Thursday, January 19, 2017

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន ជួប​ពិភា​ក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយ​ករដ្ឋម​ន្រ្តីស៊ុយ​អែត​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋមន្រ្តីនៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧ ក្នុងពេលដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស ។
ក្នុងឱកាសនោះផងដែរ លោក Stefan Löfven បានថ្លែងអំណរគុណចំពោះលោក ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអែត ស្តីពីការសន្ទនាកម្រិតសង្គម និង Global Deal Initiative ។ បច្ចុប្បន្ននេះមានប្រទេសជាច្រើនកំពុងមានចរន្តគាំទ្រគំនិតផ្តួចផ្តើមស្តីពី Global Deal Initiative។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍៨០មក ក្នុងពេលកម្ពុជាជួបប្រទះការលំបាកគ្រប់យ៉ាង។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានស្នើឱ្យលោកនាយរដ្ឋមន្រ្តីស៊ុយអែត បើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសកម្ពុជាដើម្បីពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែមានទំហំធំឡើង។ ជាមួយគ្នានេះ លោកក៏បានស្នើភាគីស៊ុយអែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការលើកទឹកចិត្តដល់អ្នកវិនិយោគស៊ុយអែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងជំនួបនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើដល់លោកនាយករដ្ឋមន្រ្តីស៊ុយអែត គាំទ្រនូវបេក្ខភាពរបស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាពិសេសទៅទៀតនោះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រ្តីស៊ុយអែតមកបំពេញទស្សនកិច្ចនៅក្នុងពេលដែលកម្ពុជារៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ក្នុងខែឧសភា ឆ្នាំ២០១៧នេះ។
សូមជម្រាបផងដែរថា ក្នុងកិច្ចសន្ទនាគ្នានេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ និងបញ្ហាជនភៀសខ្លួននៅតំបន់អាស៊ី និងអឺរ៉ុបដែលកំពុងវិវត្តកើតឡើង ដែលមេដឹកនាំអឺរ៉ុប និងអាស៊ានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕

No comments:

Post a Comment