Friday, October 06, 2017

អភិបាលខេត្តសៀមរាប ចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង នៅតាមដងផ្លូវជាតិលេខ៦

សៀមរាប៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨ យប់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដឹកនាំមន្ទីរជំនាញ និងមន្ត្រីមូលដ្ឋានចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមដងផ្លូវជាតិលេខ៦ ត្រង់ម្តុំមុខភូមិវប្បធម៌ក្នុងក្រុងសៀមរាប ដោយបន្តកាយពង្រីកផ្លូវទឹកដើម្បីរំដោះទឹក ត្រង់ចំនុចមុខនិងក្រោយភូមិវប្បធម៌ផ្លូវទៅព្រលានយន្ត ព្រមទាំងផ្លូវក្រវ៉ាត់ក្រុង និងផ្លូវផ្សេងៗទៀតដែលធ្វើឱ្យស្ទះផ្លូវទឹកផងដែរ។
ជាមួយគ្នានោះផងដែរ មានប្រជាពលរដ្ឋជាច្រើនដែលជួបបញ្ហាជំនន់ទឹកភ្លៀងនេះបានថ្លែងអំណរគុណ ដល់លោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ចុះជួយដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា។ ទន្ទឹមនឹងនោះផងដែរ មកដល់ម៉ោង៩យប់ ទឹកជំនន់បានស្រកច្រើន ប្រសិនបើគ្មានភ្លៀងធ្លាក់ទេទឹកនឹងស្រកអស់ជាមិនខាន។

លោកអភិបាលខេត្តសៀមរាប ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួម ក្នុងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងនៅពេលមានភ្លៀងធ្លាក់ធ្វើឱ្យហូរចូលក្នុងលូបណ្តាលឱ្យស្ទះផ្លូវទឹក ជាពិសេសនៅពេលបងប្អូនសាងសង់ផ្លូវកាត់ប្រឡាយ សូមដាក់លូឱ្យបានត្រឹមត្រូវ និងត្រូវតាមបច្ចេកទេសដែលអាជ្ញាធរបានកំណត់ ព្រោះថាពេលដាក់លូខុសបច្ចេកទេសក៏អាចធ្វើឱ្យមានការស្ទះចរន្តទឹកហូរផងដែរ៕








No comments:

Post a Comment