Tuesday, June 25, 2013

អត្ថបទ​វិភាគ​នយោបាយ៖ ល្បែង​ពាល​ស៊ីពាល ពាក្យ​ចាស់​លោក​ពោល​ថា «នាង​រត់រក​អ្នក​ រីឯ​មីខាត​លក្ខណ៍រត់​រក​អាបាក់​អន្សា»

ការវាយប្រហារ ហែកហួរ បរិហារកេរ្តិ៍គ្នាតាមរយៈពាក្យសម្តីដ៏អសុរោះ ​ រវាងមេបក្ស​ប្រឆាំង​ពីរ​រូប​​​ ដែល​ដឹកនាំ​ដោយ កឹ​ម សុខា និង សម រង្ស៊ី  គឺមហា​ជនបានដឹង​​ច្បាស់ហើយនូវ​គំនិត​មាយាទ​អាក្រក់របស់​អ្នកទាំងពីរនេះ​ និង​បាន​ចាត់​ទុកសកម្មភាព​របស់​​ពួកគេថា បាន​ និង​កំ​ពុង​តែបញ្ចេញ​នូវពុត​ត្បុត​អាក្រក់​ដ៏ឥតអៀន​ខ្មាស់។​

 បើមេបក្សប្រឆាំង​ទាំងពីររូបស្ថិតក្នុង​ភាព​មិន​ទុកចិត្តគ្នាយ៉ាង​នេះ​ តើគណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​បង្កើត​ឡើង​នេះ​ ដើម្បីសង្រ្គោះ​​ជាតិពិត​ប្រាកដ ឬ​ក៏ដើម្បី​បំផ្លាញជាតិ?

សម​ រង្ស៊ី ធ្លាប់បានលើក​ឡើងអំពី​​ទង្វើ​​អាក្រក់​របស់​កឹម សុខា​ទាក់ទងនឹង​អំពើ​ពុក​រលួយ​កាល​ពីគាត់នៅជាប្រធាន​អង្គការ​សិទ្ធិមនុស្ស គឺធ្លាប់​បាន​ចោទ កឹម សុខា ថា មាន​ការ​កេង​ប្រវ័ញ្ចយ​ក​លុយ​កាក់ពី​​ម្ចាស់ជំនួយមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ហើយ​រឿងដ៏​អាក្រក់​មួយ​ទៀត​នោះគឺ កឹម សុខា​ ធ្លាប់​បាន​ធ្វើ​ជា​ចោរលួចអង្ករបស់រដ្ឋ​​ កាលពីប្រទេស​ទើបតែរំដោះចេញ​ពី​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត។​កាល​នោះ ប្រជា​ជន​​កម្ពុជាកំពុង​ជួបនឹងភាពអត់ឃ្លាន នេះ គឺជាភាពអមនុស្សធម៌មួយ​ដែល​ពលរដ្ឋ​​មិន​អាច​​អត់ឱន​ឲ្យបាន។

ម៉្យាងវិញទៀត កឹម សុខា ពេលដែល​ខ្លួនបា​ន​ប្រមូលលុយ​កាក់​ពីអង្គ​ការ​​បានសម​ល្មម​ អាច​នឹង​​បើ​ក​គណ​​បក្សបានហើយ ខ្លួនក៏ចាប់​ផ្ដើម​បង្កើត​​​​គណបក្ស​មួយ​ឈ្មោះ​​​​គណបក្សសិទ្ធិមនុស្ស ដែល​មហា​ជន និងសម រង្ស៊ីបានហៅ​កឹម សុខា​ថា ​ជាជនឆ្លៀត​ឱ​កាស​ រឺហៅ​ម្យ៉ាង​ទៀត​ថាជា​«ត្រី​ងៀត​ឆ្លៀត​ពង» ដោយសា​តែឃើញរាល់​ទង្វើរដ៏អាក្រក់​របស់ កឹម សុខា​​ នេះហើយ ទើបសម រង្ស៊ីប្រកាស​ម្ដងហើយ​ម្ដង​ទៀត​យ៉ាង​ដាច់ខាតថា មិន​បង្រួប​បង្រួម​​ជាមួយកឹម​ សុខាជាដាច់ខាត។ រីឯកឹម សុខា​វិញបាន​ដាក់​ឈ្មោះឲ្យសម រង្ស៊ីថា ជាមេបក្ស​ប្រឆាំង​មានជើងមិនជាប់ដី មិនចេះ​ប្រឈមមុ​ខ​នឹង​​ការពិត បក្ស​ពួកនិយម គ្រួសារនិយម ល្បីថា​មានចំណេះខ្លះដែរ​ តែមិន​ចេះ​គិត ខ្លួនជា​អ្នក​​ចូល​រួម​បង្កើត​​ច្បាប់ក្នុង​រដ្ឋ​សភា តែបែរទៅ​ជា​ប្រព្រឹត្ត​ផ្ទុយខុសនឹង​ច្បាប់ទៅ​វិញ គឺទៅនាំប្រ​ជា​ពល​រដ្ឋឱ្យទៅ​ដក​តម្រុយ​បង្គោល​​ព្រំដែន​កម្ពុជា-​វៀតណាម​ ហើយបានរត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស និង​បានដើរ​ស្រែក​បង្អើល​អន្តរជាតិថា រាជរដ្ឋាភិបាល​ខ្លាចគាត់ និង​មិន​ហ៊ាន​អោយ​គាត់ (សម រង្ស៊ី) ចូល​ស្រុក មិនត្រឹម​តែប៉ុណ្ណោះ ​កឹម​ សុខា​ បាន​ហៅ​សម រង្ស៊ី​ថា​ ជា​មនុស្សល្ងង់​ស្រេកឃ្លាន​នឹង​អំណាចសម្លឹង មិន​បានវែងឆ្ងាយ។​

