Friday, October 06, 2017

Facebook រឿងពិត CNRP ទម្លាយថា វិទ្យាស្ថាន NDI របស់អាមេរិករៀបចំផែនការយុទ្ធសាស្ត្រ១៨ខែមុនការបោះឆ្នោតដើម្បីជួយបក្សសង្គ្រោះជាតិ

ហ្វេសប៊ុក រឿងពិត CNRP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានបន្តទម្លាយថា វិទ្យាស្ថាន NDI របស់អាមេរិករៀបចំផែនការយុទ្ធសាស្ត្រ១៨ខែមុនការបោះឆ្នោតដើម្បីជួយបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
មន្ត្រីជាន់ខ្ពស់ដែលស្និទ្ធជាមួយលោក យឹម សុវណ្ណ បានទម្លាយឱ្យដឹងថាក្រោយពីមានការជួបចរចាជាសំងាត់រវាងអតីតមេដឹកនាំបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាមួយមន្ត្រីជាន់ខ្ពស់ NDI នៅទីក្រុងព្រូសសែល ប្រទេស ប៊ែលហ្សិកកាលពីអំឡុងខែឧសភា ឆ្នាំ២០១៦កន្លងទៅ ដើម្បីស្នើសុំគ្រូជំនាញបរទេសជួយ CNRP នូវវគ្គពិសេសមួយស្តីពីយុទ្ធសាស្ត្រ និងផែនការដើម្បីស្វែងរកសំឡេងឆ្នោតឱ្យគណបក្សសង្គ្រោះជាតិក្នុងការបោះ ឆ្នោតឆ្នាំ២០១៨ខាងមុខត្រូវបាន NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក) ក្រោមជំនួយឧបត្ថម្ភពី USAID បានបង្ហាត់បង្រៀនដល់ថ្នាក់ដឹកនាំសំខាន់ៗក្នុងគណៈកម្មាធិការនាយក CNRP រយៈពេល ២ថ្ងៃ នៅសណ្ឋាគារ Raffle Le Royal Phnom Penh កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៧។
វគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រក្នុងគោលបំណងដណ្តើមប្រៀបឈ្នះលើបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែល NDI សង្ឃឹមយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិ នឹងប្រែក្លាយពីការបរាជ័យឱ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។ NDI បានចងក្រងនូវផែនការគន្លឹះ ភាពជាអ្នកដឹកនាំ ការងារជាប្រព័ន្ធ ពង្រឹងចំណុចខ្លាំង និងចំណុចខ្សោយរបស់គណបក្ស ជាពិសេសបានណែនាំឱ្យ CNRP ត្រូវតែកំណត់គោលដៅឱ្យច្បាស់លាស់លើផែនការសកម្ម​ភាពរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អង្គការខាងក្រៅផ្សេងទៀត ជួយផ្តល់ជំនួយ និងការគាំទ្រផ្នែកបច្ចេកទេស។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្រៀនដោយលោក Ivan Doherty និងលោកស្រី Shannon O’Connell ដែលជាគ្រូជំនាញរបស់ NDI។

