Thursday, January 19, 2017

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​អំពីការ​ខិត​ខំប្រឹង​ប្រែង​លើក​កម្ពស់​ផលិត​ភាព​ក​សិកម្ម នៅក្នុង​បណ្ដា​ប្រទេស​ដែល​មានសក្ដា​នុពល​កសិកម្ម​ខ្ពស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអំពីការខិតខំប្រឹងប្រែងលើកកម្ពស់ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ពិតជាអាចចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងលើពិពភលោក តាមរយៈការបង្កើនបរិមាណស្បៀង និងកាត់បន្ថយតម្លៃស្បៀងឱ្យថោកសមរម្យ។
នេះជាការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសចូលរួមនៅក្នុងពិសារអាហារការងារថ្ងៃត្រង់ដែលរៀបចំដោយ កម្មវិធីស្បៀងអាហារពិភពលោក (World Food Program-WFP) ក្រោមប្រធានបទ ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ដែលធ្វើឡើងនៅ World Food Programme Tent, Jakobshorn, Davos នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៧ ។
នៅក្នុងជំនួបនេះដែរ គឺមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកំពូលៗមកពីវិស័យឧស្សាហកម្ម ប្រទេសដៃគូ និងមកពីបណ្ដាប្រទេសដែលលូតលាស់នៅ អាហ្វ្រិក អាស៊ី អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំ កសិករ និងអ្នកជំនាញ ដើម្បីបង្ហាញពីវឌ្ឍនភាពនានា និងកំណត់យុទ្ធសាស្ត្រភាពជាដៃគូនៃពហុភាគីពាក់ព័ន្ធ ដើម្បីកៀងគរការគាំទ្រ។ នៅក្នុងជំនួបនេះមានបញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកឡើងដើម្បីពិភាក្សារួមមាន៖ ១-តើមានអ្វីខ្លះដែលអាចរៀនសូត្រពីបទពិសោធន៍ នៃបណ្ដាប្រទេសដៃគូដែលលូតលាស់នៅអាហ្វ្រិក និងអាស៊ី ? ២-តើកាលានុវត្តភាពថ្មីនៅប្រទេសឥណ្ឌា និងអាមេរិកឡាទីន អាចជះឥទ្ធិពលធំសម្បើមដល់ការផ្លាស់ប្ដូរមូលដ្ឋានទីផ្សារវិស័យកសិកម្មឬទេ? ៣-តើទម្រង់ដៃគូពហុភាគីពាក់ព័ន្ធ ដែលគាំទ្រដោយចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម អាចជះឥទ្ធិពលលើកាលានុវត្តភាពទាំងនោះយ៉ាងដូចម្ដេច?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅនេះ យើងត្រូវធ្វើការងារមួយចំនួនរួមមាន ១-ការយកចិត្តទុកដាក់គ្រប់គ្រងធនធានទឹកឱ្យបានល្អ ២-ការផ្ដល់បច្ចេកទេស និងផ្ទេរបច្ចេកទេសសម្រាប់ជួយដល់កសិករ និងទី៣-ការផ្ដល់ធាតុចូលកសិកម្មដែលមានតម្លៃទាបសមរម្យដល់កសិករ ជាពិសេសការធានាតម្លៃប្រេង និងថាមពលឱ្យនៅទាប។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម Grow Asia និង Grow Africa របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងការលើកទឹកចិត្តឱ្យពង្រីកវិសាលភាពនៃភាពជាដៃគូនេះថែមទៀតឱ្យកាន់តែទូលំទូលាយជាមួយនឹងគ្រប់តួអង្គដែលពាក់ព័ន្ធក្នុងការជំរុញល្បឿនអភិវឌ្ឍ ទាំងនៅក្នុងកម្រិតតំបន់ និងក្នុងពិភពលោក៕



No comments:

Post a Comment