Friday, October 06, 2017

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ដែលជាកេរ្តិ៍ដំណែលដ៏ជូរចត់របស់អាមេរិក បន្សល់ទុកឱ្យប្រជាជនខ្មែរ ត្រូវបានមន្ត្រីជំនាញធ្វើប្រតិបត្តិការរុករក

ស្វាយរៀង៖ លោក កេ ដា អគ្គលេខាធិការរង អាជ្ញាធរគីមីនៃក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលកំពុងឈរជើង នៅទីតាំងគ្រាប់បែក បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី០៥ ខែតុលា នេះថាប្រតិបត្តិការស្វែងរក និងដោះគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក សម្រាប់ថ្ងៃទី៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានចាប់ផ្តើមទៀតហើយ ខណៈដែលប្រជាពលរដ្ឋក៏ត្រូវ បានជម្លៀសចេញពីលំនៅឋានរបស់ពួកគាត់ទៅរកទីសុវត្ថិភាពសារជាថ្មី។

លោក កេ ដា បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញរបស់ស៊ីម៉ាក់ និងអាជ្ញាធរ គីមីរបស់ក្រសួងការពារជាតិ បន្តប្រតិបត្តិការស្វែងរកគ្រាប់បែកគីមីទី២ ជាមួយគ្នានឹងប្រតិបត្តិការវេចខ្ចប់គ្រាប់ បែកគីមីទី១ ដែលបានរកឃើញ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ដែលបានចុះទៅពិនិត្យ វាយតម្លៃទីតាំងប្រតិបត្តិការដោះគ្រាប់បែកគីមី បានបញ្ជាក់ថា សារធាតុគីមីដែលបានរកឃើញ ក្នុងគ្រាប់បែកគីមីគោលដៅទី១ នៅមានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់នៅឡើយ។

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ចំនួនពីរគ្រាប់ ដែលជាកេរ្តិ៍ដំណែលដ៏ជូរចត់របស់អាមេរិក បន្សល់ទុកឱ្យប្រជាជនខ្មែរ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន អះអាងថាបានឃើញ និងយកទៅកប់នៅក្នុងបរិវេណសាលារៀន និងវត្តអារ៉ាម ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅពេលនេះ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកគីមី១គ្រាប់ហើយ និងកំពុងប្រតិបត្តិការវេចខ្ចប់ឱ្យមាន សុវត្ថិភាព ខណៈគ្រាប់បែកមួយគ្រាប់ទៀត កំពុងបន្តស្វែងរក។

សូមជម្រាបថា នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ មានមនុស្ស៥នាក់ រួមមានក្មេងប្រុស៤នាក់ និងស្រីម្នាក់ បានអះអាងថា ពួកគេបានរងគ្រោះដោយសារធាតុគីមី ភាយចេញពីគ្រាប់បែកគីមី ដែលកប់ក្នុង ចំការដំឡូងមួយកន្លែង ចម្ងាយពីប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងដែលមន្ត្រីជំនាញស៊ីម៉ាក់ និងអាជ្ញាធរគីមី កំពុង ប្រតិបត្តិការដោះគ្រាប់បែក។ បន្ទាប់ពីមានបញ្ហាសុខភាព ដូចជាឈួលចូលភ្នែក រមាសលើរាងកាយ និងពិបាក ដកដង្ហើមនោះ ពួកគេទាំង៥នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕





No comments:

Post a Comment