Tuesday, June 25, 2013

ទស្សនៈ​វិភាគ​៖ តើ​​ជា​បាប​កម្ម ឬ​ក៏​ត្រូវ​​បណ្តា​សារ?

តម្លៃខ្លួន​របស់​មេបក្សនយោបាយប្រឆាំង​១រូប គឺលោក កឹម សុខា បច្ចុប្បន្ននេះ​បាន​ចុះ​មក​នៅ​ត្រឹមប្រមាណ​ក្រោម​៣ភាគរយតែប៉ុណ្ណោះ​​ ឬ​អាច​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ទៀត នៃការ​គាំទ្ររបស់​​ប្រជាជន​កម្ពុជា​ នេះបើពិនិត្យ​មើល​អំពី​ទិដ្ឋភាព​ជាក់ស្តែងនៃជីវិត​នយោបាយ​របស់​មេបក្សស្តី​ទី​រូប​នេះ​​ក្នុង​ដំ​ណាក់​កាលចុង​ក្រោយ​​​។

ការសន្មត់សម្លេង​គាំទ្រចំ​ពោះ​ កឹម សុខា ​ក្នុង​កំ​រិត​ក្រោម​៣ភាគ​រយ​នេះ  វាជារបៀប​ដ៏​សាមញ្ញបំ​ផុត​ និង​ងាយ​យល់សម្រាប់​ការ​វិភាគរបស់​ប្រជាពល​រដ្ឋ​ខ្មែរ ​ ហើយវាក៏ជា​តួលេខ​ថ្មី​ ដែល​គួរ​ត្រូវ​បាន​​ដាក់​បញ្ចូល​ក្នុងការ​ស្ទង់មតិរបស់​ IRI ផង​ដែរ ពី​ព្រោះ​វាជាស្ថាន​ការណ៍ពិត​​នៅ​កម្ពុជា ប៉ុន្តែ វា​ពិត​​​ជាខុស​ចិត្ត​ទាំង​ស្រុង​​ទៅ​នឹង​​​ការ​ស្ទង់​មតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន ​ដែល​គាំទ្រ​បក្ស​​​ប្រឆាំង មាន​ទំ​លា​ប់​​​លើក​ជើង​ បញ្ចើ​ច​បញ្ចើ​ និង​តែង​តែធ្វើ​របាយ​ការណ៍​ភូតកុហក។

បញ្ហា​ធំ​ៗយ៉ាង​តិចចំ​នួន​បួន​ ដែលបង្ហាញថា « ការព្យាករណ៍ចុង​ក្រោយ​នេះមាន​ភាព​​ច្បាស់​លាស់​ » ពីព្រោះ​ វាបាន​ផ្អែក​លើហេតុ​ផល​ជាក់​ស្តែង​ដ៏រឹង​មាំ​ និង​បាន​កើតឡើង​ក្នុង​ពេល​តែមួយ​ចំ​ពោះ​អ្វី​ដែល​ លោក កឹម សុខា បាន​ប្រព្រឹត្ត ជាប់​ពាក់​ព័ន្ធ​ និង​​ទាម​ទារ​ឱ្យ​ លោក កឹម សុខា ត្រូវ​ប្រឈម​មុខដោះ​ស្រាយ​ ។ ប៉ុន្តែ បញ្ហាទាំង​អស់​នោះ គ្មាន​វិធី​ណាមួយ​ដែល​អាចនឹង​​ជួយសម្រាល​ ​ដោះ​ស្រាយ​ ឬ​ជួស​ជុល​​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​ឡើយ គឺ​វាប្រៀប​បាន​ទៅ​នឹង​ កឹម​ សុខា កំ​ពុង​ជួប​​នូវ​ពហុ​គ្រោះ បាបកម្ម ឬ​ក៏​ដល់​ថ្ងៃត្រូវ​បណ្តាសារ​ ដូច្នោះ​ដែរ

បញ្ហាទី១‑ គឺការ​ធ្វើ​សកម្មភាព​នយោបាយ​បោក​ប្រាស់​នៅ​តាម​មូល​ដ្ឋានដែល​ប្រជាពល​រដ្ឋ​ធុញ​ទ្រាន់ មិន​ចង់​ឮ មិន​ចង់ស្តាប់​ ហើយ​វា​ក៏បាន​រំ​ខានដល់​ការ​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​នោះ​គឺ ការ​សន្យា​ខ្យល់​ច្រើន​រាប់​មិន​អស់នៅ​ពី​ក្រោយ​អ្វី​ដែលលោក កឹម សុខា និង​​បក្ខពួក បញ្ឆោត​ប្រជាពល​រដ្ឋ​ថា បក្ស​ប្រឆាំង​​​នឹង​ឈ្នះឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​ខណៈពួក​គេ​កំ​ពុង​ខ្សោះខ្យល់ បែក​បាក់​ផ្ទៃ​ក្នុង​​ ប្រេះស្រាំ ខ្ទេចខ្ទាំ និង​ជួប​នូវវិបត្តិដ៏ធ្ងន់​ធ្ងរ គឺ « បក្ស​មាន​តែខ្លួន​អត់​ក្បាល » ហើយដងខ្លួន​នោះ​​ទៀត​សោត​ ត្រូវ​បាន​កាត់​ផ្តាច់​សរសៃ។ អ្នក​កាត់​ផ្តាច់​សរសៃបក្សនោះ គឺ សម រង្ស៊ី និង​ កឹម សុខា នេះ​​តែម្តង ​ដែល​អតី​តជាគូសត្រូវឈ្លោះ​ប្រកែក​គ្នា​​ដ៏ខ្លាំង​ក្លា បាន ​និង​កំ​ពុង​ប្រើល្បិចកល​បោក​ប្រាស់​គ្នា​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​រៀង​ៗខ្លួន គឺ​អ្នក​ទាំង​ពី​រនេះ​ហើយ​ ជាអ្នក​បង្ករបង្កើត​បញ្ហាដោយ​ខ្លួន​ឯង​ ហើយ​រកលេសទម្លាក់​កំ​ហុសមកលើ​រាជ​រដ្ឋា​ភិបាល​ថា ជាអ្នក​បំ​បែក​បំ​បាក់​ផ្ទៃក្នុង​របស់​ពួក​គេទៅ​វិញ​​។

បញ្ហាទី២‑ ការបន្លំ​ប្រជាពល​រដ្ឋ តាម​រយៈសកម្មភាពឃោសនានៅ​តាម​មូល​ដ្ឋាន ដែល មាន​តែ​ពាក្យ​ភូត​កុហកដ៏សំ​បូរបែប ដូចជា សន្យាដាក់​ធ្មេញ​មាសឱ្យ​ចាស់​ៗ សន្យាតម្លើង​ប្រាក់​បៀវ ត្សរ៍ សន្យារក​ប្តី​ឱ្យ​ស្រ្តី​មេម៉ាយនៅ​ទូទាំង​ប្រទេស​..........។ ស្តាប់ទៅ​ វាជារឿង​គួរឱ្យ​អស់​សំ​ណើច និង​មិន​អាច​ជឿបាន​  ហើយ​ដែល​ពុំ​គួរគប្បីគណបក្សប្រឆាំង​ជ្រើសរើសយក​មក​ធ្វើ​ជាល្បែង​នយោ​បាយ​បោកប្រាស់​​ប្រជាពល​រដ្ឋឡើយ។​

បញ្ហាទី៣‑ មហាបាតុកម្ម​អហិង្សារដឹក​នាំដោយ​លោកអ៊ុំ ជុំ​ ម៉ី និង​ប្រជាពល​រដ្ឋគាំទ្របាតុកម្ម​នៅទូ​ទាំង​ប្រទេស​ វាដូចជាខ្យល់​កំ​បុតត្បូង​ ឬ​រលកយក្សស៊ូណាមិ បក់​រុញ​ផ្ទប់​អ្នក​នយោបាយ​រូប​នេះ​បោក​ទៅ​​នឹង​ផ្ទាំង​ថ្ម។ វា ជាកំ​ហឹងរបស់ជន​រង​គ្រោះ​កម្ពុជាក្នុង​របបប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ដែល​ឈឺ​ចាប់​​នូវ​ពាក្យ​សម្តី​ប្រមាថកាត​ទាន​ចំពោះ​វិញ្ញាណ​ក្ខ​ន័្ធអ្នក​ស្លាប់ និង​ជន​រងគ្រោះដែល​នៅ​រស់​រាន​មាន​ជីវិត​​ ឆ្លើយ​តប​ទៅ​នឹង​ការ​គេចវេសមិន​ទទួល​ខុសត្រូវ​របស់ កឹម សុខា ដែលបាន​និយាយថា «គុក​ទួលស្លែង ជាកន្លែង​សប្បនិម្មត្តិ»។ កម្លាំង​មហា​បាតុកម្មកាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣  ក៏​អាច​ថាជាសារ​មួយផង​ដែរបង្ហាញ​អំពី​ទឹក​ចិត្តរបស់​ប្រជាពល​រដ្ឋ​ដែល​ស្អប់​ខ្ពើម​អ្នក​នយោបាយ​ក្រឡិចក្រឡុច ប្រជាភិថុត​ បែប​បុគ្គល កឹម សុខា ក៏ដូច​​​ជាអ្នក​នយោបាយ​ប្រឆាំង​ដ៏ទៃទៀ​ត​ដែលនិយម​បោក​ប្រាស់​ និង​កែកាឡៃប្រវត្តិ​សាស្ត្រ។

និង​បញ្ហាទី​៤ ដែល​ជាចំ​ណោទសម្រាប់​លោក កឹម សុខា ត្រូវ​ដោះ​ស្រាយ​ជាបន្ទាន់​នោះ​ គឺ ការ​លេចមុខប្រពន្ធ​ចុង​ទី​២ របស់ កឹម សុខា និង​ម្តាយ​ក្មេក ក្នុង​ហ្វូង​បាតុកម្មមហាជន​ប្រឆាំង​លោក​ កឹម សុខា និង​ទាម​ទារ​ឱ្យ​លោក កឹម សុខា ទទួល​ខុសត្រូវ​ជួយ​ចិញ្ចឹម​កូន​តូចៗ២នាក់ក្នុង​បន្ទុក ម្នាក់​ជាកូន​ស្រីអាយុ​​ ៨ឆ្នាំ និង​ម្នាក់​ទៀត​ជាកូន​ប្រុសរបស់ កឹម សុខា អាយុ​៦ឆ្នាំ។​ជាពិសេសទៅ​​ទៀត​នោះ លោក កឹម សុខា ត្រូវ​តែជាអ្នក​ធានាទទួល​ខុសត្រូវ​ក្នុង​ការព្យាបាល​ជម្ងឺរបស់​ប្រពន្ធ​ដែល​មាន​ការ​វះកាត់​បេះ​ដូង និង​របួសបាក់​ដៃ កំ​ពុង​រស់​នៅ​យ៉ាង​វេទនា។ ប្រសិន​បើ​បញ្ហា​ក្នុង​រង្វង់​គ្រួសារផ្ទាល់​ខ្លួន​ លោក កឹម សុខា មិន​មាន​សមត្ថភាព​​ដោះស្រាយ​បាន​ទេនោះ ឬ​ក៏គេចវេសពី​ការ​ទទួល​ខុសត្រូវ​ បាន​ន័យ​ថា ការ​សន្យាឧបត្ថម​​ថវិកាដល់​ចាស់ៗ និង​ការ​សន្យា​ផ្សេង​ៗទៀត​ សុទ្ធតែ​ជា​នយោ​បាយ​​ភូត​កុហកទាំង​ស្រុង​។

បញ្ហា២ចំ​ពោះមុខ ក្នុង​ចំ​ណោម​បញ្ហា​ជាអាទិភាពទាំង​​៤ ដូចបាន​ជម្រាប​ជូន​សាធារណ​ជន​ ដោយ​មិន​រាប់​បញ្ចូល​ផង​នូវ​ការ​ចេញ​មុខបកស្រាយ​អំពី​ ​នយោបាយ​ភូត​កុហករបស់ កឹម សុខា ដោយ​​ប្អូន​ប្រុសបង្កើតរបស់លោក គឺ លោក កឹម សុខុន នាពេល​ថ្មី​ៗនេះ គឺ​បាន​ទាញ​ទម្លាក់​ប្រជា​ប្រិយ​ភាព​របស់​ កឹម សុខា ធ្លាក់ចុះដល់​កម្រិត​មួយ​ដ៏អាក្រក់​បំ​ផុត​ ដែល​វា គឺ​កើត​ចេញ​ពីការ​ថ្លោះ​ធ្លោយ​​គំ​និត​ផ្ទាល់​របស់​ កឹម សុខា ប្រៀប​បាន​នឹង​ កឹម សុខា ​សម្រេច​ចិត្ត​ហែក​​បំ​ផ្លាញ​សន្លឹក​ឆ្នោត​ចោល​ដោយ​ខ្លួន​ឯង​ ​។ 

ការបន្ទាប​បន្ថោក​​តម្លៃកិត្តយស សេចក្តី​ថ្លៃថ្នូររបស់​ខ្លួនដោយ​ខ្លួន​ឯង​​ បាន​នាំឱ្យ​លោក កឹម សុខា យល់​ខុសអំពី​អ្វី​ទៅ​ហៅ​ថា ​«​ខ្លឹម​»ក្នុង​អត្តភាព​ជាអ្នក​នយោបាយ​ ដែល​គួរត្រូវ​តែជាអ្នក​មាន​ការ​​ទទួល​ខុស​ត្រូវ​កំ​រិត​​ខ្ពស់​បំ​ផុត​។

ការ​ដក​សេចក្តី​ទុកចិត្តរបស់​​អ្នក​គាំទ្រចំពោះ​បុគ្គល​ កឹម សុខា ​ដែល​មាន​តែពាក្យ​ភូត​កុហក បោក​​​ប្រាស់​ ដើម្បី​ធ្វើ​ជាមធ្យោបាយក្នុង​ការ​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត​ជាមួយ​គណ​បក្ស​​ប្រ​ជា​​​ជន​​​​​​​កម្ពុ​ជាដ៏មាន​ឥទ្ធិពល​ គឺជារឿង​មួយ​ដ៏ពិបាកជាទី​បំ​ផុត​ ដែល​ពុំ​គួរគប្បី​​ក្រុមប្រឆាំង​មាន​សុទិដ្ឋិ​និយ​ម​​​ជ្រុល​ពេក​នោះ​ទេ។

ម៉្យាង​វិញ​ទៀត បក្សប្រឆាំងរិត​តែ​ពុំ​គួរគប្បី​ទៅ​ទៀត ក្នុង​ការ​យក​ភាព​ក្មេង​ខ្ចី​នៃនយោបាយ​របស់​ក្រុម​​ខ្លួន​ មក​សំ​ដែង​ឬទ្ធិ៍រំ​លោភលើ​ភាព​ចាស់​ទុំ​នៃការ​ចាក់​ឬស​ដ៏ជ្រៅ និង​រឹង​មាំរបស់​គណបក្ស​ប្រជាជន​កម្ពុជា​​​ដែល​សំ​បូរទៅ​ដោយ​ធនធាន​មនុស្ស ។

កម្ពុជាបច្ចុប្បន្ន បាននិង​កំ​ពុង​រស់​នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ និង​ការ​បើ​ក​សិទ្ធិ​សេរីភាព​ដ៏ទូលាយ ហើយ​សិទ្ធិ​សេរីភាព​នេះ ត្រូវ​បាន​បក្សប្រឆាំង​ ​កំ​ពុង​ប្រើប្រាស់​យ៉ាង​ពេញ​ទំ​ហឹង​។​

វាគ្រាន់​តែជាការបង្ហាញ​នូវ​ភាព​ប៉ិនប្រសប់​ក្នុង​ល្បែង​​លាប​ពណ៌ និង​​ចោទ​ប្រកាន់​ដ៏ហួស​សម័យ​ ក្នុង​ភាសាដដែល​ៗ​ និង​គ្មាន​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​នយោ​បាយ​​បក្សប្រឆាំង​តែ​ប៉ុណ្ណោះ​ ដែល​ទន្ទេញ​​ចាំមាត់នូវ​របៀប​ជេរដ៏ស្ទាត់​ជំ​នាញ​ ដើម្បី​ប៉ុនប៉ង​ផ្តួលរំ​លំ​​គណបក្សកាន់​អំ​ណាច​ តាម​​រយៈ​ការ​​លើក​ឡើង​ពី​បញ្ហា​ព្រំ​ដែន​​​ ការ​ចោទ​ដ៏គ្រោតគ្រាត​ថា មាន​ការ​ដឹកនាំតាម​របៀប​កុម្មុយ​នីស្ត​​ផ្តាច់​ការ​ និង​ចោទ​ថា បក្សប្រជាជន​កម្ពុជា ជាអាយ៉ង​របស់​ប្រទេស​វៀត​ណាម​ជាដើម។ល។

ប៉ុន្តែ ការ​ឃោសនាទាំង​អស់​នេះ វា​មិន​អាច​ទទួលបាននូវ​លទ្ធផល​ល្អ​ត្រឡប់​មក​វិញ​ឡើយ នៅ​ពេល​ដែល​បញ្ហាព្រំ​ដែន​ជាមួយ​ប្រទេស​ ថៃ វៀត​ណាម និង​ឡាវ​ ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន បកស្រាយ​ពន្យល់​យ៉ាង​ច្បាស់​លាស់​ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ ផែន​ទី​ កត្តាប្រវត្តិ​សាស្ត្រ​និង​ការ​រស់​នៅ​ជាក់​ស្តែងរបស់​ប្រជាពល​រដ្ឋ​ គឺបាន​នាំឱ្យ​បក្សប្រឆាំង​អស់​ឥទ្ធិពល​ដោយ​ងាយ​បំ​ផុត​។

