
ចេញផ្សាយថ្ងៃ: ( ២៥ - មិនា - ២០១៥ )
នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីប្រកាសបើកកម្មវិធី «កិច្ចសន្ទនាជាមួយព្រះគ្រូ Sri Sri Ravi Shangkar ស្តីពីការជំរុញក្រមសីលធម៌ផ្នែកធុរកិច្ចការអភិវឌ្ឍខ្លួន ការរស់នៅដោយក្តីរីករាយ និងការប្រកាសបើកទិវា Yoga អន្តរជាតិ» ដែលជាកម្មវិធីសហការរៀបចំដោយអង្គការThe Art of Living និងស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងកម្មវិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា ខ្ញុំគិតថា កម្មវិធីដែលរៀបចំដោយអង្គការ The Art of Living នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក ជាពិសេសនៅក្នុងបរិបទសង្គមបច្ចុប្បន្ន ដែលទាមទារឱ្យមានល្បឿនលឿន និងផ្តល់សារៈសំខាន់លើការងារការប្រកួតប្រជែង និងភាពឥតខ្ចោះ។ វាគឺជាកម្មវិធីពិសេស ព្រោះថា នៅជាមួយយើងទាំងអស់គ្នានៅទីនេះ យើងមានវត្តមានរបស់ ព្រះគ្រូ Sri Sri Ravi Shangkar ដែលជាមេដឹកនាំលក្ខណៈសាសនា និងមនុស្សធម៌ដ៏ល្បីល្បាញប្រកបដោយទស្សនវិស័យ ផ្តោតលើពិភពលោកមួយដែលគ្មានអំពើហិង្សា និងគ្មានស្រ្តេស (stress) ហើយគំនិតផ្តួចផ្តើមរបស់ព្រះគ្រូ រួមមាន ការដោះស្រាយជម្លោះ ការកាត់បន្ថយស្រ្តេស ការកាត់បន្ថយភាពក្រីក្រ និងការសិក្សាសម្រាប់ទាំងអស់គ្នា ដើម្បីចែករំលែកនូវទស្សនាទាន បែបទស្សនៈវិជ្ជា ចំពោះជីវិតដែលគាត់បាន និងកំពុងផ្តល់ដល់ពិភពលោកអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈនយោបាយឈ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងនូវរចនាសម្ព័ន្ធនយោបាយ និងយោធានៃរបបខ្មែរក្រហមនៅឆ្នាំ១៩៩៨ ប្រទេសយើង (កម្ពុជា) បាននិងកំពុងទទួលនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនៅពាសពេញផ្ទៃប្រទេសដែលមិនដែលធ្លាប់មាននៅក្នុង ប្រវត្តិសាស្រ្ត៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។
ជាមួយនឹងស្ថានភាពអនុគ្រោះទាំងនេះ រាជរដ្ឋាភិបាលបានឈានទៅរៀបចំគោលនយោបាយផែនការ និងយុទ្ធសាស្រ្តនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនជាបណ្តើរៗ ដើម្បីលើកកម្ពស់សេចក្តីសុខរបស់ប្រជាជន រាជរដ្ឋាភិបាលបានធ្វើការវិនិយោគយ៉ាងច្រើនទៅលើវិស័យសុខាភិបាលសាធារណៈ និងមជ្ឈមណ្ឌលកីឡ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ Art of living បានឲ្យដឹងថា អង្គការ Art of living ប្រចាំនៅកម្ពុជា ជាអង្គការមានប្រភពដើមមកពីប្រទេសឥណ្ឌាមិនរកកម្រៃ និងផ្តល់ការធ្វើលំហាត់ប្រាណដែលមិនត្រឹមតែធ្វើឲ្យមានសុខភាពល្អទេ តែនឹងជួយធ្វើឲ្យមនុស្សចេះគ្រប់គ្រងសតិអារម្មណ៍បានល្អផងដែរ។ អង្គការ Art of Living មានវត្តមាននៅ ១៥៤ ប្រទេសទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ៕

No comments:
Post a Comment