ជាការ​ពិតណាស់ ពួកគេ​ទាំង​ពីរ​ប្រៀប​បីដូច​ជាកីឡាក​រអញ្ចឹង​ មា​នន័យថា សម រង្ស៊ី ព្យាយាម​ញាក់បាល់ ប៉ុន្តែបែរជា​ទាត់​ចូល​​ទីខ្លួនឯង រីឯ កឹម សុខា វិញ​បាននឹង​កំពុង​ប៉ែងជើង សម រង្ស៊ី ឲ្យដួលផ្កាប់មុខ។​ ដើម្បី​ស្វះស្វែងរកឱកាសចូល​ស្រុក​ សម ​រង្ស៊ី ក៏បាន​ព្យាយាម​បន្ទន់​ឥរិយា​បទ ជាមួយ​​ ​កឹម សុខា​ ដោយ​យល់ព្រមបង្រួប​បង្រួមគ្នា​​ទាំងសោកស្តាយជាទីបំផុត ដោយ​រំ​ពឹង​ថា នឹង​ដណ្តើម​ជោគ​ជ័យ​លើ​គណ​បក្ស​ប្រជាជន​​កម្ពុជា ប៉ុន្តែ សកម្មភាពនយោបាយរបស់ សម រង្ស៊ី កាន់​តែខ្សោះខ្យល់ទៅៗ និង​កាន់​តែអាក្រក់​បំ​ផុត​សម្រាប់រូបគាត់ (សម រង្ស៊ី) ។​​ ក្រោយ​មក​ទើប​ដឹង​ថា​​ កឹម សុខា ឆ្លៀត​ប្រើយុទ្ធវិធី« ពស់​លេប​កង្កែប» ។ ​ចំណែក​ឯ កឹម សុខា វិញ រាប់​ចាប់​តាំង​​ពី​ខ្លួននិងសម រង្ស៊ី​​ព្រម​បង្រួប​បង្រួមគ្នា បុគ្គលរូប​នេះ​បាន​កើតរឿងសង្ស័យជាប់ជានិច្ចថា ហេតុ​អ្វី​​​បានជា​បុគ្គល​ដែល​ធ្លាប់តែមាក់ងាយខ្លួន បែរទៅ​ជា​ព្រម​បន្ទន់​ឥរិយាបថស្រួលៗបែបនេះ​។ ហេតុនេះ​ មហា​ជន​​ក៏​បាន​មើលឃើញ​យ៉ាងច្បាស់ថា ដោយ​សារ​តែ​ភាព​សង្ស័យ​នេះហើយ ទើបភ្លាមៗ កឹម សុ​ខា ​មិន​ព្រម​លា​លែង​ពី​ដំណែងជាប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ព្រោះ​ខ្លួនខ្លាច សម រ​ង្ស៊ី ចូល​ស្រុក​វិញ​បាន​ ពេលនោះ​ប្រាកដជា «ប្រាក់ក៏បង់ថង់ក៏ដាច»។

ប៉ុន្តែដោយ​សារតែថ្មីៗនេះសម រង្ស៊ីបាន​ប្រកាស​ម្តង​ទៀតថា ​​យុទ្ធសាស្ត្រឈ្នះ‑ឈ្នះ គឺខ្លួនមិន​ចូល​រួម​ការបោះ​ឆ្នោត​ ដូច្នេះហើយជា​ឱកាសដ៏ល្អកម្ររកបាន ត្រូវធ្លាក់ចូលក្នុង​ដៃ​របស់កឹម សុខា​ពិត​ប្រាកដ។​

ភាព​ក្រឡិចក្រឡុចរបស់​មេបក្សប្រឆាំងទាំងពីររូប​ គឺពួក​គេ បាន និង​កំ​ពុង​តែកើតមាន​នូវ​ភាព​មន្ទិល​សង្ស័យ​ ការមិន​ទុកចិត្តគ្នា​ទៅ​វិញ​ទៅ​មកកាន់​តែខ្លាំង​ឡើងៗ ហើយ​ភាព​ប្រេះ​ស្រាំ និង​ការ​បែក​បាក់ក៏​បានចាប់​ផ្តើមកើតមានជាបន្តបន្ទាប់​​​ផងដែរ ។ ​នេះហើយ គឺជា « ល្បែង​​ពាល​ស៊ីពាល​» របស់​អ្នក​ទាំង​ពីរ។
អត្ថបទដោយៈ សៀន វិបុត្រ

No comments:

Post a Comment