Friday, October 06, 2017

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង​ ចុះផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ដល់ម្ចាស់​យានយន្ត​ និងម្ចាស់​គោយន្តកែច្នៃ​

កំពង់ឆ្នាំង ៖ លោក មាស ឈុនលី អនុប្រធានការិយាល័យដឹកជញ្ជូនបានមានប្រសាសន៍ថា ដើម្បីធានាឲ្យបានសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបនោះ ទាល់តែយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំអស់គ្នា។

លោកបានមានប្រសាសន៍បែបនេះ នៅថ្ងទី០៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាលចរាចរណ៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋម្ចាស់ ទោចក្រយានយន្ត និងគោយន្តកែច្នៃ ចំនួន៣៥០នាក់ ផងដែរ។

អនុប្រធានការិយាល័យដឹកជញ្ជូន បានបន្តថា ការផ្សព្វផ្សាយច្បាប់នាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋលើផ្នែកសុវត្ថិភាពចរាចរណ៍នេះ អោយកាន់តែមានភាពល្អប្រសើរ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្សបាត់បង់ជីវិត របួស ពិការ ព្រមទាំងខាតបង់ទ្រព្យសម្បត្តិ ស្ថិតក្នុងកម្រិតខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានក្តីព្រួយបារម្ភ និងរិះរកវិធីដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ទាំងនោះ ឲ្យមកនៅកម្រិតទាបបំផុត ហើយ ដើម្បីកាត់បន្ថយបានទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំរៀបចំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញឱ្យស្ថាប័នជំនាញបញ្ជ្រាបច្បាប់នេះ ឲ្យដល់ប្រជាពលរដ្ឋ ដើម្បីបានយល់ជាចំណេះដឹងទាំងអស់គ្នា សម្រាប់អនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ។
នៅក្នុងឱកាសនោះដែរ លោក មាស ឈុនលី ក៏បានចែកជូនសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលចូលរួម និងបិទស្ទីកគ័រចំណាំងផ្លាត ដល់គោយន្តកែច្នៃចំនួន១១៣គ្រឿងផងដែរ៕




No comments:

Post a Comment