Wednesday, December 20, 2017

រដ្ឋាភិបាល​សិង្ហបូរី​ជាប់​ជំពាក់​ក្នុង​ការ​គ្រប់​គ្រង​វិបត្តិ​ក្នុង​ស្រុក​

ឆ្នាំ ២០១៧ គឺជា​ឆ្នាំ​ដ៏អាក្រក់​សម្រាប់​រដ្ឋាភិបាល​សិង្ហបូរី និង​សម្រាប់​នាយក​រដ្ឋមន្ត្រី​ Lee Hsien Loong ជាពិសេស។​

វា​បាន​ចាប់​ផ្តើម​ឡើង​ដោយ​មានការ​តម្លើង​សម្លេង​ខ្លាំង​និង​ចំហរ​ជា​មួយ​ចិន។ នៅ​ចុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ចិន​បាន​រឹប​អូស​សម្ភារៈ​យោធាដែល​មាន​ទឹក​​ប្រាក់​រាប់​សិប​លាន​ដុល្លារ​​ ដែល​សម្ភារៈ​នោះ​បាន​ឆ្លង​កាត់​កំពង់​ផែនៅ​ក្រុង​ហុង​កុង។ សកម្មភាព​នោះ​ មួយ​ផ្នែក ដើម្បីសងសឹក​ទៅនឹង​ការយល់​ព្រម​របស់​លោក Lee ដល់​ជំហរ​របស់​អាមេរិក​​​លើ​ការ​ធ្វើ​យោធាតូបនីយកម្ម​របស់​ចិន​នៅ​សមុទ្រ​ចិនខាងត្បូង។​

ចិន​បាន​ដោះលែង​​សម្ភារៈ​យោធា​របស់​សិង្ហបូរី​នោះ​នៅ​ចុង​ខែ​មករា​ ប៉ុន្តែ​ក្រោយមក​បាន​បញ្ជូន​សារថ្មី​មួយ​ពីការ​មិន​ពេញ​ចិត្ត ពោល​គឺ សិង្ហបូរី​មិន​ស្វាគមន៍​វេទិការ​ស្តីពីវិថី​និង​ខ្សែក្រវ៉ាត់​របស់​ ស៊ី ជីនពីង នៅ​ខែ​ឧសភា​ឆ្នាំ ២០១៧។ ក្នុង​ខណៈ​ Lee មិន​ចូល​រួម​ក្នុង​វេទិការ​នោះ គាត់​ក្រោយ​មក​បាន​ដឹកនាំ​គណៈ​ប្រតិភូកម្រិត​ខ្ពស់​ទៅ​កាន់ប៉េកាំង​និង​វ៉ាស៊ីនតោន​ ដោយ​ស្តារ​ស្ថាន​ភាព​ដែល​បាត់​បង់​នោះឡើង​វិញ។​

ការ​បន្ត​​ថ្មម​សភាព​ការណ៍​​របស់​សង្ហបូរី​រវាង​ចិន​និង​អាមេរិក​នោះ​នឹង​បន្ត​ធ្វើ​នៅឆ្នាំ ២០១៨ ដោយ​មាន​កត្តាថ្មី​មួយ​កំពុង​យក​មក​ប្រើ​ គឺ វា​ជា​វេន​របស់​សិង្ហបូរី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​លោក Lee ស្ថិត​នៅ​ជួរ​មុខ​ក្នុងការ​ចាប់​អារម្មណ៍​ពី​តំបន់។ ជា​ការ​មិន​ល្អ​សម្រាប់​ការ​ថ្មម​សភាព​ការ​ណ៍​នោះ គឺ​ សេចក្តី​ថ្លែង​ការណ៍​លើក​ដំបូង​របស់​ Lee ក្នុង​នាមជា​ប្រធាន​អាស៊ាន​នៅពេល​ខាង​មុខ​ ដែល​ប្រកាស​ពីក្តី​សង្ឃឹម​ថា អាមេរិក​នឹង​បន្ត​ចូល​ពាក់​ព័ន្ធ​ជា​មួយ​អាស៊ាន​និង​តំបន់។​

ការ​ស្តារ​ស្ថានភាព​បាត់​បង់​នៅ​ក្នុងគោល​នយោ​បាយ​ការបរទេស​នោះ​ប្រហែលជា​សមិទ្ធ​ផល​ធម្មតា​មួយ។ ប៉ុន្តែ នៅ​ក្នុង​ស្រុកវិញ រដ្ឋាភិបាល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​គ្រប់​គ្រង​វិបត្តិ​​ដែល​កំពុង​បន្ត​កើត​ឡើង​​ ដែល​លាយ​ឡំ​​ជា​មួយ​ការ​វិនិច្ឆ័យ​នយោ​បាយ​ខុស​ឆ្គង។​

