Tuesday, June 25, 2013

បទវិភាគនយោបាយ រលកស៊ូណាមិថ្មី ក្នុងគណបក្ស សមរង្ស៊ី

រដូវបោះឆ្នោតបានខិតជិតមកដល់ គណបក្សនយោបាយភាគច្រើន កំពុង​មានការមមាញឹកយ៉ាងខ្លាំង​ក្នុងការ​រៀបចំរច​នា​សម្ព័ន្ធ និង ពង្រឹងកម្លាំងតាមមូលដ្ឋាន ដែលជាសមាជិកគណបក្សរបស់ខ្លួន ។ ចំណែក​គណបក្ស​​កាន់អំណាច ​គឺគណបក្ស​ប្រជាជន​កម្ពុជាវិញ ដោយមានភាពរឹងមាំខ្លាំងលើគ្រប់វិស័យ ពិសេស​រចនាសម្ព័ន្ធ​គ្រប់គ្រង​គ្រប់ជាន់ថ្នាក់​មាន​ភាពល្អប្រសើរហើយនោះ ក៏បានបង្ហាញភាព​រវល់វក់វីនឹងការ​ចុះជួយ​ប្រជា​ពលរដ្ឋដែលរងគ្រោះ​ទឹកជំនន់ ដោយមិនគិតពីនិន្នាការគណបក្សនយោបាយឡើយ​ ។ ម៉្យាងទៀត គណបក្ស​ប្រជាជន​កម្ពុជា ថែម​ទាំង​បាន​អំពាវ​នាវស្វែងរកជំនួយគ្រប់រូបភាពពីអង្គការជាតិ អន្តរជាតិ គណបក្ស​នយោបាយ​ក្នុង​ស្រុក​ឲ្យងាកមកជួយប្រជាពលរដ្ឋ ដែលលិចលង់ដោយគ្រោះធម្មជាតិ គំរាមកំហែង​ដ៏ធ្ងន់​ធ្ងរនេះ ។

ដោយឡែកគណបក្ស សម រង្ស៊ី វិញ គួរឲ្យអស់សំណើចណាស់ គឺគណបក្សនេះកំពុងតែរវល់​ឈ្លោះ​បែកបាក់ផ្ទៃក្នុង ក្នុងការដណ្តើមអំណាចគ្នាក្នុងគណបក្ស ដោយមិនរវល់នឹងបញ្ហាចំពោះមុខ ដែលប្រទេសជាតិ​ជួបប្រឈមយ៉ាងធ្ងន់ធ្ងរ​នូវ​​គ្រោះ​ទឹកជំនន់ឡើយ ។ មិនតែប៉ុណ្ណោះគណបក្ស សម រង្ស៊ី ដែលតែងតែអួត​ក្អេងក្អាងថា ជាគណបក្សប្រកាន់​នូវលទ្ធិប្រជាធិបតេយ្យនោះ បែរជាដើរមិនចំផ្លូវលទ្ធិប្រជាធិបតេយ្យពិតបា្រកដ ដែលខ្លួន​តែង​តែ​លើកឡើង​នោះទេ ហើយថែមទាំងបានអនុវត្តន៍ផ្ទុយ​ពី គោលការណ៍ នេះ​​​ទៅវិញ ដោយបានបណ្តេញសមាជិកជាន់ខ្ពស់ ថ្នាក់រដ្ឋសភា និង ព្រឹទ្ធសភា ចេញពី​បក្សដោយគ្រាន់តែ លាបព៌ណ​ចោទប្រកាន់​​ក្រុមសមាជិកទាំងនោះ ថាក្បត់គណបក្ស និង​ជា​ខ្សែ​រយៈ​ឲ្យ​អ្នកនេះ អ្នកនោះ ។

បើយើងបិទភ្នែកនឹកគិតស្រមៃបន្តិចទៅ យើងនឹងនឹកឃើញដល់របបគ្រប់គ្រងរបស់ខ្មែរក្រហម បីឆ្នាំ បាំ្របីខែ ម្ភៃថ្ងៃ ដែលបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជិត ពីរលាននាក់នោះ គឺមានរូបភាពដូចគ្នាទៅនឹង រូបមន្ត ដែល​គណបក្ស សម​ រង្ស៊ី បានយកមកប្រើលើសមាជិកជាន់ខ្ពស់ នៃគណបក្សនេះអញ្ចឹង ព្រោះថាបើ​គេ​ចង់​សម្លាប់​នរណា​ម្នាក់​នៅក្នុង​របប​នោះ គេគ្រាន់តែលាបពណ៌អ្នកនោះថា ជាជនក្បត់បដិវត្តន៍ គឺជាការស្រេច ។

អ្វី​ដែល​គួរឲ្យ​ចាប់​អារម្ម​ណ៍ជាង​នេះ​ទៅ​ទៀត​នោះ​ គឺបន្ទាប់​ពី​មានការ​ដាក់ពាក្យ​បណ្តឹង​របស់​អ្នក​តំ​ណាង​រាស្ត្រ​ម្នាក់​នៃគ​ណ​បក្ស​ សម រង្ស៊ី  ដែល​ត្រូវ​បានគេបណ្តេញចេញ​ពី​តួនាទីជាអ្នក​តំ​ណាង​រាស្ត្រនៅ​ពេល​ថ្មីៗ​​ ទៅ​តុលាការ​រាជ​ធានីភ្នំ​ពេញ​ ដើម្បី​ស្វែងរក​យុត្តិ​ធម៌ បែរជា​ត្រូវ​បាន​លោក​ គង់​ គាំ ប្រធាន​ស្តី​ទី​គណបក្ស សម រង្ស៊ី ព្រមាន​ដល់​ចៅ​ក្រម​ឲ្យ​បញ្ឈប់​​ការប្រើ​អំ​ណាច​តុលាការ​មកជ្រៀត​ជ្រែក​ការ​លុប​ឈ្មោះ​នេះ​ទៅ​វិញ​ ដែល​ទង្វើ​របស់​លោក គង់​ ​គាំ គឺបាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ជា​ការ​កៀប​សង្កត់ និង​ជ្រៀត​ជ្រែក​យ៉ាង​កំ​រោល​ ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ដែល​ជា​ស្ថាប័នឯករាជ្យ​ ត្រូតែ​មាន​កាតព្វ​កិច្ចចាត់​ការ​ទៅ​តាម​នីតិ​វិធី​នៃច្បាប់។

