
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បានកោតសរសើចំពោះការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ ក្រសួងអប់រំយុវជន និងកីឡា ដោយចាត់ទុថា ជាវេទិការជួបជុំសម្រាប់ប្រមូលផ្តុំនូវធាតុចូល ដើម្បីកែទម្រង់ និងលើកកំពស់ការបណ្តុះបណ្តាលធនធានមនុស្ស។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងអប់រំយុវជន និងកីឡា ដែលប្រព្រឹត្តធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅឆ្លុះបញ្ចាំងឱ្យឃើញ នូវការបន្តយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំយុវជន និងកីឡានៅកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏ល្អសម្រាប់អ្នកជំនាញអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យអប់រំ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ព្រមទាំងការអនុវត្តល្អៗសម្រាប់ជាធាតុចូល ក្នុងការបង្កើនប្រសិទ្ធភាពថែមទៀតនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងសម្រាប់លើកទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំសិក្សាថ្មី ឱ្យបានកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ទាំងចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសីលធម៌។
នៅក្នុងការរៀបចំសន្និបាតបូកសរុបការងារ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ នេះក្រសួងអប់រំយុវជន និងកីឡា បានសំរេចដាក់ចេញនូវគោលនយោបាយចំនួន៧ ចំនុចដើម្បីពង្រឹងវិស័យអប់ នៅកម្ពុជារយៈពេល៤ឆ្នាំ។ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងក្នុងសន្ទរកថាថា ការដាក់ចេញនូវគោលនយោបាយទាំង ៧ចំណុចនេះ គឺដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំនៅកម្រិតមធ្យមសិក្សា និងក្រោយមធ្យមសិក្សាប្រកបដោយគុណភាព។ គោលនយោបាយទាំង៧ ចំណុចនោះរួមមាន ការអប់រំលើកុមារតូច ការអប់រំថ្នាក់បឋមសិក្សា ការអប់រំថ្នាក់មធ្យមសិក្សា និងអប់រំបច្ចេកទេស ការអប់រំថ្នាក់ឧត្តមសិក្សា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឈយុវជន ព្រមទាំងការអប់រំកាយ និងកីឡាផងដែរ។
ឯកឧត្តម ហង់ ជួន ណារ៉ុន ក៏បានបញ្ជាក់បន្ថែមទៀតថា ការដាក់ចេញនូវគោលនយោបាយ
ទាំង៧ ចំនុចរបស់ក្រសួងអប់រំនៅពេលនេះ គឺសំដៅផ្តល់ការយកចិត្តទុកដាក់លើការបំពេញការងារគណនេយ្យភាព និងលទ្ធភាពច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាល និងអាទិភាពអប់រំនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឈន៍ជាតិ ២០១៤-២០១៨។
គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ក្រសួងអប់រំយុវជន និងកីឡា ខិតខំកសាងអគារ សិក្សានៅទូទាំងប្រទេស ដែលក្នុងនោះលទ្ធផលសំរេចបានទាំងសាលារៀនចំណេះទូទៅ សាធារណៈ និងឯកជនសរុបចំនួន ១២៨៦៣ ក្នុងនោះរួមមាន សាលាមត្តេយ្យសិក្សាចំនួន ៣៦៧៨ សាលាបឋមសិក្សាចំនួន ៧៣៤៦ អនុវិទ្យាល័យចំនួន ១២៩៥ និងអនុវិទ្យាល័យចំនួន ៥៤២។ ចំនែកឯគ្រឹះស្ថានឧត្តមសិក្សាមានចំនួន១១០ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន៤៣ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមាន៦៧ ដែលមានទីតាំងសិ្ថតនៅតាមរាជធានី ខេត្តចំនួន១៩។
