Friday, October 06, 2017

វាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តត្រូវបានរៀបចំឱ្យមានភាពស្រស់ត្រកាល

សៀមរាប៖ កន្លងមកមានក្រុមអាជីវករមួយចំនួន បានយកវាលស្មៅជាប់កសិន្ធុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

សកម្មភាពទាំងនោះបានបង្កឱ្យមានសំរាមរាយប៉ាយពាសពេញលើវាលស្មៅ បាត់បង់សោភ័ណភាពសាធារណៈ និងខ្យល់អាកាសបរិសុទ្ធនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏មានតម្លៃ និងល្បីល្បាញក្នុងសកលលោក។
ដើម្បីរៀបចំសណ្តាប់ធ្នាប់និងបង្កើនភាពស្រស់ត្រកាលឡើងវិញ ជាពិសេសបង្កើនភាពទាក់ទាញ និងលើកកម្ពស់គុណភាពនៃការទស្សនារបស់ភ្ញៀវទេសចរ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យា ជាមួយក្រុមអាជីវករលក់ដូរដែលបានធ្វើអាជីវកម្ម លើវាលស្មៅជាប់កសិន្ធុប្រាសាទអង្គរវត្តឱ្យបញ្ឈប់សកម្មភាពជួលកន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារ ទទួលបានលទ្ធផលល្អ មិនមានការលក់ដូរនៅលើវាលស្មៅបន្តទៀតឡើយ ។

សកម្មភាពរបស់ក្រុមអាជីវករទាំងអស់ មិនត្រឹមតែជាការបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកលើកតម្លៃបេតិកភណ្ឌដែលជាមរតកដូនតាទៀតផង៕







No comments:

Post a Comment