Wednesday, December 20, 2017

តំណាងរាស្ត្រខេត្តប៉ៃលិន ដឹកនាំក្រុមយុវជន​ សសយក​ ចុះជួយ​ប្រមូលផល​ជូនប្រជាពលរដ្ឋ​ ដែលកំពុង​ខ្វះខាត​កម្លាំងពលកម្ម​

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំក្រុមយុវជន ចុះជួយប្រមូលផលពោត និងជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតកម្លាំងពលកម្មនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ បានឱ្យដឹងថា យុវជនកម្ពុជា គឺជាកំលាំងចលករមួយដ៏ខ្លាំង ប្រកបដោយថាមពល និងជំនឿចិត្តខ្ពស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ គ្រប់សកម្មភាពក្នុងការបំរើកិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ក្រោមដំបូលសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិយើង។
តំណាងរាស្ត្រខេត្តប៉ៃលិន បានបញ្ជាក់ថា ក្នុងនាមជាអ្នកតំណាងរាស្ត្រខេត្តប៉ៃលិន និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា គឺតែងតែយកចិត្តទុក្ខដាក់ពីផលប្រយោជន៍ និងការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ហើយជាក់ស្តែងពេលនេះដោយមើលឃើញបងប្អូនប្រជាពលរដ្ឋខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលពោត និងស្រូវនោះ ក្រុមការងារតំណាងរាស្ត្រនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះមកជួយអន្តរគមន៍ប្រមូលផលជូនប្រជាពលរដ្ឋភ្លាម។
លោក ព្រំ ណែត ជាកសិករម្ចាស់ចំការពោត រស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានសំដែងក្តីរីករាយ និងថ្លែងអំណគុណដល់លោកស្រី បាន ស្រីមុំ និងក្រុមយុវជនកម្ពុជាខេត្តទាំងអស់ ដែលបានចុះមកជួយប្រមូលផលពោតចំការរបស់គាត់ នៅពេលដែលគាត់មិនមានកម្លាំងពលកម្ម ក្នុងការប្រមូលផលឱ្យបានទាន់ពេលវេលា ដើម្បីយកទៅលើទីផ្សារ។

សូមបញ្ជាក់ថា ក្នុងការចុះជួយប្រមូលផលជូនប្រជាកសិករ ក្រុមការងារការិយាល័យតំណាងរាស្ត្រ និងយុវជនសហភាពសហព័ន្ធខេត្ត បានជួយប្រមូលផលពោតបានចំនួន ២ហិតា និងជួយច្រូតស្រូវ បានចំនួន ១ហិចតាផងដែរ៕




No comments:

Post a Comment