Wednesday, December 20, 2017

ទស្សនៈវិភាគ៖​ បោកលុះក្ស័យ ~ ក្ស័យហេីយនៅតែបោក !

យុទ្ធសាស្ត្រនយោបាយដ៏អាក្រក់ផុតលេខរបស់បក្សប្រឆាំងក្រៅច្បាប់នៅកម្ពុជា គឺបោកទាំង ពលរដ្ឋក្នុងស្រុក បោកទាំងពលរដ្ឋខ្មែរឯនាយសមុទ្រ និងបោកទាំងសហគមន៍អន្តរជាតិ។ លើសពីពាក្យខ្មែរយើងដែលតែងតែនិយាយថា បោកលុះខ្ស័យនោះទៅទៀត ពីព្រោះពួកមេៗគណបក្សនេះបោកនោះបោករហូតទាល់តែរលាយខ្លួនទៅហើយក៏នៅតែមិនព្រមឈប់ទៀតគឺនៅតែបន្តបោកឥតល្ហែ។ ដូច្នេះ គេអាចនិយាយបានថា «បោកលុះក្ស័យ ក្ស័យ ហេីយនៅតែបន្តបោក»។
ដើម្បីជាអំណះអំណាង សូមពិនិត្យមើលចរិតរបស់បក្សប្រឆាំងនៅកម្ពុជាដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងដ៏ឆ្នេីម។ ចាប់តាំងពីកកើតបក្សដាក់ឈ្មោះខ្លួនឯងនៅឆ្នាំ ១៩៩៥ មក ទណ្ឌិត សម រង្ស៊ី មិនដែលយកខួរក្បាលទៅគិតរឿងការកសាងសមិទ្ធផលដើម្បីបង្កើតស្នាដៃល្អៗជូនជាតិ និងប្រជាជនសម្រាប់ទាក់ទាញការគាំទ្រទេ ប៉ុន្តែ ខួរក្បាលអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីម្នាក់នេះ គិតចេញតែរឿងអកុសល និងរឿងភូតកុហកដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ។ ឲ្យតែជិតដល់ពេលបោះឆ្នោត ពួកគេនាំគ្នាបោកប្រជាពលរដ្ឋថា គណបក្សគេនឹងឈ្នះឆ្នោត ហើយសន្យាខ្យល់ផ្តល់មុខតំណែងតួនាទីដល់អ្នកនេះ ឬអ្នកនោះ ដើម្បីឲ្យអ្នកទាំងនោះបន្តគាំទ្រទាំងស្មារតី និងថវិកា។ ពលរដ្ឋខ្លះលក់ដីធ្លី ស្រែចម្ការ លក់គោ ក្របី ឬខ្ចីលុយគេដើម្បីបង់ចូលបក្សជាថ្នូរនឹងការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ឬបេក្ខជនមេឃុំ មេស្រុក ឬចៅហ្វាយខេត្ត។ អ្នកដាក់លុយច្រើន បានទទួលការសន្យាតំណែងខ្យល់ខ្ពស់ អ្នកដាក់លុយតិចបានតំណែងតូច ពោលគឺ«តូចស៊ីតាមតូច ធំស៊ីតាមធំ»។ អ្នកក្នុងស្រុកដែលលុយមិនដល់បានត្រឹមតំណែងតូចតាច ចំណែកអ្នកក្រៅស្រុកសម្បូរលុយបានតំណែងតំណាងរាស្ត្រ។ ដល់ពេលបោះឆ្នោតហើយ លទ្ធផលចេញមកថាចាញ់ ពួកគេប្រើល្បិចថា មកពីមានការលួចបន្លំសន្លឹកឆ្នោតបានជាចាញ់។ ដើម្បីបោកអ្នកគាំទ្រ និងបេក្ខជនដែលបានដាក់លុយអស់ពីខ្លួនតែមិនបានតំណែង ពួកគេបង្កទៅជាចលនាបាតុកម្មដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ឬក៏ដើម្បីតថ្លៃជាមួយបក្សឈ្នះឆ្នោតក្រែងបានតំណែងខ្លះ។ ក្រោយពេលតវ៉ាអស់ចិត្តតែគ្មានលទ្ធផល ពួកគេក៏បោកមួយតង់ទៀតដោយបែរមកលួងលោមបេក្ខជន និងអ្នកគាំទ្រថា ចាំអាណត្តិក្រោយនឹងឈ្នះហើយ ដូច្នេះ សូមបងប្អូនបន្តការអត់ធ្មត់បន្តិចទៀត។

