យោងតាមសារលិខិត របស់សម្ដេចតេជោ
ហ៊ុន សែន ចេញផ្សាយថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៥នេះ សម្រាប់ថ្លែងក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង
នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៥ ក្រោមប្រធានបទ
«រកឲ្យឃើញរាល់អ្នកជំងឺរបេង ដាក់ឲ្យព្យាបាលជាសះស្បើយ សម្រាប់ជនគ្រប់រូប» បានឱ្យដឹងថា កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
ក្នុងការប្រយុទ្ធនឹងជំងឺរបេង ដោយកម្ពុជា បានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក ក្នុងកម្មវិធី កំចាត់ជំងឺ របេងយ៉ាងសកម្ម
និងប្រកបដោយ ប្រសិទ្ធភាព បើធៀបកាលពី២០ មុនកម្ពុជា ស្ថិតក្នុងចំណោមប្រទេស
ដែលមានអត្រាអ្នកកើតជំងឺ របេងខ្ពស់ជាងគេក្នុងពិភពលោក។
ក្នុងសារលិខិតដដែល
បានបន្តថា លទ្ធផល ខាងលើដែលរាជរដ្ឋាភិបាលសម្រេច បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង
ក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យសុខភាព ប៉ុស្ដិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស។ លើសពីនេះទៀត ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ
ដែលកិច្ចការនេះមានការ រីកចម្រើនគួរឲ្យគត់សម្គាល់និងជាហេតុធ្វើឲ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង។
ក្នុងនោះអត្រាស្លាប់ បានថយចុះពី១៥៧ករណីក្នុងចំណោមប្រជាជន ១០០.០០០ នាក់នៅឆ្នាំ១៩៩០មកដល់៦៦ករណីក្នុងចំណោមប្រជាជន១០០.០០០
នៅក្នុងឆ្នាំ២០១៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥៨ភាគរយ។
ចំនួនតួលេខនេះនៃការថយចុះនេះ
បានបង្ហាញឲ្យឃើញថា កម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍សហសវត្សរ៍រួចហើយ ដែល កំណត់ត្រឹមតែ៥០
ភាគរយនៅចុងឆ្នាំ២០១៥នេះ។ រីឯអត្រាឈឺ(ប្រេវ៉ាឡង់) បានធ្លាក់ចុះពី១៦៧០ ករណីក្នុងចំណោមប្រជាជន
១០០.០០០ នាក់នៅឆ្នាំ១៩៩០មកដល់ ៧១៥ករណីក្នុងចំណោម ប្រជាជន ១០០.០០០ នាក់នៅឆ្នាំ២០១៣ ដែលស្មើនឹង៧៥ ភាគរយធៀបនឹងគោលដៅ៥០ភាគរយ
នៅចុងឆ្នាំ២០១៥នេះ។ ដែលនេះគឺជាការសម្រេចគោលដៅអភិវឌ្ឍន៍សហវត្សរ៍ពាក់ព័ន្ធនឹងអត្រាឈឺនេះរួចមុនកាលកំណត់។
ជោគជ័យរបស់កម្ពុជា ក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះអាចសម្រេចបាន។
ប៉ុន្តែទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ
ក៏សម្តេចយល់ថា ប្រទេសកម្ពុជាយើងនៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ
បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅតែមិនដឹងថាគេមានរោគរបេងនេះ។
បញ្ហានេះតំរូវឲ្យយើងខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យបានច្រើនថែមទៀត
នូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង និងឈានទៅលុបបំបាត់ជំងឺនេះពីក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖
ច័ន្ទ ទេវី
.jpg)


No comments:
Post a Comment