Friday, September 25, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជំនួយរបស់រុស្ស៊ីគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា

 នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។ នៅក្នុងជំនួបនោះលោក ANATOLY BOROVIK បានគោរពនាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ នៅក្នុងឱកាសនោះដែរ លោក ក៏បានគោរពជម្រាបជូនលោក ហ៊ុន សែន អំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីគឺជាទំនាក់ទំនងដ៏ល្អដែលមានជាមួយគ្នាជាយូរមកហើយ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការដែលមានស្រាប់នេះ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀតដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២។

លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) បានថ្លែងអំណរគុណ និងអបអរសាទរចំពោះលោកនាយករដ្ឋមន្ត្រីផងដែរ ចំពោះកថ្ងៃខួបទី២៧ ឆ្នាំនៃថ្ងៃបង្កើត និងការប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។ តាមពិតទៅលោក អាណាថូលី បូរូវីក (ANATOLY BOROVIK)បានមកកាន់ប្រទេសកម្ពុជាយើងតាំងពីឆ្នាំ ១៩៨៤ ដែលមកបម្រើការងារជាលេខាទូតរបស់ស្ថានទូតរុស្ស៊ី។ លោក បានចំណាយពេលជាច្រើនឆ្នាំនៅកម្ពុជា ហើយលោក ក៏អាចនិយាយភាសាខ្មែរបានយ៉ាងច្រើនទៀតផង។ លោក ANATOLY BOROVIK បានមើលឃើញពីដំណើរការវិវត្តន៍ដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលកំពុងរីកចម្រើនទៅមុខជាលំដាប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជូនចំពោះរូបលោកផងដែរ ព្រមទាំងបានយល់ស្របជាមួយនឹងអ្វីដែលោកអគ្គរដ្ឋទូតបានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី និងបានថ្លែងអំណរគុណរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្សីដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមកជាពិសេសនៅក្នុងទសវត្សរ៍ ៨០ដែលកម្ពុជានាពេលនោះ កំពុងតែជួបវិបត្តិជាច្រើនបន្ទាប់ពីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពត មក។ មានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជាក្នុងសម័យនោះ។ ប៉ុន្តែរុស្សីជាមិត្តដែលបានជួយកម្ពុជារហូតមក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីជំនួយរបស់រុស្ស៊ីមកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗសម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ។ លើសពីនេះទៅទៀត លោក ក៏បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid-19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រើនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រើននៅក្នុងពិភពលោក។ ទន្ទឹមនឹងនោះដែរ លោក ក៏បានស្នើសុំដល់រុស្សីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសផងដែរ៕






No comments:

Post a Comment