ស្វាយរៀង៖ នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០នេះ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយលំហាត់របៀប អប់រំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង បច្ចេកទេស និងក្បាច់គុន ជូននាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ចំនួនប្រមាណ១២០នាក់ ស្ថិតនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង។
ពិធីបិទវគ្គនេះមានការចូលរួមលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការងខេត្តស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយរងការិយាល័យទី៤ កងទ័ពជើងគោក តំណាងនាយកដ្ឋានផ្គត់ផ្គង់ លោកនាយរងការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី២ និងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តមអស់លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយរងការិយាល័យ នាយផ្នែក មេបញ្ជាការសឹករងផ្នែកក្រុង-ស្រុកទាំង៨ និងវរសេនាតូចទាំង២ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាសិក្ខាកាមសរុបវត្តមានប្រមាណ១២០នាក់។
នាឱកាសនោះ លោក សុខ រស់ អភិបាលរងខេត្ត បានថ្លៃនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការហ្វឹកហាត់ដើម្បីជាស្ពាននៃមូលដ្ឋានគ្រិះក្នុងការការពារសុខសន្តិភាព ទាំងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិគ្រោះថ្នាក់សង្គម ផ្សេងៗជាដើម។
លោកអភិបាលរងខេត្តបានពាំនាំប្រសាសន៍សំខាន់ៗរបស់អភិបាលខេត្តនូវចំណុចល្អៗមួយចំនួនដល់សិក្ខាកាមរួមមាន៖
១ -ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពី ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះ មហន្តរាយនានាជាយថាហេតុ។
២-ត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទាំងនៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្ត និងក្របខ័ណ្ឌទូទាំងប្រទេស។
៣-ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាពនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។
៤-ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។
៥-ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។
៦-ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុស ត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។
៧- ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែងក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសការការពារជំងឺឆ្លងជំងឺកូវីដ-១៩៕
No comments:
Post a Comment