Wednesday, December 20, 2017

គោលដៅយុទ្ធសាស្រ្តជាតិរបស់ Donald Trump លើចិន និងរុស្ស៊ី ដែលមានគោលបំណងបំផ្លាញសន្តិសុខ និងភាពរីកចម្រើនរបស់អាមេរិក

ប្រធានាធិបតីអាមេរិកបាននិយាយថា ប្រទេសចិន និងរុស្ស៊ីបានប្តេជ្ញាធ្វើឱ្យសេដ្ឋកិច្ចកាន់តែមិនសេរី និងមិនយុត្តិធម៌ ដើម្បីបង្កើនកងទ័ព និងពង្រីកឥទ្ធិពលរបស់ពួកគេ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ីថា កំពុងព្យាយាមប្រកួតប្រជែងអំណាចរបស់អាមេរិក និងព្យាយាមបំផ្លាញផលប្រយោជន៍សន្តិសុខរបស់អាមេរិក បើទោះបីជាប្រធានាធិបតីរូបនោះបានដាក់សម្ពាធប្រទេសទាំងពីរ  ឲ្យទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយ។

យោងតាមឯកសារនៃសុន្ទរកថាយុទ្ធសាស្ដ្រសន្តិសុខជាតិជាលើកដំបូង ដែលបានចេញផ្សាយដោយសេតវិមាន លោក Trump បាននិយាយថា «ប្រទេសចិន និងរុស្ស៊ីកំពុងប្រកួតប្រជែងនឹងអំណាច ឥទ្ធិពល និងផលប្រយោជន៍របស់អាមេរិក ដែលព្យាយាមបំផ្លាញសន្តិសុខ និងវិបុលភាពរបស់អាមេរិក»។

ប្រធានាធិបតីអាមេរិកក៏បានអះអាងផងដែរថា ប្រទេសចិន និងរុស្ស៊ីកំពុងអភិវឌ្ឍន៍       «សមត្ថភាព និងអាវុធទំនើបៗ» ដែលអាចគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទីបញ្ជា និងផែនការគ្រប់គ្រងរបស់អាមេរិក។

លោកមិនបានបញ្ជាក់លម្អិតអំពីអាវុធទាំងនោះទេ។

លោក Trump បានបន្តរិះគន់ជំហររបស់ចិនក្នុងសមុទ្រចិនខាងត្បូងដោយនិយាយថា «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកសាងទីតាំងយោធានៅសមុទ្រចិនខាងត្បូងអាចបង្កគ្រោះថ្នាក់ដល់លំហូរពាណិជ្ជកម្មដោយសេរី ការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសដទៃទៀត និងបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់»។

លោក Trump បាននិយាយថា «យើងកំពុងតែចូលរួមនៅក្នុងសករាជថ្មីនៃការប្រកួតប្រជែង»។ លោកប្រធានាធិបតីបាននិយាយថា សហរដ្ឋអាមេរិកបានទទួលយកការប្រកួតប្រជែងផ្នែកយោធា និងនយោបាយដែលមានភាពរឹងមាំ ដែលឥឡូវនេះកំពុងតែដើរតួជុំវិញពិភពលោក។

 លោក Trump និយាយថា «យើងនឹងបង្កើនការប្រកួតប្រជែងរបស់យើងដើម្បីប្រឈមនឹងបញ្ហាប្រឈមទាំងនោះ ដើម្បីការពារផលប្រយោជន៍របស់អាមេរិក និងជំរុញគុណតម្លៃរបស់យើង» ។

គាត់បានប្តេជ្ញាការពារកម្មសិទ្ធិបញ្ញារបស់អាមេរិក។ ដៃគូប្រកួតប្រជែងអាមេរិកដូចជាចិនអាចលួចយកបច្ចេកវិទ្យា និងគំនិតពីមុនៗដែលមានកម្មសិទ្ធិបញ្ញា។

លោកប្រធានាធិបតីក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកត្រូវតែប្រកួតប្រជែងជាមួយចិន និងរុស្ស៊ីក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រទេសទាំងពីរកំពុងពង្រីកឥទ្ធិពលរបស់ពួកគេ ដោយទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងប្រឆាំងនឹងអាមេរិក។ លោក Trump បាននិយាយថា «ការប្រកួតប្រជែងមិនមានន័យថា តែងតែប្រទូសរ៉ាយឬ វានាំឱ្យមានជម្លោះចៀសមិនរួចនោះទេ» «ទោះបីជាពួកគេដឹងច្បាស់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារផលប្រយោជន៍របស់យើង»។

លោក Trump បាននិយាយថា កូរ៉េខាងជើងស្វែងរកសមត្ថភាពដើម្បីសម្លាប់ជនជាតិអាមេរិករាប់លាននាក់ជាមួយអាវុធនុយក្លេអ៊ែរ។ «ខណៈមីស៊ីលកើនឡើងចំនួន ប្រភេទ និងប្រសិទ្ធិភាព រួមបញ្ចូលទាំងមីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយ មីស៊ីលទាំងនោះគឺជាមធ្យោបាយបំផុតសម្រាប់បណ្តារដ្ឋ ដូចជាកូរ៉េខាងជើង ដើម្បីប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក»។

លោក Trump បាននិយាយថា «យើងមិនអើពើនឹងការគំរាមកំហែងពីការរីករាលដាល និងការអភិវឌ្ឍអាវុធដ៏ប្រល័យលោកកាន់តែយូរ ការគំរាមកំហែងទាំងនោះកាន់តែអាក្រក់ ហើយជម្រើសការពាររបស់យើងកាន់តែមានតិច»៕

​​​​ប្រភព: South China Morning Post ចុះថ្ងៃទី១៩ ខែធ្នូ​​ ឆ្នាំ២០១៧


No comments:

Post a Comment