Wednesday, December 20, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរឱ្យយកចិត្តទុកដាក់ចំពោះជីដូនជីតាចាស់ដោយសារអាកាសធាតុចុះត្រជាក់

នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យគ្រប់ក្រុមគ្រួសារផ្តោតការយកចិត្តទុកដាក់ចំពោះជី​ដូនជីតាចាស់ៗនៅក្នុងគ្រួសារដោយសារពួកគាត់ចាញ់អាកាសធាតុត្រជាក់បែបនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើតាមការព្យាករណ៍អាកាសធាតុនឹងត្រឡប់ទៅធម្មតាវិញនៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ លោក ក៏បានសំណូមពរដល់កម្មករនិយោជិតទាំងអស់យកចិត្តទុកដាក់ចំពោះសុខភាពទាំងអស់គ្នានៅក្នុងឱកាសដែលអាកាសធាតុចុះត្រជាក់បែបនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោកតែងយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធផងដែរតាមរយៈការចែកអាវរងារផងដែរ។

គួរបញ្ជាក់ថា កាលពីម្សិលមិញ នៅតាមបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរក្នុងពេលវេលាដែលអាកាសធាតុចុះត្រជាក់ខ្លាំងដោយបានបញ្ជាក់ថា  «សុខសប្បាយជាទេបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេ​ស​? នៅទីក្រុងភ្នំពេញព្រឹកនេះ ធាតុអាកាសត្រជាក់ខ្លាំង ហើយបន្ថែមដោយខ្យល់ធ្លាក់មកទៀត គឺរងារទាំងព្រឹកតែម្តង។ សូមបងប្អូនឆ្លៀតពេលហាត់កីឡានៅពេលព្រឹកដើម្បីសុខភាព។ ចំពោះបងប្អូនកូនក្មួយដែលជាកងទ័ពការពារនៅតាមព្រំដែន ត្រូវតែថែរក្សាសុខភាពអោយបានល្អ ហើយស្លៀកពាក់ខោអាវរងារការពារខ្លួន អោយបានជាប់កុំអោយមានជំងឺតម្កាត់ផ្សេងៗ»៕







No comments:

Post a Comment