ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីស្តីទីក្រសួងសន្តិសុខ
សាធារណៈ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកមិញនេះ បានសន្យាថានឹងបន្តគាំទ្រ
ជំរុញ និងសហការជួយដល់ គណៈកម្មាធិការ ចំរុះត្រួតពិនិត្យព្រំដែន ដែលជាបង្គោល
បណ្តោះអាសន្នកន្លងមក ឲ្យក្លាយ ទៅជាបង្គោលព្រំដែនអចិន្ត្រៃយ៍ ស្របតាមកិច្ចព្រមព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា-ឡាវ
ស្តីពី ការកំណត់ព្រំដែន នៃប្រទេសទាំងពីរ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៥
ខែវិច្ឆិកា ឆ្នាំ២០០៩ និងតាមការជួបពិភាក្សាគ្នា រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ
ព្រមទាំងបន្តការដោះស្រាយបញ្ហាការបោះបង្គោលព្រំដែន ឲ្យសម្រេច ជាស្ថាពរតាមផែនការដែលរាជរដ្ឋាភិបាល
នៃប្រទេសទាំងពីរ បានកំណត់ និងគាំទ្រចំពោះកិច្ចការ រក្សាការពារបរិស្ថាននៅតាមបណ្តោយព្រំដែន។
ក្រៅពីកិច្ចការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ
កម្ពុជា-ឡាវ នៅក្នុងកិច្ចព្រមព្រៀង នៅថ្ងៃទី២៣ ខែមីនានេះ ភាគីទាំងពីរ
ក៏បានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងគ្រឿងញៀនតាមព្រំដែន, បន្តការពារព្រំដែន និងការចេញ-ចូលតាម ព្រំដែន, បន្តការពារសន្តិសុខ
និងរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមតាមតំបន់ព្រំដែន, បន្តរួមគ្នាទប់ស្កាត់
ការជួយដូរមនុស្ស ជួយដូរអាវុញ និងរួមគ្នាទប់ស្កាត់កុំឲ្យមានភេរវកម្មឆ្លងដែន។
មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរ នៅតែបន្តធ្វើការផ្លាស់ប្តូរគណៈប្រតិភូបំពេញទស្សនកិច្ចការងារ, បន្តសហការគ្នាពង្រឹង
វិស័យអប់រំ ជាដើម។
ជាមួយគ្នានោះដែរ
ក្នុងកិច្ចព្រមព្រៀងនោះ ភាគីកម្ពុជា-ឡាវ នឹងជំរុញទៅដល់អភិបាលខេត្ត
ជាប់ព្រំដែនទាំងពីរផ្លាស់ប្តូរ គ្នាធ្វើម្ចាស់ផ្ទះការរៀបចំកិច្ចជុំពាក់ព័ន្ធបញ្ហាសន្តិសុខ
និងសណ្តាប់ធ្នាប់ផ្សេងៗក្នុង ១ឆ្នាំម្តង, ថ្នាក់នគរបាលខេត្ត
១ឆ្នាំម្តង,
ថ្នាក់នគរបាលស្រុក ១ឆ្នាំម្តង, ថ្នាក់នគរបាលប៉ុស្តិ៍
និងនគរបាលមូលដ្ឋាន ៣ខែម្តង និងថ្នាក់នគរបាលចក្រទ្វារព្រំដែនគ្រប់ប្រភេទជួបគ្នា
១ខែម្តង។
គួរបញ្ជាក់ថា ពិធីចុះកិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ
នៃព្រះរាជាណាចក្រកម្ពុជា និងឡាវធ្វើឡើង ក្នុងពេលដែល ឯកឧត្តម ស៊ុមកែវ
ស៊ីឡាវង្ស ដឹកនាំប្រតិភូ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ
អញ្ញើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃ ចាប់ពី២២-២៥ ខែមីនា ឆ្នាំ២០១៥
នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment