ជាមួយនឹងចំណងច្បាប់យ៉ាងតឹងមាំ ដែលមិនអាចស្រាយរួច គឹបានសម្លាប់ជីវិតនយោបាយរបស់លោកសម រង្ស៊ី និងបញ្ចប់ទាំងស្រុងនូវឥទ្ធិពលរបស់មេបក្សម្នាក់នេះឱ្យទន់ឆ្អឹងរើលែងរួច។
ដើម្បីឆ្លើយតបទៅនឹងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើឡើង គឺរាជរដ្ឋាភិបាលបានប្រឹងប្រែងពង្រឹងនូវការអនុវត្តច្បាប់ជាអទិភាព និងបានចាត់វិធានការជាបន្តបន្ទាប់ទៅលើជនប្រព្រឹត្តបទល្មើស ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយឡើយ។
យ៉ាងណាមិញ ករណីសំនុំរឿងរបស់ទណ្ឌិត សម រង្ស៊ី ក៏មិនមែនជាប្រធានបទក្តៅ ចោទជាបញ្ហាអំពីការកៀបសង្កត់ បំបិទសិទ្ធិនយោបាយបក្សប្រឆាំង សិទ្ធិបញ្ចេញមតិ ឬក៏រាជរដ្ឋាភិបាលខ្លាចឥទ្ធិពលរបស់លោក សម រង្ស៊ី ទើបបានជារកវិធីរាំងខ្ទប់ផ្លូវមិនឱ្យមេបក្សប្រឆាំងចូលស្រុក ដូចការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល និងក្រុមដែលមានគំនិតខ្វែងជាមួយរដ្ឋាភិបាលបានលើកឡើងនោះទេ គឺវាពិតជាលោក សម រង្ស៊ី បានដើរដល់មាត់ជ្រោះដោយខ្លួនឯង។
បញ្ហារបស់លោកសម រង្ស៊ី គឺពិតជាផ្តើមចេញពីការដើរខុសផ្លូវផ្នែកយុទ្ធសាស្ត្រនយោបាយផ្ទាល់ខ្លួន និងសកម្មភាពជុំវិញឥរិយាបថនៃចេតនា « យកច្បាប់ទ្រាប់អង្គុយ» ។
តើទង្វើដកបំផ្លាញតម្រុយបង្គោលព្រំដែន ការក្លែងឯកសារផែនទី ការជេរប្រមាថ និងផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ អុជអាល បង្កចលាចលសង្គម អំពើទាំងនោះ បានឆ្លុះបញ្ចាំងអ្វីខ្លះ អំពីការចូលរួមអនុវត្តកាតព្វកិច្ចពង្រឹងនីតិរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យ និងជាមោទនភាពសម្រាប់ជាតិដែរឬទេ? ។ (សូម្បីតែសហគមន៍អន្តរជាតិក៏អស់ជំនឿលើលោកសម រង្ស៊ីដែរ)។
តើអ្នកណាជាអ្នកបញ្ជាឱ្យលោក សម រង្ស៊ី ទៅដកតម្រុយបង្គោលព្រំដែនកម្ពុជា‑វៀតណាម? តើលោក សម រង្ស៊ី ដឹងទេថា ទង្វើនោះ គឺជាអំពើបំពានច្បាប់រដ្ឋដែរទេ? តើអ្នកតំណាងរាស្ត្រមានសិទ្ធិធ្វើដូច្នោះមែនឬ? តើនៅលើពិភពលោកអ្នកតំណាងរាស្ត្រជាអ្នកដក និងដាំបង្គោលព្រំដែន ឬក៏ការងារនោះជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលជាអ្នកអនុវត្ត ?
ប្រទេសនៅលើសកលលោក ដែលមាននូវការអភិវឌ្ឍរីកចំរើន ការធានានូវសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម គឺគេខិតខំរិតបន្តឹងខ្លាំងណាស់ការគោរព និងអនុវត្តច្បាប់យកធ្វើជាមូលដ្ឋាន។ចុះអំពើរបស់លោក សម រង្ស៊ី តើលោកបានដើរត្រឹមត្រូវតាមគន្លងលទ្ធិប្រជាធិបតេយ្យដែរឬទេ? គឺគេអាចឆ្លើយបានភ្លាមថា ពិតជាបញ្រ្ចាស់ពីគោលការណ៍ច្បាប់ទាំងស្រុង។ ផ្ទុយទៅវិញ លោកសម រង្ស៊ី បានសម្រេចចិត្តយកច្បាប់ព្រៃមកអនុវត្ត បើទោះជាដឹងថា សកម្មភាពរបស់គាត់មិនអាចទាក់ទាញសម្លេងគាំទ្រពីសាធារណមតិជាតិ និងសហគមន៍អន្តរជាតិក៏ដោយក្តី។
រាជរដ្ឋាភិបាលបានរងគ្រោះច្រើនពេកហើយ ដែលត្រូវបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន វាយប្រហារ ចោទប្រកាន់ជាបន្តបន្ទាប់ដោយគ្មានមូលដ្ឋាន ក្រោមលេសថា ប្រព័ន្ធតុលាការស្ថិតក្រោមសម្ពាធនយោបាយរបស់រាជរដ្ឋាភិបាល ប៉ុន្តែ ផ្ទុយទៅវិញពួកគេនាំគ្នាខិតខំបំភ្លេចចោលទាំងស្រុងនូវទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរដែលទណ្ឌិតម្នាក់នេះ បានប្រឹងប្រែងទាញទម្លាក់នីតិរដ្ឋឱ្យធ្លាក់ចុះដល់បាតដាល ធ្វើយ៉ាងណាដើម្បីឱ្យដើរស្របតាមផលប្រយោជន៍ក្រុម និងបក្ខពួករបស់ពួកគេ។
ជាញឹកញ៉ាប់ទណ្ឌិត សម រង្ស៊ី បានប្រើឧបករណ៍បំពងសម្លេងពីក្រៅប្រទេសដូចជា វីដេអូ ខន់ហ្វើរិន និងបានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាខេមរភាសាមួយចំនួន មកបំពុលបរិយាកាសសង្គមខ្មែរ ថាការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃអាក្រក់បំផុតដោយមិនបានគោរពសិទ្ធិមនុស្ស និងចោទថា ការបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌នោះទេ។
ប៉ុន្តែ ទណ្ឌិតរូបនេះ មិនមានអំណះអំណាងផ្លូវច្បាប់ណាមួយរឹងមាំ និងច្បាស់លាស់ ដើម្បីបកស្រាយការពារខ្លួន និងមាននូវភាពក្លាហានតតាំងគ្នានៅចំពោះមុខតុលាការម្តងណាឡើយ ក្រៅតែពីការប្រព្រឹត្តខុសច្បាប់ហើយ រត់គេចខ្លួនទៅក្រៅប្រទេស និងយកទឹកដីបរទេសសម្រាប់ធ្វើជាទីលានវាយប្រហារ កំទេចស្រុកខ្មែរ ដើម្បីបិទបាំងកំហុសរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះទេ បុគ្គលរូបនេះគ្មានភាពច្បាស់លាស់ និងរក្សានូវសម្តីរបស់ខ្លួនម្តងណាទេ គឺបន្ទាប់ពីកសាងកំហុសម្តងហើយម្តងទៀត និងបានសុំទោសជាសាធារណៈថា ខ្លួនគាត់នឹងឈប់ប្រព្រឹត្តនូវកំហុសឆ្គងសារជាថ្មីទៀតហើយ ប៉ុន្តែ រូបគាត់(សម រង្ស៊ី) មិនបានទម្លាក់ចោលនូវគំនុំផ្ទាល់ខ្លួននោះទេ គឺបន្តសងសឹកត្រឡប់វិញ ដូចអ្វីដែលទណ្ឌិតរូបនេះធ្លាប់ប្រកាសថា ធ្វើយ៉ាងណាឱ្យស្រុកខ្មែរឆោឡោ និងចលាចល។
សម រង្ស៊ី គួរគប្បីបញ្ឈប់នូវសកម្មភាពរបស់ខ្លួន និងគួរឈប់លាបពណ៌ ឬក៏បង្កនូវភាពកករល្អក់ដាក់មកលើរាជរដ្ឋាភិបាល ពីព្រោះរូបលោកសព្វថ្ងៃជាទណ្ឌិត គឺសិទ្ធិនយោបាយត្រូវបានបញ្ចប់ហើយ ហើយម៉្យាងទៀត ធាតុពិតការរត់ចោលស្រុករបស់លោក គឺមិនមែនសម្តេចតេជោ ហ៊ុន សែន ជាអ្នកបណ្តេញនោះទេ គឺរូបគាត់សម្រេចចិត្តរត់ចោលស្រុកដោយខ្លួនឯងបន្ទាប់ពីដឹងថា ខ្លួនធ្វើខុសច្បាប់ហើយនោះ។
ក្នុងបរិបទនេះ លោក សម រង្ស៊ី កំពុងប្រឈមនឹងនីតិវិធីបន្ថែមទៀតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាក់ទងនឹងសកម្មភាពឃោសនារបស់លោកពីក្រៅប្រទេស ពីព្រោះតាមច្បាប់«ទណ្ឌិត គឺត្រូវបានបញ្ចប់ជាស្ថាពរអំពីសិទ្ធិធ្វើនយោបាយ និងក៏ពុំមានសិទ្ធិបោះឆ្នោត ហើយក៏គ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ»។
ដោយឡែក កិច្ចខិតខំប្រឹងប្រែងណាមួយរបស់លោកប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដូចមានក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១២ ថា គួរតែលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ប្រើការទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបើកផ្លូវឱ្យ លោកសម រង្ស៊ីចូលស្រុកដើម្បីចូលរួមបោះឆ្នោតឆ្នាំ ២០១៣ នោះ ត្រូវបានក្រុមអ្នកវិភាគខ្លះគិតថា បញ្ហាបុគ្គលម្នាក់ជាទណ្ឌិតដូចជារូបលោកសម រង្ស៊ី គឺជាអនុវត្តដែនសមត្ថកិច្ចនៃប្រព័ន្ធច្បាប់របស់កម្ពុជា ហើយវាមិនស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាននោះទេ។
និយាយជារួមទណ្ឌិត សម រង្ស៊ី បានដើរដល់មាត់ជ្រោះដោយខ្លួនឯង ដែលជាទីអវសាន្ត នៃជីវិតនយោបាយ៕
អត្ថបទដោយៈ សុខ សំណាង
No comments:
Post a Comment