ចំណែកសិស្សដែលបានចូលសិក្សាទាំង សាលារដ្ឋ និងសាលាឯកជនពីមតេ្តយ្យសិក្សា ដល់មធ្យមសិក្សាមានចំនួន ៣ ១១២ ៩៦៩នាក់ ក្នុងនោះមានសិស្សស្រី ១ ៥២០ ៣១១នាក់ ស្មើនឹង៤៨,៨%។ រីឯនិស្សិតចាប់ពីបរិញ្ញាបត្ររងដល់ថ្នាក់បណ្ឌិតមានចំនួន ២៤៩ ០៩២នាក់ នារី ១០៣ ៦៦១នាក់ ស្មើនឹង៤១,៦%។
ជាមួយគ្នានោះដែរ ក្រសួងមានគ្រូអក្ខរកម្មចំនួន១ ២១១នាក់ ក្នុងនោះមានស្រី ៤៨៣នាក់ និងមានអ្នកចូលរៀនចំនួន ២៦ ៦០១នាក់ ស្រ្តីមានចំនួន៦៧,៧%។
ឯកបណ្ឌិតសភាចារ្យ សុខ អាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស-និស្សិត សហគមន៍ សប្បុរសជន និងអាជ្ញាធរដែនដីទូទាំងប្រទេស ព្រមទាំងអង្គការជាតិ និងអន្តរជាតិ និងបណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញការងារក្នុងឆ្នាំសិក្សាកន្លងទៅនេះប្រកបដោយជោគ ជ័យ។
ឯកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ការចូលរួមចំណែក និងការជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋាន គឺជាសក្ខីកម្មបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ត «ការអប់រំសម្រាប់ទាំងអស់គ្នា ហើយទាំងអស់គ្នាសម្រាប់ការអប់រំ» ឱ្យកាន់តែល្អប្រសើរថែមទៀត។ ដើម្បីជាធាតុចូលបន្ថែមលើប្រធានបទពិភាក្សាទាំង២១ ដែលក្រសួងអប់រំដាក់ចេញក្នុងឱកាសថ្លែងបើកសន្និបាត ឯកបណ្ឌិតសភាចារ្យ សុខ អាន បានផ្តល់ជូននូវអនុសាសន៍ចំនួន ១២ចំណុចសម្រាប់សមាជិកអង្គសន្និបាតធ្វើការពិភាក្សាផងដែរ។ ខ្លឹមសារអនុសាសន៍ទាំងនោះរួមាន៖
ទី១-ដើម្បីអនុវត្តឱ្យបានសម្រេចគោលដៅ អប់រំជាតិ និងគោលដៅសហស្សវត្សដែលតម្រូវឱ្យប្រទេសនីមួយៗខិតខំរំដោះ អនក្ខរភាពឱ្យបានសម្រេចជាស្ថាពរនៅឆ្នាំ២០១៥ នេះ ក្នុងក្របខ័ណ្ឌនៃ «ការអប់រំសម្រាប់ទាំងអស់គ្នា» ការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាការងារដ៏មានសារៈសំខាន់។ ហេតុនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត គួរខិតខំថែមទៀត ក្នុងការជំរុញកុមារដល់វ័យសិក្សា កុមារលើសអាយុសិក្សា និងកុមារបោះបង់ចោលការសិក្សា កុមារ និងយុវជននៅក្រៅសាលារៀន ព្រមទាំងកុមារនិងយុវជនដែលទទួលរងគ្រោះពីការរំលោភបំពាន និងអំពើហិង្សាជាដើម ឱ្យបានទទួលសេវាអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឡើងវិញ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់សិស្ស-និស្សិតក្រីក្រ ដើម្បីធានាឱ្យបាននូវការទទួលបានការអប់រំ ប្រកបដោយសមធម៌។
