Thursday, January 19, 2017

កិច្ច​សម្រួល​ពាណិជ្ជក​ម្មតាមប្រព័ន្ធ​អេឡិច​ត្រូនិច​ឆ្លង​កាត់​ព្រំដែន​នឹងស​ម្រួលនីតិ​វិធី និង​ប​ង្កើនទំហំ​នៃកា​រនាំ​ចេញ

ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពី «កិច្ចសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន» ដែលជាការរៀបចំរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក (UNESCAP) ដែលជាអ្នកផ្ដល់ជំនាញការចូលរួមជាវាគ្មិនក្នុងសិក្ខាសាលានេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ សិក្ខាសាលានេះមានការចូលរួមពីក្រសួងពាក់ព័ន្ធ ក៏ដូចជាភ្នាក់ងារពាក់ព័ន្ធរបស់ឡាវ និងវៀតណាមផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោកអនុរដ្ឋលេខាធិការបានកត់សម្គាល់ថា នៅក្នុងពេលបច្ចុប្បន្ន ពាណិជ្ជកម្មអន្តរជាតិមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ ដោយនាំឱ្យមានប្រតិបត្តិការឆ្លងកាត់ព្រំដែនរឹតតែច្រើនឡើង។ ប្រតិបត្តិការទាំងនោះ ចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ បង្កើតជាបន្ទុកធ្ងន់ធ្ងរដល់អ្នកនាំចេញ-នាំចូល។ ដូចនេះហើយ ដើម្បីកាត់បន្ថយបន្ទុកនេះ ក៏ដូចជាកាត់បន្ថយចំណាយប្រតិបត្តិការ រដ្ឋាភិបាលបានសម្រួលនីតិវិធីគយ និងនីតិវិធីតាមព្រំដែនដទៃទៀតសម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវវិធានការសម្រួលពាណិជ្ជកម្មមួយចំនួន។
សិក្ខាសាលានេះ ជាការផ្ដួចផ្ដើមរបស់អង្គការ UNESCAP ដែលអាចនាំនូវផលចំណេញក្នុង រយៈពេលវែងសម្រាប់តំបន់ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាស ឬតាមអេឡិចត្រូនិច ដើម្បីឱ្យការធ្វើពាណិជ្ជកម្មអន្តរជាតិរឹតតែមានប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងអនុលោមតាមច្បាប់ដែលមានជាធរមាន។
លោកអនុរដ្ឋលេខាធិការបន្តមានប្រសាសន៍ថា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ហើយក្រសួងបានស្នើសុំជំនួយបច្ចេកទេសបន្ថែមពីដៃគូរអភិវឌ្ឍដើម្បីរៀបចំនីតិវិធីស្របតាមទម្រង់ B និង C។ ម្យ៉ាងវិញទៀត ការបង្កើតឱ្យមានបង្អួចតែមួយគឺជាចំណុចអាទិភាពចម្បងសម្រាប់ដោះស្រាយបញ្ហានីតិវិធី និងហេដ្ឋារចនាសម្ព័ន្ធ។ ចំណុចអាទិភាពទីពីរ គឺកិច្ចសម្រួលពាណិជ្ជកម្មកម្រិតសកលលោក តាមរយៈការបង្កើតបុស្តិ៍ចេញចូលតែមួយនៅតាមព្រំដែន។
យោងលើការស្រាវជ្រាវរបស់ UNESCAP ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសម្រួលពាណិជ្ជកម្មតាមអេឡិចត្រូនិចទូទាំងតំបន់ អាចនាំឱ្យទំហំនៃការនាំចេញកើនឡើង ២៥៧ ប៊ីលានដុល្លារអាមេរិកប្រចាំឆ្នាំ។ ម្យ៉ាងវិញទៀត ទោះបីជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះមិនគ្របដណ្ដប់ទូទាំងតំបន់ក៏ដោយ ក៏អាចនាំឱ្យទំហំនៃការនាំចេញកើនឡើង ៣៦ ប៊ីលានដុល្លារអាមេរិកប្រចាំឆ្នាំផងដែរ ហើយថេរវេលាសម្រាប់ធ្វើការនាំចេញធ្លាក់ចុះពី ៤៤% និងចំណាយធ្លាក់ចុះ ៣១%៕




No comments:

Post a Comment