នៅឯក្រៅប្រទេសវិញ ជិតបោះឆ្នោត ពួកគេចែកជើងគ្នាដើរបោកលុយពីខ្មែរដែលរស់នៅឯនាយសមុទ្រ។ វិធីបោករបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកគឺដដែលៗ ពោលគឺតាមរយៈការបំភ្លៃសភាពការណ៍ថា ស្រុកខ្មែរកាន់របបផ្តាច់ការ ជិះជាន់ ធ្វើបាប សង្កត់សង្កិនប្រជាជនឥតត្រាប្រណី ហេីយប្រទេសកាន់តែក្ររទៅៗ ។ ដើម្បីមានភស្តុតាងខ្លះទៅបង្ហាញ ពួកគេបង្កើតព្រឹត្តិការណ៍ខុសច្បាប់មួយចំនួនដោយកេណ្ឌប្រជាជនឲ្យចូលរួមហើយពួកគេញុះញង់ឲ្យមានការប្រឈមមុខជាមួយសមត្ថកិច្ច។ ពេលនោះ ពួកគេរុញសភាពការណ៍ឲ្យមានអំពើហិង្សា ឈានដល់ការបង្ក្រាប ឬចាប់ខ្លួន ហើយពួកគេនាំគ្នាថត និងចុះផ្សាយព័ត៌មានថា អាជ្ញាធររាជរដ្ឋាភិបាលប្រើហិង្សាលើប្រជាជនខ្លួនឯង។ ទន្ទឹមនឹងនោះ ពួកគេក៏ផ្តើមផ្តល់ក្តីសង្ឃឹមដល់ខ្មែរឯនាយសមុទ្រថា គណបក្សរបស់ខ្លួននឹងឈ្នះឆ្នោតឆាប់ៗនេះដើម្បីដឹកនាំប្រទេស។ យុទ្ធសាស្ត្រនេះធ្វើឲ្យបក្សប្រឆាំងចំណេញកប់ក្តោងពីព្រោះ ខ្មែររស់នៅក្រៅប្រទេសមួយចំនួនដែលនៅដក់ជាប់ស្រមោលអតីតកាលឈឺចាប់កាលពីសម័យខ្មែរក្រហម ហើយមិនដែលសូវមានឱកាសមកលេងស្រុកផង ក៏នឹកស្មានថា ស្រុកខ្មែរពិបាកខ្លាំងណាស់ ក៏សុខចិត្តបេះពីមាត់ ពង្រាត់ពីកដើម្បីជួយបក្សប្រឆាំងដោយសង្ឃឹមថា អាចប្តូររបបដឹកនាំបាន។ ក្នុងមួយឆ្នាំៗ បក្សប្រឆាំងប្រមូលប្រាក់រាប់សិបលានដុល្លារ ប៉ុន្តែ ប្រាក់មួយភាគធំធ្លាក់ក្នុងហោប៉ៅមេបក្ស និងគូកនដោយម្នាក់ៗមានផ្ទះវីឡា ចម្ការម្រេច រថយន្តទំនើប និងប្រាក់ចាយមិនអស់ ហើយបន្តិចហោះទៅអាមេរិក បន្តិចហើរទៅបារាំង ហូឡង់ កាណាដា ស្វីស អាល្លឺម៉ង់ អូស្រ្តាលី តាមចិត្តចង់ ដោយគ្មានខ្វល់ ខ្វាយពីការចំណាយឡើយ។
បោកខ្មែរក្នុងស្រុក និងក្រៅស្រុកនៅមិនទាន់គ្រប់គ្រាន់ទេ តែទណ្ឌិត សម រង្ស៊ី និងបក្សពួកក៏មានជំនាញខ្លាំងណាស់ដែរក្នុងការបោកសហគមន៍អន្តរជាតិ។

វិធីបោករបស់ពួកគេក៏គ្មានអ្វីថ្មីដែរ គឺការបង្កើតព្រឹត្តិការណ៍ និងប្រើប្រាស់ព្រឹត្តិការណ៍នោះដើម្បីទម្លាក់កំហុសមកលើអាជ្ញាធររាជរដ្ឋាភិបាល។ ពួកគេប្រើប្រាស់«ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»ដែលពួកលោកខាងលិចផ្តល់តម្លៃខ្លាំងដើម្បីបោកពួកលោកខាងលិចវិញ។ នរណាក៏ដឹងដែរថា ទណ្ឌិតសម រង្ស៊ី និងគណបក្សប្រឆាំងរបស់គាត់ពោរពេញដោយបក្សពួកនិយម ពុករលួយ និងដឹកនាំតាមបែបផ្តាច់ការ គ្រួសារនិយម។ នៅក្នុងបក្សប្រឆាំង បើអ្នកណាហ៊ាននិយាយរិះគន់មេបក្ស ឬនិយាយការពិតពីចរិតរបស់មេៗ អ្នកនោះច្បាស់ជាត្រូវគេបណ្តេញចេញក្រោមលេសចោទប្រកាន់ថា «លក់ក្បាលឲ្យ ហ៊ុន សែន»។ បើបែបនេះ តើគេហៅថា ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស យ៉ាងដូចម្តេច? ទោះជាគេដឹងថា ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា ជាបក្សឥតប្រយោជន៍ ប៉ុន្តែ ដោយហេតុថា ពួកលោកខាងលិចដែលមានរបៀបវារៈនយោបាយយ៉ាងជាក់លាក់របស់ខ្លួន ជាពិសេសផលប្រយោជន៏ជាយុទ្ធសាស្ត្រក្នុងភូមិសាស្រ្តនយោបាយនៅអាសុី ក៏សុខចិត្តចាប់យកបក្សប្រឆាំងធ្វើជាកូនជឹងដើម្បីប្រើជាឈា្នន់ពីព្រោះ ពួកបរទេសទាំងនោះចាប់បានចំណុចខ្សោយរបស់ សម រង្ស៊ី ថាមនុស្សនេះស្រេកឃ្លានអំណាចខ្លាំងណាស់ ហើយមានខួរក្បាលមិនមែនខ្មែរចំទេ។ ដូច្នេះ ពួកមហាអំណាចងាយបញ្ជាខ្លាំងណាស់ ពោលគឺ«ថាឆ្វេងៗ ថាស្តាំៗ»។