ទី២-គួរបន្ត និងបង្កើនកិច្ចសហការល្អបន្ថែមទៀតជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការអប់រំ ណែនាំ កែលម្អ និងទប់ស្កាត់បានទាន់ពេលវេលា កុំឱ្យក្មួយៗសិស្សានុសិស្ស និងយុវជនធ្លាក់ក្នុងអំពើអសកម្មជាយថាហេតុណាមួយ សំដៅបង្កើនការអនុវត្តចលនារបស់កុមារ យុវជន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ»។
ទី៣-លើកកម្ពស់ការកសាងហេដ្ឋា រចនាសម្ព័ន្ធ សម្ភារៈបង្រៀន និងរៀន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអប់រំ ជាពិសេសគប្បីយកចិត្តទុកដាក់ដល់ការផ្គត់ផ្គង់សៀវភៅសិក្សា គ្រប់មុខវិជ្ជាឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា ចាប់ពីកម្រិតមត្តេយ្យរហូតដល់ឧត្តមសិក្សា។
ទី៤-គប្បីផ្តោតឤទិភាពលើគុណភាពអប់រំ ជាចម្បង។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិង មន្ត្រីរាជការទាំងអស់របស់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមយ៉ាងសកម្មក្នុងការងារកំណែទម្រង់និងអភិវឌ្ឍវិស័យអប់រំ បន្ថែមទៀត ប្រកបដោយឆន្ទៈពិតប្រាកដ និងភាពជាម្ចាស់ ដោយហេតុថា វិស័យនេះគឺជាវិស័យគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍវិស័យដទៃៗទៀត។ ដូចនេះ ក្រសួងគួរបន្តយកចិត្តទុកដាក់ធ្វើវិក្រឹតការគ្រូបង្រៀន ដើម្បីបន្តកសាងសមត្ថភាពវិជ្ជាជីវៈ សំដៅលើកកម្ពស់គុណភាពអប់រំបន្ថែមទៀត ដើម្បីធ្វើឱ្យសិស្ស-និស្សិតបញ្ចប់ការសិក្សាទទួលបានភាពប្រកួតប្រជែង នៅក្នុងទីផ្សារការងារ។
ទី៥-ចំពោះគ្រឹះស្ថានឧត្តមសិក្សា គួរលើកកម្ពស់ការសិក្សាស្រាវជ្រាវ ប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ហើយលទ្ធផលនៃការស្រាវជ្រាវត្រូវទទួលការលើកទឹកចិត្តឱ្យបោះពុម្ភក្នុង ទិនានុប្បវត្តិវិទ្យាសាស្រ្ត ជាពិសេសទិនានុប្បវត្តិវិទ្យាសាស្រ្តក្នុងតំបន់និងអន្តរជាតិ។ ដើម្បីធានាឱ្យមានគុណភាពខ្ពស់និងការបោះពុម្ភផ្សាយជាអន្តរជាតិ ឯកសារស្រាវជ្រាវគួរត្រូវបានត្រួតពិនិត្យដោយអ្នកឯកទេសឯករាជ្យ លើប្រធានបទស្រាវជ្រាវនោះ។ លើសពីនេះ អ្នកសិក្សាស្រាវជ្រាវគួរប្រកាន់ខ្ជាប់ ជានិច្ចនូវសីលធម៌អាជីពរបស់ខ្លួនម្នាក់ៗ ដើម្បីជៀសវាងឱ្យបាននូវការប្រើប្រាស់ស្នាដៃរបស់អ្នកស្រាវជ្រាវ ដទៃទៀត ដែលពុំបានផ្តល់នូវប្រភពត្រឹមត្រូវ និងសេចក្តីទុច្ចរិតក្នុងការសិក្សាស្រាវជ្រាវ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា សកម្មភាពនៃការសិក្សាស្រាវជ្រាវនេះនឹងពិតជារួមចំណែកដល់ការផ្សព្វ ផ្សាយនូវគុណភាពនៃការអប់រំនៅកម្ពុជា នៅលើឆាកអន្តរជាតិ។
ទី៦-គួរបន្តយកចិត្តទុកដាក់លើការកែលម្អ ជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារអប់រំឱ្យកាន់តែប្រសើរថែមទៀត។
ទី៧-ខ្ញុំសូមអំពាវនាវដល់ស្ថាប័នជាតិ និងអន្តរជាតិ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលបំពេញការងារក្នុងវិស័យអប់រំ មេត្តាពិនិត្យលើឤទិភាពសំខាន់ក្នុងផែនការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល និងបន្តផ្តល់ការគាំទ្រថែមទៀត តាមសមត្ថកិច្ច និងលទ្ធភាពរបស់ខ្លួនទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងសម្ភារៈ។
