Thursday, January 19, 2017

ការ​​ងាករេ​​​មួយ​​ទៀត​​សម្រាប់​​វៀតណាម​

រយៈពេល ១ ឆ្នាំកន្លងទៅ ខ្ញុំបានលើកឡើងថា ឆ្នាំ ២០១៦ នឹងជាឆ្នាំសំខាន់សម្រាប់ការនាំយករចនាសម្ព័ន្ធនយោបាយក្នុងប្រទេសឲ្យស៊ីសង្វាក់គ្នាជាមួយនឹងគោលជំហរថ្មីរបស់វៀតណាមនៅក្នុងផែនការសេដ្ឋកិច្ច និងសន្តិសុខពិភពលោក។ បន្ទាប់ពីការបោះឆ្នោតរបស់អាមេរិក វៀតណាមកំពុងត្រូវការដំបូន្មានថ្មី និងកាន់តែប្រសើរជាងមុន។ វៀតណាមចាំបាច់ត្រូវធ្វើការកែសម្រួលជំហរខ្លួន។
ការបោះឆ្នោតអាមេរិកបានធ្វើឲ្យទីក្រុងហាណូយភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វៀតណាមរៀបចំផែនការសម្រាប់គោលនយោបាយរបស់ គ្លីនតុន ដែលនៅតែប្រកាន់ជំហរតឹងរឹងលើចិន។ នេះនឹងអនុញ្ញាតឲ្យទីក្រុងហាណូយអាចតថ្លៃយ៉ាងតឹងជាងមុនជាមួយចិន។ ភាពជាដៃគូកាន់តែជិតស្និទ្ធជាមួយវ៉ាស៊ីនតោននឹងមានទឹកមាត់ប្រៃក្នុងការតថ្លៃ។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងច្បាស់អំពីគោលនយោបាយរបស់ ត្រាំ ទៅលើរឿងនោះទេ។
មានជំនឿមុតមាំថា បន្ទាប់ពីបោះឆ្នោត សភានឹងអនុម័តកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកប្រធា នាធិបតីនឹងចុះហត្ថលេខា ហើយប្រធានាធិបតីជាប់ឆ្នោត ហ៊ីលឡារី គ្លីនតុន នឹងទទួលយកវាមកធ្វើជាផែនការសេដ្ឋកិច្ចសម្រាប់តំបន់ប៉ាស៊ីហ្វិកភាគច្រើនសម្រាប់ការចងចាំនៅសតវត្សរ៍ទី ២១។ អ្នកខ្លះនៅតែសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងកែសម្រួលវោហារសាស្ត្ររបស់គាត់នៅពេលឃោសនា ហើយនឹងមកគិតគូររឿងពាណិជ្ជកម្មនោះវិញ។ ប៉ុន្តែ ត្រាំ បានបញ្ចេញប្រតិកម្មមិនទទួលយកទិន្នន័យ ឬការផ្តល់យោបល់របស់អ្នកជំនាញ។
តើគេគួរតែសង្គ្រោះកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកនោះដោយត្រឹមតែប្រទេស ១១ ដែរឬទេ? កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកនោះកើតឡើងដោយមានលក្ខខណ្ឌ ពោលគឺប្រទេសនីមួយៗត្រូវតែសម្របសម្រួលដើម្បីទទួលបានត្រឡប់មកវិញនូវផលប្រយោជន៍ពីភាពជាសមាជិក។ សម្រាប់វៀតណាម លក្ខខណ្ឌទាំងនេះនឹងប៉ះពាល់ដល់ការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្ត ជាពិសេសពាក់ព័ន្ធនឹងសេដ្ឋកិច្ច។ បើមិនបានរាប់បញ្ចូលទីផ្សារធំជាងគេរបស់ពិភពលោក និងផលប្រយោជន៍សន្តិសុខដែលរួមចំណែកដោយសមាជិកភាពរបស់វ៉ាស៊ីនតោននោះទេ វានឹងមិនអាចចេញទៅរួចនោះទេ។ សភាវៀតណាមបានទទួលស្គាល់រឿងនោះ នៅពេលខ្លួនបានព្យួរការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនោះ។
វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិក ៥ របស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយអាមេរិក។ ក្នុងខណៈចាប់តាំងពីដើមនៃយុទ្ធនាការបោះឆ្នោត ត្រំា មានគោលដៅរិះគន់របស់គាត់លើចិន គាត់ពិតជាបាននាំឲ្យវៀតណាមចូលទៅក្នុងគោលនយោបាយប្រជាភិថុតរបស់គាត់តាំងពីពេលនោះមក។ នៅក្នុងការជួបជុំមួយ គាត់បាននិយាយថា កម្មករអាមេរិក ឥឡូវនេះ “ប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងកម្មករនៅវៀតណាម ជាប្រទេសមួយដែលមានប្រាក់បៀវត្សរ៍ទាបជាងគេបំផុតនៅលើលោក”។ វៀតណាមមិនអាចរំពឹងថា នឹងមានកិច្ចព្រមព្រៀងសមរម្យណាមួយក្នុងការចរចាទ្វេភាគីជាមួយរដ្ឋបាល ត្រាំ នោះទេ។
មជ្ឈភាពអាស៊ានត្រូវបានគេលើកឡើង ដើម្បីជាការឆ្លើយតបទៅនឹងការដកខ្លួនរបស់អាមេរិក។ ប៉ុន្តែ ប្រសិនបើអាស៊ានមិនអាចរួមគ្នានៅក្នុងជម្លោះជាមួយចិន នៅពេលវ៉ាស៊ីនតោនកំពុងតែលូកដៃនោះ តើអាស៊ាននឹងងើបឈរដូចម្តេចទៅ នៅពេលអ្វីៗវាកាន់តែរឹងតែងថែមទៀតនោះ? ហ្វីលីពីន ជាប្រធានអាស៊ានថ្មី ប្រាកដណាស់នឹងមិននាំមុខលើរឿងនោះទេ។ ម៉ាឡេស៊ីកំពុងចែចង់ជាមួយចិនរួចទៅហើយ ហើយនៅវៀតណាមវិញ គេតែងតែមានក្រុមផ្សេងគ្នាដែលលើកឡើងថា វ៉ាស៊ីនតោនមិនអាចទុកចិត្តបានទេ។ ដូច្នេះ គេត្រូវតែរណបចិន ទោះចង់ឬមិនចង់។
តួនាទីនាំមុខនៅក្នុងការបង្កើតបញ្ញត្តិសេដ្ឋកិច្ចនោះគឺកំពុងងាកទៅរកទីក្រុងប៉េកាំង។ តាមជាក់ស្តែង វៀតណាមនឹងរីកចម្រើននៅក្នុងផែនការសេដ្ឋកិច្ចដឹកនាំដោយចិនជាងរបស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ (RCEP) អាចបើកចំហតំបន់អាស៊ីបូព៌ាទៅជាពាណិជ្ជកម្មកាន់តែសេរី ប៉ុន្តែ ផែនការនោះនៅខ្វះការការពារវិនិយោគិនឲ្យបានគ្រប់ជ្រុងជ្រោយ ការដាក់កម្រិតលើការអន្តរគមន៍របស់រដ្ឋ និងទិដ្ឋភាពឆ្លងកាត់ព្រំដែនផ្សេងៗទៀតនៃបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។
ថ្នាក់ដឹកនាំរបស់បក្សនៅទីក្រុងហាណូយអាចសប្បាយចិត្តជាមួយនឹង RCEP ប្រសិនបើចិនមានបំណងឃុំគ្រងការងាកទៅលោកខាងលិចខ្លាំងពេករបស់ទីក្រុងហាណូយ។ ប៉ុន្តែ កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកនោះមិនមែននិយាយតែអំពីពាណិជ្ជកម្មនោះប៉ុណ្ណោះទេ។ វាក៏និយាយអំពីការបង្ខំឲ្យថ្នាក់ដឹកនាំនោះអនុវត្តនូវអ្វីដែលពួកគេមិនមានសេចក្តីក្លាហានក្នុងការអនុវត្តដោយផ្ទាល់ខ្លួន។ លក្ខខណ្ឌរបស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ពោលគឺការធ្វើឲ្យមានភាពស្មើគ្នារវាងសហគ្រាសឯកជន និងរដ្ឋ ព្រមទាំងច្បាប់ការពារវិនិយោគិននោះ នឹងនាំឲ្យមានការកើនឡើងខ្លាំងផ្នែកវិនិយោគទៅវៀតណាម។ នៅពេលចិនកាន់តែក្លាយទៅជាទីកន្លែងដែលកាន់តែប្រថុយប្រថាននិងកាន់តែថ្លៃក្នុងការធ្វើជំនួញនោះ វៀតណាមដែលមិនយកពន្ធនាំចូល ភាពសុវត្ថិភាពផ្លូវច្បាប់ និងកាន់តែទទួលបានផលចំណូលច្រើននោះនឹងនាំឲ្យមានការទាក់ទាញវិនិយោគិនចេញពីចិន។
