកជំទាវ មីស៊្ហែល អូបាម៉ា នៅវិទ្យាល័យ ហ៊ុន សែនបាគងជាការឆ្លុះបង្ហាញឲ្យឃើញពីគោលបំណងគាំទ្ររបស់សហរដ្ឋ អាមេរិក
លើវិស័យអប់រំដល់យុវនារីកម្ពុជា និងលើកស្ទួយតម្លៃស្ត្រីក៏ដូចជាការទទួលស្គាល់វិស័យឈានមុខរបស់ កម្ពុជា
លើការងារអប់រំការងារសុខភាព សិទ្ធិស្មើភាពគ្នា និងឱកាសសម្រាប់ស្ត្រី
និងនារីនៅកម្ពុជា។ ទស្សនកិច្ចក៏ជាការជួយលើកតម្កើងដល់ការផ្តួចផ្តើមមួយរបស់សហរដ្ឋ អាមេរិក
គឺកម្មវិធីស្តីពីការឱ្យកុមារីបានរៀនសូត្រ (Let Girls Learn) ដែលជាគោលដៅ
នៃការជួយនារីពេញវ័យទូទាំងសាកលលោកឱ្យរៀនសូត្រ នៅតាមសាលាបានចប់សព្វគ្រប់ និងការបន្តជួយជំរុញឱ្យគោលបំណងរបស់ពួកគេទៅអនាគតបានសម្រេច ផងដែរ។
ការផ្តួចផ្តើមនូវកម្មវិធី Let Girls Learn របស់សហរដ្ឋ អាមេរិកគឺដោយយល់ឃើញថា
មានស្ត្រីប្រមាណ៦២លាននាក់លើសាកល លោកមិនបានចូលរៀន
និងប្រឈមនឹងបញ្ហាសង្គមថែមទៀត។
សូមបញ្ចាក់ដែរថា មុនពេល មកដល់កម្ពុជា លោកស្រីទី១
របស់អាមេរិក មីស្ហ៊ែល អូបាម៉ា បានទស្សនកិច្ចនៅប្រទេសជប៉ុន
ចាប់តាំងពីថ្ងៃពុធ ដោយបានជួបលោកស្រីទី១ របស់ជប៉ុន គឺលោកស្រី អាគី
អាបេ ភរិយាលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្ស៊ូ អាបេ។ ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី
រយៈពេល ៥ថ្ងៃ គឺនៅជប៉ុន និងកម្ពុជា របស់លោកស្រី មីស្ហ៊ែល អូបាម៉ា
បន្ទាប់ពីលោកស្រី និងលោកអូបាម៉ា បើកយុទ្ធនាការមួយ ក្នុងខែមីនានេះ
មានឈ្មោះថា "Let
Girls Learn"។ ជាយុទ្ធនាការ ដើម្បីជួយក្មេងស្រី
ប្រមាណ ៦២ លាននាក់ នៅទូទាំងពិភពលោក ឲ្យបានចូលរៀន
តាមរយៈសកម្មភាពរបស់ក្រុមអ្នកស្ម័គ្រចិត្តអាមេរិក Peace Corp៕

No comments:
Post a Comment