ល្បិចបោកដដែលៗត្រូវបានទណ្ឌិតសម រង្ស៊ី ប្រើប្រាស់ និងដែលទទួលបានប្រយោជន៍ជាង ២០ ឆ្នាំ បានផ្តើមសាបរលាបយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពលរដ្ឋក្នុងស្រុកផ្តើមអស់សង្ឃឹមទៅលើបក្សមួយនេះ ហើយក៏លែងសូវដាក់លុយដូចពីមុនទៀតដែរ។ ម្យ៉ាងដោយសារអ្នកខ្លះអស់រលីងពីខ្លួនដោយការចាញ់បោកនយោបាយ សម រង្ស៊ី និងម្យ៉ាងទៀតដោយសារ ពួកគេមិនបានឃើញលទ្ធផលអ្វីទាំងអស់ គឺមានតែការសន្យាខ្យល់ដដែលៗ។ ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់ចុងក្រោយនេះ បក្សប្រឆាំងខកចិត្តខ្លាំងណាស់ពីព្រោះយោងលើលទ្ធផលការបោះឆ្នោតឆ្នាំ ២០១៣ និងអ្វីដែលគេរំពឹងថា អាចបោកបានបន្ថែមទៀតនោះ បក្សប្រឆាំងបានប៉ាន់ប្រមាណថា គេអាចទទួលបានកៅអីឃុំសង្កាត់ដល់ទៅជាង ៦០% ឯណោះ។ ប៉ុន្តែ លទ្ធផលជាក់ស្តែងគឺទទួលបានតែជាង ៤០% ប៉ុណ្ណោះ។ ផ្ទុយទៅវិញ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បែរជាកើនសំឡេងដល់ទៅជាង ៣ សែនសំឡេងធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។ តាមសេណារីយោដែលបានគ្រោងទុក បក្សប្រឆាំងមិនអាចទទួលយកលទ្ធផលដ៏គួរឲ្យអស់សង្ឃឹមបែបនេះទេ។ ប៉ុន្តែ ដោយសារតែការបោះឆ្នោតចុងក្រោយនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយថា ជាការបោះឆ្នោតដ៏ល្អ ត្រឹមត្រូវ និងមានវិជ្ជាជីវៈ ម៉្លោះហើយ បក្សប្រឆាំងមិនអាចបដិសេធលទ្ធផលនេះបានទេ ក៏បែរទៅលួងចិត្តខ្លួនឯង និងបោកអ្នកគាំទ្របន្តទៀតថា ជាជោគជ័យរបស់ខ្លួនទៅវិញ។
ចំណែកប្រជាជនខ្មែរក្រៅស្រុកក៏បាត់ជំនឿស្ទើរទាំងស្រុងទៅលើបក្សប្រឆាំង។ ការរៃអង្គាសប្រាក់បានធ្លាក់ចុះយ៉ាងគំហុគនៅគ្រប់ទិសទី។ ចំនួនអ្នកចូលរួមស្តាប់បក្សប្រឆាំងក៏ធ្លាក់ចុះយ៉ាងខ្លាំងដែរ។ ទាំងមេបក្ស និងមន្ត្រីបក្សដែលចេញរៃអង្គាសលុយនៅក្រៅប្រទេស ស្ទើរតែរកលុយសងសំបុត្រយន្តហោះមិនចង់គ្រប់ផង។

ចំណែកសហគមន៍អន្តរជាតិក៏ផ្តើមយល់ថា គណបក្សប្រឆាំងដ៏ចំណាស់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយជាង ២០ ឆ្នាំ គ្មានអ្វីទាំងអស់៖ គ្មានគោលនយោបាយច្បាស់លាស់, គ្មានគោលការណ៍ដឹកនាំបែបប្រជាធិបតេយ្យផ្ទៃក្នុងបក្ស, គ្មានធនធានមនុស្ស និងគ្មានរចនាសម្ព័ន្ធគួរឲ្យជឿជាក់ឡើយ ហេីយខ្លួនឯងក៏បាត់បង់សិទ្ធិធ្វេីនយោបាយ ដោយជាប់ពិរុទ្ធ និងបណ្តឹងជាបន្តបន្ទាប់ រាប់លែងឈ្នះ។ ហេតុដូច្នេះហើយ បានជាពួកបរទេសបានជំរុញ និងជួយរៀបចំឲ្យអតីតគណបក្សសង្គ្រោះជាតិរៀបចំគោលនយោបាយឡើងវិញទាំងអស់។ ទោះជាយ៉ាងនេះក៏ដោយ ក៏ពួកមេក្លោងបរទេសទាំងនោះយល់យ៉ាងច្បាស់ថា កូនជឹងរបស់ខ្លួនមានចំណុចខ្សោយច្រើនណាស់ដែលមិនអាចយកឈ្នះបក្សកាន់អំណាចតាមរយៈការបោះឆ្នោតបានទេ។ ដូច្នេះ វិធីតែមួយគត់ក្រែងអាចផ្តួលរំលំរដ្ឋាភិបាកបច្ចុប្បន្នបានគឺការផ្សងព្រេងប្រើប្រាស់កម្លាំងមហាជនតាមរយៈចលនាបដិវត្តន៍ពណ៌។