ជាការពិត ការវិនិយោគមានសន្ទុះខ្លាំងនៅមុនពេលមានកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក។ ចំនួនគម្រោងមានអាជ្ញាប័ណ្ណបានកើនឡើងទៅចំនួន ២១២០ នៅឆ្នាំ ២០១៥ ពីចំនួន ១២៣៧ ក្នុងឆ្នាំ ២០១០។ ប្រាក់ភាគច្រើនបានចូលទៅកាន់វិស័យរោងចក្រ ដែលប្រទេសនាំមុខគេមានកូរ៉េខាងត្បូង ជប៉ុន និងចិន។ រោងចក្ររបស់គេអាចជួយបម្រើដល់ទីផ្សារក្នុងស្រុករបស់គេ ប៉ុន្តែពួកគេក៏ស្វែងរកប្រទេសវៀតណាម ជាទីតាំងតម្លៃថោកជាងគេក្នុងការផលិត និងនាំចេញទៅកាន់ទីផ្សាររបស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ដែលរាប់បញ្ចូលទាំងអាមេរិកផង។
ប្រសិនបើរដ្ឋការរបស់ ត្រាំ នៅតែបន្តជំហរតឹងរឹងរបស់ខ្លួនលើប៉េកាំង ការវិនិយោគនឹងបន្តងាកចេញពីចិន។ ប៉ុន្តែ បើគ្មានកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក វៀតណាម ឥឡូវនេះ គឺជាប្រទេសតែមួយគត់ក្នុងក្រុមប្រទេសដែលចង់ជោគជ័យជាងគេ ដើម្បីទទួលបានលំហូរសាច់ប្រាក់ថ្មីៗ។ ដោយគ្មានយកពន្ធនាំចូល ពួករោងចក្រមានសេរីភាពក្នុងការប្រៀបធៀបតម្លៃនៅទីតាំងតម្លៃទាបផ្សេងៗទៀត ដូចជាកម្ពុជា និងមីយ៉ាន់ម៉ា។
ដើម្បីរក្សាការប្រកួតប្រជែង វៀតណាមត្រូវតែលើកកម្ពស់កំណែទម្រង់ដែលកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកតម្រូវឲ្យធ្វើ។ ប្រទេសនោះត្រូវតែលប់ចោលការលើកលែងលើសហគ្រាសរដ្ឋ ផ្តោតលើផលិតភាព និងផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់នៃសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ប៉ុន្តែសហគ្រាសរដ្ឋនោះគឺមានប្រជាប្រិយភាពក្នុងមូលហេតុល្អគឺ ពួកគេអាចត្រូវប្រើដើម្បីទាក់ទាញមតិសាធារណៈសម្រាប់មន្ត្រីមូលដ្ឋាន និងមជ្ឈឹម។ ហើយ ផលប្រយោជន៍នយោបាយដែលកើតពីការទទួលបានការងារ និងវិនិយោគផ្ទាល់ដែលគេត្រូវការដើម្បីរក្សាមណ្ឌលបោះឆ្នោតសំខាន់ៗឲ្យសប្បាយចិត្ត។ យើងមិនគួររំពឹងថា មន្ត្រីវៀតណាមនឹងមិនសូវមានប្រជាភិថុតជាងប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកនោះទេ។
ការស្លាប់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកបានដកសម្ពាធខ្លាំងចេញសម្រាប់វៀតណាមក្នុងការធ្វើអ្វីដែលខ្លួនត្រូវធ្វើដើម្បីភាពប្រសើរខាងសេដ្ឋកិច្ច។ បើគ្មានសម្ពាធនេះ និងគ្មានការចូលទៅកាន់ទីផ្សារអាមេរិកទេ វៀតណាមត្រូវតែធ្វើការទ្វេដងដើម្បីអនុវត្តកំណែទម្រង់។ ហើយពួកគេនឹងត្រូវតែធ្វើវាជាមួយចិនដែលកំពុងតែមានឥទ្ធិពលកាន់តែខ្លាំង ពោលគឺផលប្រយោជន៍ដែលគួរតែលើកទឹកចិត្តពួកគេឲ្យធ្វើការងារនោះ៕
ប្រភព៖ East Asia Times ចុះថ្ងៃ១៨ ខែមករា ឆ្នាំ២០១៧

No comments:

Post a Comment