Friday, September 25, 2020

ពិធីផ្តល់ពូជកូនមាន់ដល់បណ្តុំកសិករឱ្យចិញ្ចឹមតាមបច្ចេកទេសនឹងទទួលបានទិន្នផលច្រើន

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (ឡាសិត២) ប្រចាំខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះចែកកូនមាន់ ចំណី ស្នូកចំណី និងស្នូកទឹកដល់បណ្តុំ គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ចចំនួន២៦គ្រួសារ ស្ថិតនៅភូមិសំបុកក្រៀល ក្នុងឃុំក្រាំងល្វា និងភូមិសុខសែនជ័យ ឃុំពាម ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំអនុសាសន៍សាកសួរសុខទុក្ខពីប្រមុខ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ តែងតែគិតគូររាល់សុខទុក្ខប្រជាពលរដ្ធគ្រប់រូបដែលជួបបញ្ហាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក បានបន្តទៀតថា ទាំងនេះគឺការយកចិត្តទុកដាក់របស់រាជរដ្ធាភិបាលកម្ពុជា ជាមួយដៃគូរអភិវឌ្ឃន៍ ជាពិសេសធានាគារពិភពលោកដែលជាម្ចាស់ជំនួយដ៏ធំក្នុងការជួយពង្រឹងធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមអោយកាន់តែប្រសើរឡើង ក៏ដូចជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទដោយផ្ដល់ជាជំនាញ ឬរបរបន្ថែមសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានប្រសើរជាងមុន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទូលបានកូនមាន់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការចិញ្ចឹមដោយអនុវត្តតាមរបៀប បច្ចេកទេសថ្មីតាមរយ:ការផ្តល់បទពិសោធន៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានបង្រៀនកន្លងមក ធ្វើយ៉ាងណាដើម្បីអោយការចិញ្ចឹមទទួលបាន ជោគជ័យហើយអាចបន្ថែមប្រាក់ចំណូលទ្រទ្រង់ជីវភាពកាន់តែធូរធារជាងមុន ពិសេសគឺអាចកាត់បន្ថយពីការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋទៀតផង។

លើសពីនោះ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា កូនមាន់ដែលយកទៅចែកជូននោះ គឺកូនមាន់អាយុ២១ថ្ងៃ ចំនួន១៣០០កូន ចំណីចំនួន២៦បេ ស្នូកចំណីចំនួន៥២ និងស្នូកទឹកចំនួន៥២ ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៦គ្រួសារ។ ដោយក្នុងនោះនៅភូមិសំបុកក្រៀលឃុំ ក្រាំងល្វាចំនួន១១គ្រសារ និងភូមិសុខសែនជ័យ ឃុំពាមចំនួន១៥គ្រួសារ ហើយក្នុង០១គ្រួសារ ទទូលបានកូនមាន់ចំនួន ៥០ក្បាល ចំណី០១បេ ស្មើ៣០គីឡូក្រាម ស្នូកចំណីចំនួន០២ និងស្នូកទឹកចំនួន០២ ផងដែរ ៕





No comments:

Post a Comment