Wednesday, December 20, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបង្កើតធនាគារថ្មីមួយទៀតមានដើមទុន ១០០លានដុល្លារ ដើម្បីបង្កើតឱកាសការងារ មុខរបរជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនការនាំចេញទៅក្រៅប្រទេស




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដាក់ដើមទុនដំបូង ១០០លានដុល្លារ ដើម្បីបង្កើតនូវធនាគារថ្មីមួយទៀតសម្រាប់ផ្តល់ឥណទានជូនសហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើនការផលិត បង្កើតឱកាសការងារ និងមុខរបរសម្រាប់ប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «យើងមានធនាគារអភិវឌ្ឍន៍ជនបទមួយហើយសម្រាប់ដោះស្រាយបញ្ហាឥនទានចំពោះជនបទ ក៏ប៉ុន្តែដំណាក់កាលនេះគឺជាដំណាក់កាលនៃការរីកលូតលាស់នៃបញ្ហាទាក់ទងនឹងសហគ្រាសកម្មធុនតូច និងមធ្យម ដែលផ្តល់នូវតម្លៃបន្ថែមសម្រាប់ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក»។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ការបង្កើតធនាគារថ្មីដែលផ្តល់ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះនឹងឆ្លើយតបទៅនឹងដោះស្រាយបញ្ហាជាច្រើន «វានឹងដោះស្រាយបញ្ហាការងារធ្វើ និងដោះស្រាយបញ្ហាតំរូវការក្នុងស្រុក វានឹងកាន់តែប្រកួតប្រជែងដើម្បីនាំចេញទៅក្រៅប្រទេស»។

លោកបានបញ្ជាក់ទៀតថា «យើងមិនត្រូវរស់ដោយសារការដកដង្ហើមពីនេះពីនោះនោះទេ ពិភពលោកចំណុះឱ្យគ្នាទៅវិញទៅមក មានទៅមានមក គេនាំទំនិញពីគេចូលមកយើង យើងក៏នាំទំនិញយើងទៅកាន់ប្រទេសរបស់គេដែរ»៕

No comments:

Post a Comment