វិបត្តិ​ក្នុង​ស្រុក​ដំបូង​នៃ​ឆ្នាំ ២០១៧ បាន​ផ្ទុះ​ឡើង​នៅ​ខែ​មិថុនា​ នៅពេល​ប្អូន​ប្រុស​និង​ប្អូន​ស្រី​របស់​លោក Lee គឺ Lee Hsien Yang  និង​ Lee Wei Ling បាន​ងាកទៅ​កាន់បណ្តាញ​ផ្សព្វ​ផ្សាយ​បរទេស​និង​បណ្តាញ​សង្គម​ដើម្បី​លាតត្រដាង​​ពីជម្លោះ​ផ្លូវ​ច្បាប់​ដែល​នៅ​បន្ត​​មាន​ឡើង​ទៅ​លើ​មរតក​របស់​ឪពុក​របស់ពួក​គេ។ ជម្លោះ​នោះ​មិន​មែន​ទៅ​លើ​ប្រាក់​នោះទេ ប៉ុន្តែ​ទៅ​លើ​ការ​គ្រប់គ្រង​ផ្ទះ​គ្រួ​សារ។ លោក Lee ចង់​បង្វែ​វា​ទៅជា​សារៈ​មន្ទីជាតិ​ដល់​ឪពុក​គាត់​ ប៉ុន្តែ​បងប្អូន​គាត់​ចង់​ធ្វើ​តាម​បណ្តាំ​ឪពុក​គេ​ដោយ​ការ​ឈូសកំទេច​វា​ចោល។​

ជម្លោះ​គ្រួសារ​នេះ​លើ​មរតក​បាន​ក្លាយជា​បញ្ហា​ជាតិ​ នៅពេល​បងប្អូន​ទាំង​ពី​នោះ​បាន​ចោទ​ប្រកាន់ Lee ពីការ​រំលោភ​អំណាច​គាត់​ក្នុង​នាម​ជា​នយក​រដ្ឋមន្ត្រី​ដើម្បី​បង្កើន​ប្រជាប្រិយភាព​គ្រួសារ​​លើ​ឈ្មោះ​ឪពុក​របស់ពួក​គេ ដែល​អ្វីទាំងអស់​នោះ​គឺដើម្បី​បង្កើន​អំណាចផ្ទាល់ខ្លួន​និង​ដើម្បី​ធ្វើ​​ឲ្យ​រលូន​ដល់​ការ​បន្ត​សមាជិកភាព​នាយក​រដ្ឋមន្ត្រី​ដល់​កូន​ប្រុសគាត់​ គឺ Li Hongyi។ ជម្លោះ​មិនអាច​ដោះ​ស្រាយ​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ទាំងកេរ្តិ៍​ឈ្មោះត្រកូល​ Lee និង​ក្តី​សង្ឃឹម​របស់​ Li Hongyi ក្នុងការ​ចូល​ប្រលូក​នយោ​បាយ​ទៀត​ផង។​

វិបត្តិធំទីពីរ​បាន​ផ្ទុះ​ឡើង​នៅ​ខែ​តុលា នៅពេល​ការ​ខូច​ប្រព័ន្ធ​រថ​ភ្លើង​​ក្រោម​ដី​បាន​​កា្លយ​ជា​រឿង​ធំ ពោល​គឺ​ស្ថានីយ៍​បូបទឹក​នៅ​ក្នុង​ផ្លូវ​ក្រោម​ដី​បាន​ខូច​ក្នុងពេល​ព្យុះ​ធម្មតា​មួយ ដែល​បណ្តាល​ឲ្យ​បណ្តាញ​រថភ្លើង​ទាំង​មូល​បិទ​ដោយទឹកជំនន់​អស់​ពេល ២០ ម៉ោង។ មូល​ហេតុ​នៃ​បញ្ហា​នោះ​បាន​បង្ហាញពី​​រឿង​តូច​មួយ​ដែល​មិន​បាន​ចាប់​អារម្មណ៍ គឺ ការ​ងារ​ថែរក្សា​មិន​ត្រូវ​បាន​គេ​ធ្វើ​ ហើយ​ឯកសារ​ការងារ​ត្រូវ​បាន​គេ​ក្លែង​បន្លំ។​