តាមប្រភពពីមន្ត្រីខុទ្ទកាល័យ CNRP ដែលជាក្រុមការងារពិសេសរបស់លោក យឹម សុវណ្ណ បានទម្លាយឱ្យដឹងថា NDI បានស្នើសុំគោលនយោបាយបក្ស និងរចនាសម្ព័ន្ធដឹកនាំរួមរបស់ CNRP ដើម្បីយកទៅត្រួតពិនិត្យ វិភាគ និងច្របាច់បញ្ចូលគ្នាជាមួយផែនការយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរបស់ខ្លួន និងថែមទាំងបានសំណូមពរឱ្យសមាជិកគណៈកម្មាធិការនាយកទាំងអស់ ជាពិសេសលោក សម រង្ស៊ី ត្រូវតែមានវត្តមានចូលរួមកុំបីខានក្នុងវគ្គពិសេសនេះ តាមវីដេអូ Conference ដែល NDI ចាត់ទុកថា វគ្គនេះមានសារៈសំខាន់បំផុតដល់មន្ត្រីជាន់ខ្ពស់ CNRP ក្នុងការត្រៀមខ្លួនឱ្យហើយ១៨ខែមុនការបោះឆ្នោត។
យោងតាមឯកសារបែកធ្លាយបានបង្ហាញថា អ្នកជំនាញរបស់ NDI បានប្រាប់អំពីវិធីសាស្ត្រ និងឧបាយកិច្ចនានាដើម្បីជួយបិទបាំងពីភាពកម្សោយនៃការដឹកនាំរបស់ CNRP ការធ្លាក់ចុះយ៉ាងគំហុកនូវសមាជិកគាំទ្រតាំងពីលើដល់ក្រោមនៅពេលដែលមានការស្ទង់មតិពិតប្រាកដបង្ហាញថា បក្សកាន់អំណាចមានសំឡេងគាំទ្រខ្ពស់ជាងពីប្រជាពលរដ្ឋ។ ដូច្នេះដើម្បីបំភ័ន្តសាធារណៈមតិ និងកេងចំណេញនយោបាយ NDI ក៏បានប្រាប់នូវកលល្បិចជាច្រើន ក្នុងនោះក៏បានបង្ហើបថា ការស្ទង់មតិថ្មីមួយជាវិជ្ជមាន (អាចបង្កើតឡើងដោយ NDI) នឹងជួយទាក់ទាញសំឡេងឆ្នោតដល់ CNRP បូកផ្សំជាមួយនឹងការប្រើឧបករណ៍បំពងសំឡេងជាច្រើនថែមទៀតដែលគាំទ្របក្សប្រឆាំង នោះសង្ឃឹមថា CNRP នឹងទទួលបានជ័យជម្នះ។

បើពិនិត្យមើលកម្មវិធីដែល NDI បង្រៀន និងត្រូវបានបង្ហោះផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ សិក្ខាសាលានោះបានបិទបាំងនូវគោលបំណងពិតរបស់ខ្លួន ដោយបន្លំថាគ្រាន់តែជាសិក្ខាសាលាថ្នាក់ដឹកនាំគណបក្ស ស្តីពី សារគមនាគមន៍ផ្ទៃក្នុង និងខាងក្រៅតែប៉ុណ្ណោះតែធាតុពិត NDI បានបង្កប់ខ្លួនយ៉ាងជ្រៅដើម្បីជួយបក្សសង្គ្រោះជាតិ ដោយរៀបចំនូវផែនការ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ជួយដល់ថ្នាក់ដឹកនាំសំខាន់ៗនៃបក្សប្រឆាំង។

ប្រភពពីមន្ត្រីខុទ្ទកាល័យ CNRP ដដែលក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រៅពីវគ្គបណ្តុះបណ្តាលពិសេសនេះ មន្ត្រីជំនាញ NDI បានជួបជាសម្ងាត់ជាមួយលោក យឹម សុវណ្ណ និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់ CNRP នៅទីស្នាក់ការ NDI ក្នុងទីក្រុងភ្នំពេញ។ ប្រភពបានបញ្ជាក់​ថា នៅខែមីនា ឆ្នាំ២០១៧ វគ្គពិគ្រោះយោបល់អំពីយុទ្ធសាស្ត្រស៊ីជម្រៅផ្សេងទៀត ត្រូវបាន NDI សហការគ្នាយ៉ាងស្អិតរមួតក្នុងទិសដៅតែម៉្យាងគត់ គឺធ្វើយ៉ាង ណាឱ្យបក្សសង្គ្រោះជាតិបានទទួលជោគជ័យ។ ក្រៅពីនេះ ប្រភពនៃការផ្តល់ថវិកាជាច្រើនត្រូវបានជួយឧបត្ថម្ភពីក្រោយខ្នងដោយ USAID ជាបន្តបន្ទាប់ ក្នុងការជួយជ្រោមជ្រែងដល់ CNRP៕





















No comments:

Post a Comment