ប្រតិទិននៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ខែតុលានៃឆ្នាំនីមួយៗរៀងរាល់ឆ្នាំ ដើម្បីឲ្យផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការបំពេញសិទ្ធិ និងកាតព្វកិច្ចតាមច្បាប់សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួននៅមូលដ្ឋាន និងមេដឹកនាំប្រទេស។
ស្របជាមួយគ្នាពេលនោះគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ក៏បានជូនដំណឹង និង ប្រកាសជាសាធារណៈ ក៏ដូចជាផ្តល់ពត៌មានដល់គ្រប់គណបក្សនយោបាយទាំងអស់ឲ្យត្រៀមឬរៀបចំ និងបញ្ជូនបញ្ជីឈ្មោះអ្នកសង្កេតការណ៏របស់គណបក្សនយោបាយនីមួយៗឲ្យចូលរួមពិនិត្យឈ្មោះក៏ដូចជាជួយត្រួតពិនិត្យ ដើម្បីលប់ឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោត ដែលជាគោលបំណងឲ្យមានតម្លាភាព និងមានភាពស្មើគ្នាក្នុងសិទ្ធិនយោបាយ ប៉ុន្តែបំណងដ៏ល្អនេះត្រូវបានគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបដិសេធមិនចូលរួមទេ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គណបក្សប្រឆាំងទាំងពីរនេះបានចេញសេចក្តីថ្លែងការណ៏ប្រកាសថា « មិនបញ្ជូនតំណាងគណបក្សទៅចូលរួមសង្កេតការណ៏ អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២.......ក្រោមលេសចោទប្រកាន់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចជួយឲ្យការបោះឆ្នោតសកលឆ្នាំ២០១៣ ប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានឡើយ»។
ការពិត ជុំវិញការបដិសេធមិនចូលរួម វាគ្រាន់តែជាសិទ្ធិនៃការសម្រេចចិត្តផ្នែកនយោបាយរបស់គណបក្សនីមួយៗតែប៉ុណ្ណោះ ដែលវាមិនបានបង្កជាឧបសគ្គដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខឡើយ ពីព្រោះបើទោះបីជាគ្មានគណបក្សប្រឆាំងពីរនេះ ក៏គ្មានរាំងស្ទះការងារបោះឆ្នោតដែរ ដោយយោងថា ក្រៅពីគណបក្សនយោបាយជាច្រើនទៀតដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន ក៏មានអង្គការជាង១០ បានបញ្ជូនក្រុមការងាររបស់ខ្លួនសម្រាប់ដំណើរការការងារនេះដែរ។
ប៉ុន្តែ ផ្ទុយទៅវិញ ការបង្កើតគណបក្សនយោបាយហើយ បែរជាបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ពិនិត្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ គឺវាគ្រាន់តែជាបទចម្រៀងចាស់ដដែលៗដែលគេចាក់ឡើងវិញនៅពេលរដូវបោះឆ្នោតខិតជិតចូលមកដល់តែប៉ុណ្ណោះ។
ការបដិសេធមិនចូលរួម គឺជាការបោះបង់ចោលសិទ្ធិរបស់ខ្លួនឯង ដូច្នេះ ក៏ពុំគួរនឹងមានហេតុផលណាមួយមកចោទប្រកាន់ថា ការបោះឆ្នោតនៅពេលខាងមុខមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌បានដែរ ប៉ុន្តែ ផ្ទុយទៅវិញ ទង្វើនេះ គឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់នូវពុតត្បុតទុច្ចរិតនៃក្រុមគណបក្សប្រឆាំង គឺការដេកចាំតែប្រឆាំងផ្កាប់មុខ ដោយពួកគេគ្មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ឡើយ។
រៀងរាល់មុនការបោះឆ្នោតម្តងៗ ក្រុមគណបក្សប្រឆាំង ជាទម្លាប់តែងតែរិះគន់ និងស្តីបន្ទោសដល់គ.ជ.ប ថា មិនឯករាជ្យ មិនបានផ្សព្វផ្សាយឲ្យទូលំទូលាយ និងបង្កការរាងស្ទះមិនឲ្យអង្គការសង្គមស៊ីវិលឲ្យចូលរួមសង្កេតការណ៍ដោយសេរី ។ល។