ដូច្នេះទង្វើររបស់គណបក្ស សម រង្ស៊ី ជាពិសេស លោក សម រង្ស៊ី ផ្ទាល់ គឺជាអំពើអមនុស្សធម៌ និង ឃោរឃៅ មិនចាញ់​របបខ្មែរក្រហមឡើយ ព្រោះបានបោកបា្រស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង បា្រក់​កាស​របស់​អ្នក​​ដ៏ទៃអស់​យ៉ាង​ច្រើន​ហើយ ទើបធ្វើការទាត់អ្នកទាំងនោះចោល ដោយគ្មាននឹកទៅ​ដល់គុណ​បំណាច់​នៃការតស៊ូរបស់អ្នក​ទាំងនោះ​បន្តិចបន្តួចសោះឡើយ ដែលផ្ទុយស្រឡះពីគណបក្សប្រជាជនកម្ពុជា តែងតែយក​ចិត្តដាក់​គ្រប់យ៉ាងដល់​សមាជិក​​បក្ស គឺគ្រប់​គ្នា សុទ្ធតែទទួលបានការ​សណ្តោស​ប្រណី​នឹងគិតគូពីថ្នាក់ដឹក​នាំ​​​កំពូលៗ ។ របៀប​នេះ​នៃ​ការ​ដឹក​នាំដ៏​ល្អនេះ ទើប​គណ​បក្សប្រជាជនកម្ពុជា មានភាពរឹងមាំដូចសព្វថ្ងៃនេះ ។

ប៉ុន្តែរឿងដែលគួរឲ្យអាណិតអាសូរជាងនេះទៅទៀតនោះ គឺអង្គការជាតិ អន្តរជាតិខ្លះ និងក្រុមអ្នកវិភាគ​ឯករាជ្យ​ដែល​តែង​តែ​ប្រកាសគាំទ្រលទ្ធិប្រជាធិបតេយ្យមិនដាច់ពីមាត់ថា អយុត្តិធម៌អញ្ចេះ អយុត្តិធម៌​អញ្ចុះ តែ​ដល់​ពេល​គណបក្ស សម រង្ស៊ី បណ្តេញសមាជិកតំណាងរាស្រ្ត និង សមាជិកព្រឹទ្ធសភា ដែលខុសនឹង​គោល​ការណ៍​លទ្ធិប្រ​ជាធិប​តេយ្យ និង​ជាការ​ប្រមាថដល់អ្នកបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន ស្រាប់តែមាន​សភាពស្ងាត់ឈឹង គ្មានក្រុមណា​មួយចេញ​មក​ជួយ​បក​ស្រាយដោយសំអាងច្បាប់នេះ ច្បាប់នោះសោះ បែរជា​ទុកឲ្យក្រុមអ្នកតំណាងរាស្រ្ត​ទាំង​នោះទទួល​រង​អយុតិ្តធម៌​តាមកម្ម​ព្រេងវាសនាទៅវិញ នេះហើយដែលគេតែង​តែ​និយាយ​ថា​ ការអនុវត្តច្បាប់​ពីរ​ខុសគ្នាលើបញ្ហាតែមួយ ដែលក្រុម​អង្គការ​ជាតិ អន្តរជាតិខ្លះ និង​ អ្នកវិភាគ​ឯករាជ្យ​មួយចំនួនតែងតែប្រកាន់​យក​​ដើម្បីធ្វើការ​ចោទប្រកាន់​លើគណ​បក្សប្រ​ជាជន​កម្ពុជា​ កន្លងមកនោះ ។

សរុបសេចក្តីមក សកម្មភាពគណបក្ស សម រង្ស៊ី ដែលបានធ្វើមកលើសមាជិកជាន់ខ្ពស់របស់គណបក្ស ខ្លួន​ឯង​បែបនេះ គឺបានបង្ហាញយ៉ាងច្បាស់ដល់មតិជាតិ អន្តរជាតិ ថាជាអំពើផ្តាច់ការ និង អមនុស្សធម៌ គ្មានការទទួលខុសត្រូវ មិនអាចទុកចិត្តបានទាំងក្នុងក្របខណ្ឌគណបក្ស និង ក្នុងក្របខណ្ឌជាតិ ថែមទាំង​មិនបានជួយជំរុញ​ការអនុវត្ត​លទ្ធិ​ប្រ​ជា​ធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរទៀតផង ។ ផ្ទុយទៅវិញធ្វើឲ្យការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​​ ក្នុង​ក្រប​ខណ្ឌ​​គណ​បក្ស​ និងការបញ្ចេញមតិទស្សនៈក្នុងក្របខណ្ឌគណបក្សនឹងថយចុះ ហើយ​លក្ខណៈទាំង​នេះនឹងធ្វើឲ្យ​​គណបក្ស សម រង្ស៊ី ឈានទៅរកភាពបែកបាក់កាន់តែខ្លាំងទៅៗ និងភាពរលំ​រលាយ​នា​ពេល​អនាគត​ជាក់ជាមិនខានឡើយ ៕

 ស.ធារឹទ្ធ

No comments:

Post a Comment