ដូច្នេះ គ្មាន​អ្វី​ដែល​ជាគ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​ជាតិ​ ដូចជា​ការ​ទូង​ស្គររបស់​បក្សប្រឆាំង​ ដែល​មាន​ចេតនារុញច្រាន​​ប្រជាពល​រដ្ឋឱ្យ​ងើប​ឡើង​បះបោរប្រឆាំង​រាជរដ្ឋាភិបាលក្នុងដំ​ណាក់​កាល​នេះ​ទេ​។

បច្ចុប្បន្ន​ ពល​រដ្ឋកម្ពុជា​កំ​ពុង​រស់​នៅ ​និង​សាទរ​ជាមួយ​សន្តិភា​ព​ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​រីក​ចំ​រើន​គ្រប់​វិស័យ ​ដែល​សមិទ្ធផល​ទាំង​នេះ ពិត​ជាកើត​ចេញ​ពី​ស្នាដៃរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា ជា​អ្នក​​បាន​ធ្វើ កំ​ពុង​ធ្វើ និង​បន្ត​ធ្វើ​ទៅ​អនាគត ដើម្បី​បំ​រើប្រជាពល​រដ្ឋខ្មែរដោយ​ឥត​ងាក​រេ។​

ផ្ទុយ​​​ទៅ​វិញ​ ការ​ធ្វើ​នយោបាយ​ប្រជាភិថុត​ បោកប្រាស់ បំ​ភ្លៃប្រវត្តិសាស្ត្រ​​ ដូចបុគ្គល​ ​កឹម សុខា ដែល​ពល​រដ្ឋខ្មែរគ្រប់​រូប​បាន​ដឹង បាន​ឮ និង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ វាសក្តិសម​បំ​ផុត​ដែលគួរ​ត្រូវ​​បាន​ថ្កោល​ទោស​ពី​មហាជន ប្រសិន​បើ​ អ្នកនយោបាយ​ ហ៊ាន​និយាយ ហ៊ាន​បោក​ប្រាស់​ប្រជា​ពល​​រដ្ឋ​ដើម្បី​កេង​ចំ​ណេញ​នយោបាយរបស់​ខ្លួន​ ប៉ុន្តែ ពុំមាន​សេចក្តី​ក្លាហាន​ហ៊ាន​សុំ​ទោស។

បើលោក កឹម សុខា នៅ​តែបន្ត​រឹង​រូស​​ មិនទៅ​អុជធូប​សុំទោស នៅ​គុក​ទួល​ស្លែង​ និង​មិន​មាន​សេចក្តី​ក្លាហាន​ ចេញ​មុខទទួល​ខុសត្រូវ​លើការ​ប្រព្រឹត្តបំ​ពាន​ចំពោះស្ត្រី​ភេទដែល​ជា​ប្រពន្ធ​ចុង​ទី​​២ និង​​​កូន​២នាក់​ទេនោះ  គឺ កឹម សុខា គេចមិន​ផុត​ពី​ភាព​បរាជ័យ​ចំ​ពោះ​មុខឡើយ។

ម៉្យាង​វិញ​ទៀត គេ​នៅ​​​​ចាំបាន​ថា ការ​ឃោសនានៅ​តាម​ទី​កន្លែង​មួយ​ចំ​នួន​កន្លង​មក កឹម សុខា បាន​ជេរប្រមាថ​មក​លើ​គណបក្សប្រជាជន​កម្ពុជា​ ក្នុង​ពាក្យ​ដ៏អសុរោះ​បំ​ផុត ថា បក្សប្រជាជន​កម្ពុជា ជាបក្ស «យក្ខិនី​លើក​ជើង​» ដែល​ការ​ប្រមាថ​ទៅ​លើរូប​ទេវតាបែប​នេះ​ ជាប្រផ្នូល​អាក្រក់​បំ​ផុត​សម្រាប់​ជី​វិត​នយោបាយ​របស់​ កឹម សុខា។ គ្រោះ​ថ្នាក់​ដែល កឹម សុខា បាន និង​កំ​ពុង​ជួប​ប្រទះ​ និង​ប្រឈម​មុខនេះ តើ​វាជាបាបកម្ម ឬ​ក៍ត្រូវ​បណ្តាសារ? ៕
ដោយៈ​  ទិត សុធា​

No comments:

Post a Comment