Friday, September 25, 2020

កាកបាទក្រហមស្រុកស្រុកស្វាយជ្រំ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ

 ស្វាយរៀង៖ ក្រោយពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ អំពីករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី ភួង សារី លេខាគណៈកម្មាធិការសាខា និងសហការី នាំយកអំណោយមនុស្សធម៌ចុះទៅសួរសុខទុក្ខ ដល់គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យកាលពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ ដែលបណ្តាលមកពីដាំទឹកហូបក្បែរចំបើងដែលទុកនៅលើផ្ទះ ក៏ឆាបឆេះផ្ទះទំហំ ៤X៦ ម សង់ពីឈើដំបូលសង្ក័សីខូចខាតទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់របស់ឈ្មោះ ភឹម ម៉ន អាយុ ៨៤ ឆ្នាំ នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ។

ក្នុងឱកាសនោះលោកស្រី ភួង សារី បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។

ជាមួយគ្នានេះលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ផ្ទាំងសូឡា ត្រូវឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ ។

អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងថវិកា ៤០០,០០០ រៀល ៕





No comments:

Post a Comment