ទី៨-ចំពោះគ្រឹះស្ថានឧត្តមសិក្សា គួរបន្ដកៀរគរបញ្ញវ័ន្ដកម្ពុជា ដែលមានសញ្ញាបត្រខ្ពស់ ជាពិសេស សញ្ញាបត្រថ្នាក់បណ្ឌិតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាប្រកបដោយគុណភាពខ្ពស់ តាមរយៈការបង្រៀន និងការសិក្សាស្រាវជ្រាវ។
ទី៩-គួរយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា សំដៅអភិវឌ្ឍយុវជន ទាំងខាងចំណេះដឹង ចំណេះធ្វើ បំណិនជីវិត សុខភាព កាយសម្បទា និងសីលធម៌ (Soft Skills) ឱ្យក្លាយទៅជាមូលធនមនុស្ស ប្រកបដោយសក្តានុពល និងធានាបាននូវការបង្កើតកាលានុវត្តភាពការងារសម្រាប់យុវជន ជាពិសេសតាមរយៈការបង្កើតវេទិកាស្វែងរកការងារសម្រាប់យុវជន។
ទី១០-ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគួរ បង្កើតយន្តការសម្របសម្រួល ដើម្បីបញ្ជៀសឱ្យបានជាអតិបរមានូវភាពត្រួតជាន់គ្នានៃការងារសំដៅ បង្កើនប្រសិទ្ធភាព និងគុណភាពនៃការអប់រំ និងបណ្ដុះបណ្ដាល ឱ្យកាន់តែខ្ពស់ថែមទៀត។
ទី១១-ក្រសួងអប់រំ យុវជន និងកីឡា គួរសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានមុខវិជ្ជាស្ពានចម្លង (Bridging Courses) សំដៅអនុញ្ញាតឱ្យសិស្សផ្នែកអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាចបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបាន។
ទី១២-គួរជំរុញការអភិវឌ្ឍកម្មវិធី សិក្សាជាប្រចាំ និងបង្កើនការផ្សារភ្ជាប់ការអប់រំទៅនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការបង្រួមឱ្យបានជាអតិបរមានូវគម្លាតរវាងការផ្តត់ផ្តង់ និងតម្រូវការជំនាញក្នុងទីផ្សារការងារ។ នេះគឺទាមទារឱ្យមានការកែទម្រង់ស៊ីជម្រៅនៃប្រព័ន្ធអប់រំនៅកម្រិតឧត្តម សិក្សា ជាពិសេសការពង្រឹងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់ សំដៅជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ ទាំងឯកជន ផ្តល់ការបណ្តុះបណ្តាលមានគុណភាពខ្ពស់ ដើម្បីបង្កើនផលិតភាព (Productivity) និងកាលានុវត្តភាពការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សា អាចរកការងារធ្វើបាន។ គុណភាពនៃការអប់រំ និងបណ្ដុះបណ្ដាលពិតជាជំរុញផលិតភាព ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនប្រាក់ឈ្នួល និងការធ្វើពិពិធកម្មសេដ្ឋកិច្ច សំដៅបង្កើនភាពប្រកួតប្រជែងឱ្យកាន់តែខ្ពស់ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដែលនឹងចាប់ដំណើរការនៅចុងឆ្នាំ២០១៥ នេះ។
មានចំណាប់អារម្មណ៍ក្នុងពិធីបើកសន្និបាត អប់រំនេះដែរ លោកជំទាវ អាន ឡឺមេស (Ann Lemaistre) ប្រធានក្រុមការងារវិស័យអប់រំ (ESWG) និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានគាំទ្រ និងកោតសរសើចំពោះដំណើរការកំណែទម្រង់របស់ក្រសួងអប់រំនាពេលកន្លងមក និងបានសម្តែងការសង្ឃឹមថា កម្មវិធីកំណែទម្រង់ទៅមុខទៀតនឹងបានជោគជ័យ៕


No comments:
Post a Comment