Friday, September 25, 2020

មន្ត្រីជំនាញជួសជុលប្រាសាទភ្នំបាខែងមានមោទនភាពខ្លាំងណាស់ ចំពោះកិច្ចការងារអភិរក្សប្រាង្គប្រាសាទ ដើម្បីការពារ ថែរក្សាកេរ្ត៍មរតកដូនតាខ្មែរ

 សៀមរាប៖ ក្រោមស្នាដៃជួសជុលដោយកូនខ្មែរ និងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។

លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទបានចូលបម្រើការងារផ្នែកអភិរក្សតាំងឆ្នាំ២០០១ បានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងការជួសជុលប្រាសាទភ្នំបាខែងឱ្យរួចផុតពីគ្រោះថ្នាក់។

លោកបានបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើការជួសជុលមរតកដូនតាឱ្យល្អប្រសើរឡើងវិញ។ យើងខ្ញុំធ្វើការបម្រើអង្គរដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ ទាំងភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀមក៏រុញឡើង ថ្មនៅតែដាប់ ធ្វើការបែកដៃបែកជើង ហូរញើសជោកខ្លួនជាមួយបរទេសដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ ដូច្នេះ សូមបងប្អូនជួយស្រឡាញ់វត្ថុបុរាណនិងបេតិកភណ្ឌរបស់យើងឡើងវិញ។ យើងខ្ញុំស្រឡាញ់បេតិកភណ្ឌដូនតាណាស់»។

លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិប្រាសាទពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងថា WMF មានការិយាល័យនៅខេត្តសៀមរាបក្នុងឆ្នាំ១៩៩២ បានជួសជុលប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងបច្ចុប្បន្ននៅភ្នំបាខែង។ យើងជាអង្គការមិនរកប្រាក់ចំណេញ ដែលផ្តោតលើការអភិរក្សសមិទ្ធផលស្ថាបត្យកម្មពិភពលោក តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ដែលនៅជុំវិញបុរាណដ្ឋាន ដែលនឹងក្លាយជាអ្នក ជំនាន់ថ្មីបន្តថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ដោយខ្លួនឯងនាអនាគតប្រកបដោយជំនាញវិជ្ជាជីវៈតាមស្តង់ដារ។

លោកស្រី Ginevra បន្តថា «ខ្ញុំរីករាយដែលបានឃើញការខិតខំរបស់ពួកគេនៅក្នុងរឿងកិច្ចការអភិរក្ស តាមរយៈគំនិតផ្តួចផ្តើមនិងការប្រាស្រ័យទាក់ទងផ្សេងៗ។ លោកស្រីបន្ថែមថា ក្រុមការងារអន្តរជាតិទាំងអស់ដែលធ្វើការនៅតំបន់អង្គរនិងអាជ្ញាធរជាតិអប្សរាក៏កំពុងធ្វើការជាមួយគោលដៅរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា តាមរយៈការថែរក្សាមរតករបស់ខ្លួន តាមរយៈការផ្តល់ជំនាញថ្មីៗ និងឱកាសការងារមានស្ថេរភាព ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព ទំនុកចិត្ត និងការយល់ដឹងអំពីខ្លួនឯង នៅក្នុងប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាម៕





No comments:

Post a Comment