សាវតានៃគណបក្ស សម រង្ស៊ី គឺជាគណបក្សមួយដែលបានបង្កើតឡើងដោយផ្តើមចេញពីការបែកបាក់ដ៏ដំបូងបង្អស់ នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះរាជបុត្រមួយព្រះអង្គ សព្វថ្ងៃកំពុងធ្វើជាប្រធានគណបក្ស មួយនៅកម្ពុជា បន្ទាប់ពីបរាជ័យមិនបានធ្វើជាប្រធានគណបក្ស ហ្វ៊ុន ស៊ីនប៉ិច ។
ការដឹកនាំដោយពុំមានយុទ្ធសាស្ត្រត្រឹមត្រូវ បានធ្វើឱ្យមានការបែកបាក់ជាបន្តបន្ទាប់ រហូតកើតចេញជា គណបក្សចំនួន ៤ មកដល់សព្វថ្ងៃ គឺ គណបក្ស ហ៊្វុនស៊ិនប៉ិច ,សម រង្ស៊ី ,នរោត្តម រណឫទ្ធិ និង គណបក្ស សិទ្ធិមនុស្ស ដែលប្រវត្តិនៃថ្នាក់ដឹកនាំនៃប្រធានបក្សទាំងនេះ សុទ្ធតែមានប្រភពចេញពីគណបក្សតែមួយ។
តាំងពីដើមរៀងមក ដោយសារអំនួត តែគ្មានសមត្ថភាពជាមេដឹកនាំប្រកបដោយគុណធម៌ មេបក្សទាំងនេះតែងតែជ្រើសរើសយកមធ្យោបាយផ្សេងៗ ដើម្បីយកប្រៀបឈ្នះក្នុងជីវិតនយោបាយរៀងៗខ្លួន។ ពីមួយថ្ងៃទៅមួយថ្ងៃ មេបក្សទាំងនោះសុទ្ធតែអះអាងថា គណបក្សរបស់ខ្លួនមានលក្ខណៈប្រជាធិបតេយ្យ ព្រមទាំងឈរលើគោលការណ៍ផ្សេងៗ ហើយស្ថិតក្នុងដំណាក់កាលចុងក្រោយនេះ គេបានសង្កេតឃើញថា គ្រប់មេបក្សដែលមាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាល បានធ្វើការវាយប្រហារគ្នាយ៉ាងចាស់ដៃ តាមបែបប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ខ្លួន។
ក្នុងចំណោមគណបក្សទាំងនោះ មានមេបក្សមួយរូប គឺលោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា បាននិងកំពុងដឹកនាំប្រកបដោយភាពផ្តាច់ការ មានះ រឹងរួស ច្រង៉េងច្រង៉ាង និង អត្តនោម័ត ដែលមើលមួយភ្លែតទៅ បើមិនបានគិតឲ្យស៊ីជម្រៅ ឃើញថា គណបក្សនេះ ហាក់បីដូចជាមានប្រព័ន្ធគ្រប់គ្រងតាមលំនាំប្រជាធិបតេយ្យ ប៉ុន្តែគួរឲ្យសោកស្តាយ ជាលទ្ធផលជាក់ស្តែង បានបង្ហាញយ៉ាងច្បាស់ថា គណបក្ស សម រង្ស៊ី នៅតែអនុវត្តការគ្រប់គ្រង និងដឹកនាំការងារបក្ស តាមបែបផ្តាច់ការ និងអត្តនោម័ត ដោយគ្មានអ្នកណានឹងអាចផ្តល់យោបល់ ឬ លើក ទស្សនៈ មតិនានា ទៅឲ្យលោក សម រង្ស៊ី ដែលជាប្រធានគណបក្សនោះបានទេ ។
ភាពអស់សង្ឃឹមពីមួយថ្ងៃទៅមួយថ្ងៃ នៃសមាជិកគ្រប់លំដាប់ថ្នាក់ បានកើតមាននូវការបែកបាក់ជាបន្ត បន្ទាប់ ហើយថែមទាំងមានការញុះញង់ និង អួសទាញពីគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ដែល ជាអ្នកនយោបាយឆ្លៀតឱកាស ត្រីងៀតឆ្លៀតពង ឬអ្នកនយោបាយដូរបាយចិញ្ចឹមជីវិត បានធ្វើឲ្យគណបក្ស សម រង្ស៊ី អាចនឹងបែកបាក់រហូតដល់គ្មានទីបញ្ចប់ និងឈានទៅរកការរលំរលាយក៏អាចថាបាន ។ បញ្ហានេះក៏មកតែពីគណបក្ស សម រង្ស៊ី មិនបានប្រកាន់យកការដឹកនាំតាមបែបប្រជាធិបតេយ្យពិតប្រាកដ គឺគ្រាន់តែយកពាក្យថា ប្រជាធិបតេយ្យមកធ្វើជាឡប់ឡែ ដើម្បីនឹងបោកប្រាស់ស្មារតីជាតិនិយម របស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ការជួញដូរនយោបាយជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។
សរុបសេចក្តីមក ពាក្យថា ប្រជាធិបតេយ្យពិតប្រាកដ គឺគ្មានសោះឡើយនៅក្នុងខួរក្បាលនៃក្រុមប្រឆាំង ក្នុងន័យថា នៅពេលដែលមានសមាជិកណាម្នាក់ដើរចេញពីបក្សពីព្រោះអស់ទំនុកចិត្ត ត្រូវបានលោក សម រង្ស៊ី ចោទប្រកាន់ថា អ្នកទាំងនោះត្រូវបានគេទិញទឹកចិត្ត ហើយបើក្រុមរបស់ខ្លួនមិនពេញចិត្តលើបុគ្គលណាមួយ តែតែបង្កើតជាបញ្ហា ដើម្បីរកលេសក្នុងការបណ្តេញគេចេញពីបក្ស ដ៏អយុត្តិធម៌ នេះឬជាប្រជាធិបតេយ្យរបស់គណបក្ស សម រង្ស៊ី គឺគ្មានសោះឡើយ។
សូមបញ្ជាក់ថា ក្រុមអ្នកនយោបាយទាំងនោះ ភាគច្រើនសុទ្ធតែ បានទទួលការសិក្សា អប់រំ និង រស់នៅយ៉ាងយូរ នៃបណ្តាប្រទេសដែលមានការគ្រប់គ្រង និងដឹកនាំតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដ៏ពិតបា្រកដ គួរគប្បីបើកទូលាយ និងបញ្ចប់ការវាយប្រហារ នៅពេលមានការសំរេចចិត្តផ្នែកនយោបាយណាមួយរបស់សកម្មជនខ្លួន ងាកទៅគាំទ្រគណបក្សដ៏ទៃ ប៉ុន្តែពួកគេមិនបានប្រកាន់យកនូវការគោរពច្បាប់ជាអទិភាពនោះទេ ផ្ទុយទៅវិញ តែងតែបង្កបង្កើតនូវបញ្ហានានាជាច្រើន ដើម្បីភ្ជាប់គំនុំផ្ទាល់ខ្លួនធ្វើជាការសងសឹកជាមួយរបស់រាជរដ្ឋាភិបាល ដោយបង្ហាញនូវទង្វើរំលោភលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងពុំបានគោរពនូវសុឆន្ទៈ និងបំណងប្រាថ្នា ចង់បាន សុខ សន្តិភាព របស់ប្រជាពលរដ្ឋនោះទេ៕
ភូមិន្ទ
No comments:
Post a Comment