រដ្ឋមន្ត្រី​ដឹកជញ្ជូន​លោក Khaw Boon Wan បាន​ពង្រីក​ការ​ខូចខាតនោះ​ ដោយការ​មិន​ស្តីបន្ទោស​រដ្ឋាភិបាល​និង​ពួក​គ្រប់​គ្រង​ជាន់ខ្ពស់​​របស់​សាជីវកម្ម​ដឹកជញ្ជូន​សិង្ហបូរី។ គាត់​​មិន​បាន​ស្តី​បន្ទោស​នាយក​គ្រប់គ្រង​របស់សាជីវកម្ម​លោក Desmond Kuek ដែល​លោក Khaw បាន​អរគុណ​គាត់​ថា ជា “អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត” ពោល​គឺជា​តួនាទី​មួយ​ដែល​គាត់​​ទទួល​បាន​ប្រាក់​បំណាច់​ចំនួន ១,៣៩ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ លោក Khaw បាន​បន្ត​កោត​សសើរ​លោក Kuek ចំពោះ​ការ​​ដាក់ចិត្ត​ធ្វើ​ការ​​ងារយ៉ាង​ស្មោះ។​

រឿង​រ៉ាវ​នៃ​ការ​គ្រប់គ្រង​មិន​ល្អ​នេះ​មាន​សារសំខាន់​ខាង​នយោ​បាយ​ ដោយ​សារតែ​វា​បានបង្ហាញ​ពី​បរាជ័យ​រដ្ឋាភិបាល​ដ៏រីក​រាល​ដាល​ និង​សេវាកម្ម​រដ្ឋាភិបាល​ចុះ​ខ្សោយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់លោក Lee។ វា​ក៏​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ថា ឥស្សរជន​ធំៗ​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ត្រូវ​បាន​ការពារ​ចេញពី​ផល​វិបាក​នៃ​អំពើ​របស់គេ។ នៅឆ្នាំ ២០០៨ លោក Lee បាន​ផ្តល់​ការ​ការ​ពារ​ស្រដៀង​គ្នា​នោះ​ដល់​អតីត​ឧបនាយក​រដ្ឋមន្ត្រី​និងជា​​រដ្ឋ​មន្ត្រី​​កិច្ច​ការ​ក្នុង​ស្រុក​លោក Wong Kan Seng នៅពេល​គាត់​បាន​អនុញ្ញាត​ឲ្យ​ភេរវ​ជន​ម្នាក់​រត់​គេច​ខ្លួនពីការ​ឃុំ​ខ្លួន​របស់​ប៉ូលិស។ លោក Wong នៅតែ​មាន​តំណែង​របស់​គាត់​នៅ​គណៈ​រដ្ឋ​មន្ត្រី​រយៈ​ពេល ៣ ឆ្នាំ​បន្ត​ទៀត ដោយ​សារតែ​លោក Lee លើក​ឡើង​ថា គាត់​គ្រាន់តែ​ធ្វើ​ឲ្យ​មាន “កំហុស​ស្មោះត្រង់” ប៉ុណ្ណោះ។​

រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ឲ្យ​មាន​កំហុស​នយោ​បាយ​ជា​ច្រើនទៀតដែរ​នៅ​ឆ្នាំ ២០១៧។ កំហុស​ឆ្គង​បែបនេះ​រួម​មាន​ការ​ជ្រើសរើស​ប្រធាន​បទ​ចម្លែក​ៗ​របស់​លោក Lee សម្រាប់​សុន្ទរកថា​កាន់ជន​រួម​ជាតិ​របស់គាត់។ ដោយ​សិង្ហបូរី​កំពុង​ប្រឈម​មុខ​នឹង​បញ្ហាសំខាន់ៗជា​ច្រើន​ ដែល​​​ការ​ដោះ​ស្រាយ​ជា​មួយ ស៊ី ជីនពីង​ និង​ដូណាល់ ត្រាំ សមុទ្រ​ចិន​ខាងត្បូង ការ​កើន​ឡើង​​នយោ​បាយ​គាំ​ពារ​និយម រថភ្លើង​ សេដ្ឋកិច្ច​ និង​​ការ​ប្រឈម​​លើ​តួនាទី​របស់​សិង្ហបូរី​ក្នុងការ​នាំ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​តាម​អាកាសនោះ គាត់​បាន​​ប្រាប់​ប្រជាជន​អំពី​គ្រោះថ្នាក់​នៃ​ជម្ងឺ​ទឹក​នោម​ផ្អែម ដែល​ហាក់ដូចជា​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​​ច្របូក​ច្របល់។