គណបក្សប្រឆាំងចេះតែរិះគន់មកលើ គ.ជ.ប ឬរាជរដ្ឋាភិបាលក្រោមហេតុផលជាច្រើន។ មានជាសំនួរចោទសួរថា ចុះហេតុអ្វីនៅពេលដែលគ.ជ.ប ប្រកាសឲ្យបញ្ជូនតំណាងគណបក្សចូលរួមសង្កេតការណ៏ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលជាឱកាសរបស់គណបក្សប្រឆាំងដើម្បីពិនិត្យមើលនូវចំណុចខ្សោយរបស់គ.ជ.ប ប្រសិនបើមានចំណុចអវិជ្ជមាននោះ តែបែជាកំសាកមិនហ៊ានបញ្ជូនតំណាងអ្នកសង្កេតការណ៏របស់គណបក្សខ្លួនឬក៏គណបក្សសម រង្ស៊ី និងតំណាងគណបក្សសិទ្ធិមនុស្ស គ្មានអ្នកសង្កេតការណ៏ ហើយម្យ៉ាងទៀតក៏គ្មានថវិការផ្តល់ថ្លៃសេវាដល់អ្នកសង្កេតការរបស់ខ្លួន ហើយចាំតែស្រែកនោះ? ។
បញ្ហាដូចគ្នានេះដែរ គេនៅចាំបានថា នៅពេលមិនទាន់មានច្បាប់ប្រឆាំងអំពើពុករលួយ ក្រុមគណបក្សប្រឆាំងទាំងនោះតែងតែយកអំពើពុករលួយមកធ្វើជាយុទ្ធសាស្រ្ត ឬយកធ្វើជាគោលនយោបាយរបស់ខ្លួនថា បើសិនគណបក្សខ្លួនឈ្នះឆ្នោតនោះ គណបក្សនឹងបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ ប៉ុន្តែដល់ពេលដែលរដ្ឋាភិបាលមានឆន្ទៈបង្កើតច្បាប់ប្រឆាំងអំពើពុករលួយរួចហើយ ស្រាប់តែក្រុមគណបក្សប្រឆាំងបន្តស្រែកទៀតថា ច្បាប់ប្រឆាំងអំពើពុករលួយដែលរាជរដ្ឋាភិបាលបង្កើតនោះដូចជាឆាប់រហ័សណាស់ ហើយយកលេសថា រាជរដ្ឋាភិបាលមិនបានផ្តល់សិទ្ធិឲ្យគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលចូលរួមផ្តល់មតិយោបល់ជាដើម។ ការពិតច្បាប់នេះត្រូវបានអនុញ្ញាត្តឱ្យអ្នកជំនាញច្បាប់ទាំងជាតិ និងអន្តរជាតិ រួមទាំងអង្គការសង្គមស៊ីវិលជាច្រើនចូលរួម រហូតបង្កើតបានជាច្បាប់ ដែលត្រូវបានអនុម័តដោយរដ្ឋសភា ប៉ុន្តែ ជាទម្លាប់របស់ក្រុមគណបក្សប្រឆាំងមិនបានអបអរសាទ ឬកោតសរសើរម្តងណាឡើយ ពីព្រោះគេមានឈ្មោះជាបក្សប្រឆាំងទៅហើយ បើសិនជាគាំទ្រ គឺវាអាចខុសពីគោលនយោបាយរបស់ពួកគេ ដូច្នេះហើយ បើទោះណាជាឃើញថាត្រូវ ក៏ពួកគេបដិសេធដែរ នេះ គឺជាវប្បធម៌របស់បក្សប្រឆាំង គ្មានអ្វីចម្លែកនោះទេ។
ដូច្នេះ ការបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៏ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះ គឺជាការយករឿងចាស់មកផ្សាយឡើងវិញដោយក្រុមបក្សប្រឆាំង ពីព្រោះខួរក្បាលរបស់ពួកគេ គិតអ្វីមិនចេញរឿងល្អទេ គឺគិតចេញតែវិធិណាដែលប្រឆាំង ៗ ៗ ប្រឆាំងគ្រប់ទិដ្ឋភាព ប្រឆាំងទាងច្បាប់ ប្រឆាំងទាំងផ្កាប់មុខ។
ជារួមទង្វើរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្ស គឺគ្រាន់តែជាពុតត្បុតទុច្ចរិតរបស់បក្សប្រឆាំង និងបានបង្ហាញឲ្យប្រជាពលរដ្ឋឃើញកាន់តែច្បាស់ក្រឡែតនូវមាយាទអាក្រក់ និងខ្ជឹលច្រអូស ចាំតែថា មិនដែលធ្វើជាដុំកំភួនក្នុងការជួយជាតិសោះ វាផ្ទុយពីគណបក្សប្រជាជនកម្ពុជាតែងតែខិតខំកសាងអភិវឌ្ឍន៏ប្រទេស និងរក្សាបាននូវសន្តិសុខ សន្តិភាព ដែលជាទីកក់ក្តៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕
អត្ថបទដោយៈ រួម ជាតិ
No comments:
Post a Comment