ប៉ុន្តែ រាល់គម្រោងការរបស់បក្សប្រឆាំង និងក្រុមសង្គមស៊ីវិលមួយក្តាប់តូចដែលរៀបចំដោយពួកបរទេសនៅពីក្រោយខ្នង ត្រូវបរាជ័យទាំងអស់។ បក្សប្រឆាំងត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូល។ រីឯសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនដែលជាខ្សែបណ្តាញត្រូវបានរាជរដ្ឋាភិបាលវែកមុខ។ ប្រព័ន្ធផ្សាយព័ត៌មានដែលស្ថិតក្នុងបណ្តាញតែមួយក៏ដឹងខ្លួន ហើយប្រញាប់វេចបង្វេចគេចចេញពីប្រទេសកម្ពុជាដោយខ្លួនឯង។ តែដោយសារ ពួកគេមានជំនាញខាងកាឡៃដើម្បីបោក ពួកគេបានបង្វែសភាពការណ៍ថា ជាការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលទៅវិញ។ នេះហើយដែលហៅថា «បោកលុះក្ស័យ»។

តែលើសពីនេះ ក្ស័យហើយក៏នៅតែបន្តបោក។ ដូចជាយើងបានឃើញស្រាប់ហើយ បើទោះជាគណបក្សរបស់ខ្លួនរលាយបាត់ទៅហើយក៏ដោយ ក៏ទណ្ឌិត សម រង្ស៊ី នៅបន្តស្រែកក្តែងៗពីក្រៅប្រទេសថា បក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ ហើយអាចចូលរួមការបោះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ។ នេះជាសំឡេងក្ស័យហើយនៅបន្តបោក គឺបោកអ្នកគាំទ្ររបស់ខ្លួនឲ្យនៅមានក្តីសង្ឃឹមលើគណបក្សរបស់គាត់ និងលើរូបគាត់បន្តទៀត ទាំងគ្រប់គ្នាដឹងថា វាមិនអាចទៅរួចទាល់តែសោះសូម្បីមួយភាគរយ! ដោយសារទណ្ឌិត សម រង្ស៊ី អស់សង្ឃឹមខ្លាំង ល្បិចបោករបស់គាត់ក៏កាន់តែមានភាពពិសពុលខ្លាំងឡើងដែរ។ ពេលនេះ សម រង្ស៊ី និងបក្សពួកកំពុងព្យាយាមបោកទាំងឆ្នាំងបាយកម្មករទៀតតាមរយៈការជំរុញឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ និងឈប់ទិញទំនិញពីកម្ពុជា។ នយោបាយរបស់ សម រង្ស៊ី គ្មានអ្វីប្លែកទេគឺ« បើអញមិនបាន អ្នកណាក៏មិនបានដែរ»។ ហេតុដូច្នេះហើយបានជាទោះក្ស័យហើយក៏ដោយ ក៏នៅបន្តបោក តែជាសំឡេងបោកដែលលឺសូរខ្វើយៗពីក្រៅប្រទេសដោយអស់សង្ឃឹម ដោយក្រពុលមុខ និងដោយមោបាំង។ ជួនអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរគាំទ្រគាត់ ជួនឲ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរ តែគ្មានអ្នកណាខ្វាយខ្វល់ពីសំឡេងរបស់គាត់ទៀតទេពីព្រោះនយោបាយ«បោកលុះក្ស័យ ក្ស័យហើយនៅតែបន្តបោក»របស់ទណ្ឌិត សម រង្ស៊ី គ្មានខ្មែរណាចង់ស្តាប់ការបោកប្រាស់បែបនេះតទៅទៀតឡើយ។ វាសនារបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកមិនខុសអ្វីពីពាក្យសុភាសិតខ្មែរបូរាណដែលពោលថា «ភូតច្រើនៗចាញ់អាត្មា» នោះឡើយ៕

ដោយ៖ កូនខ្មែរ


No comments:

Post a Comment