Tuesday, June 25, 2013

បទវិភាគៈ ពលរដ្ឋ​​ខ្មែរ​​គ្មាន​​ជំនឿ​​លើ​​គណ​បក្ស​​ប្រឆាំង

រដូវកាលបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ បានខិតជិតមកដល់ គណបក្សនយោបាយទាំងអស់ នៅកម្ពុជា ក៏បាននិងកំពុងមមាញឹកស្វះស្វែងរកបេក្ខជនមានសមត្ថភាព និង​មាន​ប្រជាប្រិយភាពគ្រប់ ច្រកល្ហកដើម្បីយកមកបង្ហាញ និងបង្អួតដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការត្រៀមលក្ខណៈដណ្តើមជ័យជំនះ សម្រាប់ការ បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ ឆ្នាំ២០១២ នាពេលខាងមុខ ។

ប៉ុន្តែរឿងគួរឲ្យសោកស្តាយ គឺក្រុមគណបក្សជំទាស់ទាំងអស់នោះ ពុំមានលទ្ធភាព និងសមត្ថភាព គ្រប់គ្រាន់​អាច​ទាក់​ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរឲ្យ​ជឿជាក់​លើគោល​នយោបាយ និងមេដឹកនាំរបស់ខ្លួន ទើបក្លាយជាឧបសគ្គយ៉ាងខ្លាំង លើការស្វែងរកបេក្ខជនមកប្រកួតប្រជែងនៅលើទីលានប្រជាធិបតេយ្យ នៃការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់នេះ ។

បើយើងពិនិត្យមើលឲ្យបានដិតដល់ នឹងកាន់តែស៊ីជំរៅទៅលើក្រុមគណបក្សជំទាស់ទាំងអស់នោះ យើងនឹងឃើញភ្លាមគឺពួកគេខ្វះខាតសព្វបែបយ៉ាងដូចជា គោល​នយោបាយ​ល្អ មេដឹកនាំដែលអាចទុក ចិត្តបាន ពិសេសភាពទទួលខុសត្រូវនៅមានកម្រិត នៃក្រុមការងារទ្រទ្រង់គណបក្សរបស់ពួកគេនៅតាម បណ្តាខេត្ត/រាជធានី។

ដោយឡែកចំពោះក្រុមគណបក្សជំទាស់ដែលទើបបង្កើតថ្មីថ្មោង នៅមានភាពស្ទាក់ស្ទើរយ៉ាងខ្លាំង ក្នុង​ការចំណាយ ពីព្រោះ​ពួកគេ​ដឹងច្បាស់​ថានឹងមិន​ទទួល​បានការ​គាំទ្រ​ច្រើនពីប្រជាពលរដ្ឋទេ ដែលអាច ធ្វើឲ្យខាតបង់ថវិកាឥតប្រយោជន៍ ជាពិសេសអាចនឹងមានប៉ះពាល់ ឬបាត់ការគាំទ្ររឹតតែខ្លាំងបន្ថែមទៀត ព្រោះភាពបរាជ័យ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នេះ គឺជាការឆ្លុះយ៉ាងធំធេង ទៅលើលទ្ធផល សម្រាប់ការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្រ្តនាឆ្នាំ២០១៣ ។

ហេតុផលខាលើនេះហើយ ដែលក្រុមគណបក្សជំទាស់ទាំងអស់នោះ បានបង្វែរការទទួលខុសត្រូវ ក្នុងគណបក្សខ្លួន ដោយបង្កើតជាលេសគ្រប់បែបយ៉ាងតាមតែអាចទៅរួច មកដា​ក់បន្ទុក ឬ ទម្លាក់កំហុស មកលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាមិនសេរី មិនយុតិ្តធម៌ និងគណបក្សប្រជាជនកម្ពុជា ជា​គណបក្សកាន់អំណាចថាដើរគំរាមកំហែងសកម្មជនពួកគេមិនឲ្យឈរជាបេក្ខជនគណបក្សរបស់ខ្លួន ។

តាមពិតទៅ នេះគឺគ្រាន់តែជាលេស សម្រាប់ឲ្យមតិជាតិ អន្តរជាតិមួយចំនួន ដែលខ្វះការតាមដាន និង ពិចារណាដោយម៉ត់ចត់នោះ អាចនឹងវង្វេងព័ត៌មាន និង ស្មារតី ហើយងាកទៅរកភាពអាណិតអាសូរ លើកកលល្បិចនយោបាយបោកបញ្ឆោតដោយមិនដឹងខ្លួន ។

សរុបសេចក្តីមក អ្វីៗដែលគណបក្សជំទាស់ទាំងអស់ អំពាវនាវឲ្យមតិជាតិ និង អន្តរជាតិ ជួយនោះ គឺជាល្បិចចុងក្រោយ សម្រាប់​ការ​បិទបាំង​នូវភាព​បរាជ័យ​ដែល​មិន​ទាន់​មកដល់តែប៉ុណ្ណោះ ។
ភូមិន្ទ

No comments:

Post a Comment