ប្រជាជន​សិង្ហបូរី​ក៏​បាន​កំពុង​រង់ចាំ​យ៉ាង​អន្ទៈ​សារ​​អំពី​ការ​វិវត្តិ​ថ្មីៗ​​លើ​អ្នក​ស្នង​តំណែង​បន្តពី​លោក Lee ដោយ​សារតែ​គាត់​បាន​ប្រកាសនៅ​ឆ្នាំ ២០១៦ ថា គាត់​មាន​បំណង​ចុះ​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២០។ នៅ​ក្នុង​ប្រទេស​មួយ​ដែលទាំង​ពល​រដ្ឋ​និង​ទីផ្សារ​រំពឹង​ដល់ការ​ផ្តល់​តម្រុយ​យូរ​គួ​សម​សម្រាប់​ការ​រៀប​ផែនការ​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី ពោលគឺ​ជា​ការ​ជូន​ដំណឹង​​មុន​រយៈ​ពេល ៥ ឆ្នាំ​ ឬ​ច្រើនជាង​នោះ ការ​ព្រួយ​បារម្មណ៍​កំពុង​ចាប់​ផ្តើម​រីក​កាន់តែ​ធំ​ដែល​ថា គ្មាន​អ្នក​ស្នង​តំណែង​ច្បាស់​ណា​មួយ​ត្រូវ​បាន​គេ​ដៅ​ឈ្មោះ​ ឬ​លេច​មុខ​ឡើង​នោះទេ។​

ប្រហែលជា ដំណើរ​ខុស​ឆ្គង​ធំបំផុត​របស់​លោក Lee គឺ​ការ​ដោះ​ស្រាយ​របស់​គាត់​លើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី។ បេក្ខជន​តាមការ​ចង់​បាន​របស់​រដ្ឋាភិបាល​សម្រាប់​ប្រធានាធិបតី​គឺ​ស្ទើ​តែ​ចាញ់​ឆ្នោត​នៅ​ការ​បោះឆ្នោត​ឆ្នាំ ២០១១ ដោយ​គូប្រជែង​ជនជាតិ​ចិន​ដ៏​ប្រជាប្រិយភាពឈ្មោះ Tan Cheng Bock ។ លោក Tan កំពុង​មាន​ផែន​ការ​ឈរ​ឈ្មោះ​ម្តង​ទៀត​ ហើយ​អញ្ចឹង​ រដ្ឋាភិបាល​បាន​ផាត់​គាត់​ចេញ​ដោយ​ការ​រឹតត្បឹត​លើ​ភាព​មាន​ប្រៀប​ដល់ការ​បោះឆ្នោត​​ទឮឲ្យ​ទៅ​ជន​ភាគ​តិច​ម៉ាឡេ​ស្ថិត​ក្រោម​ការ​បិតបាំង​ដ៏ស្តួច​ស្តើង​ក្នុងការ​លើក​កម្ពស់​ពហុជាតិ​សាសន៍។​

នេះ​គឺជា​ប្រសិទ្ធ​ភាព​ក្នុងការដក​​ចេញ​រាល់ការ​ប្រឈមទាំងអស់ពី​លោក Tan ប៉ុន្តែ​បាន​បន្សល់​ទុក​តែ​បេក្ខជនម្នាក់​ក្នុងការ​ប្រកួត​ប្រជែង​បន្ទាប់ពី​បក្ខជន​ម៉ាឡេ​ពីរនាក់​ក្នុង​ចំណោម ៣ នាក់​ត្រូវ​បាន​ផាត់​ចេញ​​ដោយ​មូល​ហេតុ​ផ្សេង។ រឿង​រ៉ាវ​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ថា រដ្ឋធម្មនុញ្ញ​និង​ច្បាប់​បោះឆ្នោត​គឺគ្រាន់តែ​ស្ថិត​ក្នុងការ​ចាត់ចែង​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​បាន​ធ្វើ​ឲ្យ​ខូចខាត​ខ្លាំង​ដល់មុខ​មាត់​របស់​តំណែង​ប្រធានាធិបតី​និង​រដ្ឋាភិបាល។​

ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​សិង្ហបូរី​បាន​បោះជំហាន​វិជ្ជមាន​ខ្លះ​ក្នុង​គោល​នយោ​បាយ​ការ​បរទេស​ក្នុង​ឆ្នាំ ២០១៧ ការ​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​មិន​សូវ​ល្អ។ វា​ជា​ឆ្នាំ​ដ៏​រញែរញ៉ាយ​សម្រាប់​រដ្ឋាភិបាល​មួយ​ដែល​អះអាង​ពីការ​កំពុង​ត្រៀម​ខ្លួន​ដល់ការ​ផ្ទេរ​អំណាច​ក្នុង​ឆ្នាំ ២០២០ ហើយ​វា​មិនមែនជា​ប្រផ្នូល​ល្អ​សម្រាប់​ភាព​យឺន​យូរនៃ​គំរូ​អភិបាល​កិច្ច​របស់​ Lee Kuan Yew៕

ប្រភព៖ East Asia Forum ចុះថ្ងៃ១៩ ខែធ្នូ​ ​ឆ្នាំ២០១៧


No comments:

Post a Comment