ក្នុងរយៈពេលដែលគណបក្សនយោបាយនានាកំពុងធ្វើការឃោសនា ស្វែងរកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១២ ខាងមុខនេះ យើងសង្កេតឃើញថាគណបក្សប្រឆាំងបានប្រើប្រាស់នូវយុទ្ធសាស្ត្រប្រជាភិថុត ដើម្បីបោកប្រាស់ ភូតភរប្រជាពលរដ្ឋដោយគ្មានអៀនខ្មាស់។ ជាក់ស្តែងមេបននយោបាយរបស់ បក្សរវើរវាយមួយនោះ តែងតែលើកឡើងទាំងប្រថុយប្រថានឲ្យរួចពីមាត់ថា បើខ្លួនឈ្នះឆ្នោតនឹងរកប្តីឲ្យស្ត្រីម៉េម៉ាយ សន្យាដាក់ធ្មេញមាសឲ្យលោកតា លោកយាយ ឬយកមេឃុំដែលជាប់ឆ្នោតទៅដើរលេងនៅ អាមេរិកជាដើម។ ថ្មីៗនេះគាត់បានភូតទៀតថា ផ្លែចេកគឺគាត់អាចលក់បាន១ផ្លែ ថ្លៃ១ដុល្លារ អញ្ចឹងបើផ្លែចេកមួយស្និតឡើងដល់ប៉ុន្មាន? មួយស្ទងឡើងដល់ប៉ុន្មាន? ដល់មួយចំការឡើងដល់ប៉ុន្មាន? យើងឃើញថាការកុហករបស់គាត់នេះគឺថោកជាងចៅចាក់ស្មុគ្រទៅទៀត។ សូម្បី តែប្រមុខ រដ្ឋាភិបាល ក៏លោកបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មជួយសម្រួលដល់ការនាំចេញរបស់ក្រុមហ៊ុន អា រហ័ន មួយនេះផងដែរ។ មួយទៀត គាត់បានលើកឡើងថា នៅអាមេរិកគឺគេគោរពទៅដល់សិទ្ធិរបស់កង្កែបទៅទៀត ដូចជាបើរដ្ឋាភិបាលអាមេរិកធ្វើផ្លូវណាមួយ ហើយប៉ះនឹងរូងកង្កែបនៅខាងមុខនោះ គឺគេ ធ្វើផ្លូវនោះវាងទៅទៀត។ នេះគឺជារឿងមួយដែលគួរឲ្យចង់សើចមែនទែន។ ដូច្នេះយើងឃើញថា នយោបាយភរភូតរបស់បក្សរវើរវាយមួយនេះ គួរតែប្រជាពលរដ្ឋគិតពិចារណាឲ្យមែនទែន។
ពាក្យសម្តីឃោសនាបែបនេះគឺគ្មានបានបញ្ជាក់អំពីគោលនយោបាយរបស់គណបក្សខ្លួនដើម្បីចូលរួមជម្រុញការអភិវឌ្ឍ ឃុំ សង្កាត់នោះទេ ផ្ទុយទៅវិញ គឺជាពាក្យបោកប្រាស់ប្រជាពលរដ្ឋមួយសុទ្ធសាធ ដើម្បីឲ្យអារម្មណ៍ប្រជាពលរដ្ឋរំភើប ស្រើបស្រាល ដើម្បីបននយោបាយកំប៉ិកកំប៉ុកនេះអាចទទួលសម្លេងឆ្នោតបានច្រើនមួយពេលតែប៉ុណ្ណោះ។
បើនិយាយពីប្រវត្តិមេបននយោបាយនោះវិញ យើងឃើញថា គឺជាបុគ្គលដែលគ្មានលក្ខណៈជាមេដឹកនាំទាល់តែសោះ ពីព្រោះធ្លាប់មានប្រវត្តិជាចោរលួចជាបន្តបន្ទាប់ ដូចជាលួចអង្ករដែលជារបបប្រជាពលរដ្ឋ លួចគោ និងបានប្រើបទពិសោធន៍បោកអង្គការ IRI ដើម្បីលួចលុយដុល្លារបានយ៉ាងស្អាត នៅពេលដែលខ្លួនកាន់ការតូចមួយ។ ដូច្នេះយើងឃើញថា តាមរយះប្រវត្តិ និងបទពិសោធន៍របស់មេបក្សនេះ គ្រាន់តែកាន់ការងារកំប៉ិកកំប៉ុកគឺហ៊ានលួចប៉ុណ្ណឹងទៅហើយ ចុះទម្រាំក្លាយជាអ្នកដឹកនាំប្រទេស តើជននោះនឹងលួចប៉ុណ្ណា? ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋពិចារណាឲ្យបានច្បាស់កុំចាញ់ឧបាយកលទុច្ចរិត និងនយោបាយរវើរវាយរបស់ក្រុមនេះឲ្យសោះ។
