Wednesday, December 20, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា គ្មានជោគជ័យណាមួយដែលបានមកដោយខ្វះការចូលរួមនោះទេ

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការជោគជ័យទាំងអស់កើតឡើងទៅបានអាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដោយមិនអាចខ្វះបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា កើតឡើងបានក៏ដោយសារមានការចូលរួមពីឪពុកម្តាយ ជីដូនជីតារបស់កម្មករកម្មការិនីទាំងអស់ដែលបានផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សប្រជាជនកម្ពុជារហូតកសាងនិងថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នៅសល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ខួប៣៩ឆ្នាំនៃការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ហើយទម្រាំបានដល់ពេលនេះគឺយើងបានលះបង់ច្រើនណាស់ ប្រជាជនកម្ពុជា បានលះបង់ច្រើនណាស់ទម្រាំកសាងបាននូវសន្តិភាពរហូតមកដល់ពេលនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ដោយសារមានសន្តិភាពនេះហើយដែលធ្វើឱ្យកម្មករកម្មការិនីមានឱកាសទទួលបានការងារធ្វើ និងទទួលបានប្រាក់ចំណូលដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកក៏បានអំពាវនាវឱ្យកម្មករនិយោជិតចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សានូវសុខសន្តិភាព ថែរក្សាការងារ និងប្រាក់ចំណូលជាបន្តទៀត៕






No comments:

Post a Comment