ម្យ៉ាងទៀត មេបក្សរវើរវាយដល់ឋានព្រះចន្ទ័មួយនេះ ក៏ធ្លាប់មានប្រវត្តិជំពាក់លុយសមាជិកបក្សរបស់ខ្លួនរហូតដល់ជាង១ម៉ឺនដុល្លារមិនព្រមសងទៀតផង ហើយឥឡូវនេះម្ចាស់បំណុលគេទារលុយវិញ ហើយសួរថា « សង ឬ មិនសង » ពីព្រោះដល់រដូវបោះឆ្នោតហើយ ប្រយ័ត្នត្រូវបណ្តាសារម្ចាស់បំណុលនាំឲ្យចាញ់ឆ្នោតខ្មាស់គេ។ មានន័យថា ភាពបរាជ័យរបស់ខ្លួនគឺត្រូវប្រជាពលរដ្ឋ គ្មានសេចក្តីទុកចិត្ត មិនមានជំនឿលើគណបក្សរវើរវាយហ្នឹងហើយ ដែលគេនឹងមិនបោះឆ្នោតឲ្យនោះឡើយ។ ម្យ៉ាងទៀត ដោយសារភាពអាណាធិបតេយ្យរបស់ខ្លួន អ្នកបោះឆ្នោត គេនឹងពិនិត្យតាំងពីគុណសម្បត្តិ ពីមាយាទ ពាក្យសំដី សកម្មភាពការងារ ចុះបើបននយោបាយខ្លួន ពីមួយអាណត្តិ ទៅមួយអាណត្តិ៥ឆ្នាំ មិនដែលឃើញចូលរួមដោះស្រាយនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋបែបនេះ តើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យយ៉ាងម៉េច?
ទាក់ទងរឿងលទ្ធផលបោះឆ្នោតនេះ គណបក្សប្រឆាំងគួរកែចរឹតដែលមិនថ្លៃថ្នូររបស់ខ្លួនហើយត្រូវធ្វើនយោបាយនៅក្នុងទីលានប្រជាធិបតេយ្យសេរីពហុបក្ស។ នៅពេលដែលបោះឆ្នោត ហើយ ទោះបីជា គ ជ ប ប្រកាសលទ្ធផលបណ្តោះអាសន្ន ឬក៏មិនទាន់ប្រកាសក៏ដោយ ក៏អ្នកអង្កេតការណ៍គេមានតួលេខពិនិត្យរួចទៅហើយ និងអាចដឹងថានរណាឈ្នះឬ អ្នកណាចាញ់។ ដូច្នេះនាំគ្នាទទួលយកលទ្ធផលនោះទៅ។ គណបក្សនីមួយៗមានសេរីភាពពេញលេញក្នុងការបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន គឺគ្មានអ្វីដែល គ.ជ.ប ធ្វើតែឯងនោះទេ ដូច្នេះខ្លួនគួរតែពង្រឹងអ្នកសង្កេតការណ៍របស់ខ្លួន ឲ្យបាន១០០% ហើយជៀសវាងប្រើវប្បធម៌ដ៏សែនថោកទាបក្នុងការទម្លាក់កំហុសទៅអ្នកដទៃ។ ការចោទប្រកាន់ គ.ជ.ប គឺត្រូវឲ្យមានភស្តុតាងបញ្ជាក់នូវអ្វី ដែល គ.ជ.ប មិនគោរពច្បាប់ តែបើគ្រាន់តែចោទច្បោលៗថា គ.ជ.ប មិនឯករាជ្យ គឺជាអំណះអំណាងដែលគ្មានប្រយោជន៍នោះទេ។
នេះគ្រាន់តែជាការមួយដាស់តឿនក្រើនរំលឹក ដល់គណបក្សប្រឆាំងកុំឲ្យប្រើយុទ្ធសាស្ត្រឡាំប៉ានៅពេលដែលដឹងថាខ្លួនចាញ់ឆ្នោត ហើយយើងចង់ឃើញអ្នកនយោបាយមានចេតនាសុច្ចរិតគោរពឆន្ទៈប្រជាពលរដ្ឋពិតប្រាកដ ដើម្បីចូលរួម កសាងជាតិ អភិវឌ្ឍន៍ជាតិ បំរើប្រយោជន៍ប្រទេសជាតិយើងទាំងអស់គ្នា៕
អត្ថបទដោយៈ ពង្ស សុក្រិត
No comments:
Post a Comment