Thursday, January 19, 2017

ជំនួបរវាងលោក ហោ ណាំហុង និងប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំកម្ពុជាដែលនឹងបញ្ចប់អាណត្តិនឹងបង្ហាញខ្លួនប្រធានបេសកកម្មថ្មី

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តាងណាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយលោកប្រធានបេសកុកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំកម្ពុជាដែលនឹងបញ្ចប់អាណត្តិនឹងបង្ហាញខ្លួនប្រធានបេសកកម្មថ្មី។
លោក ហោ ណាំហុង បានរំលឹកថា ICRC បានដើរ តួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយការដួលរំលំខ្មែរក្រហម ដែលពេលនោះប្រជាជនកម្ពុជារាប់លាននាក់ កំពុងជួបប្រទះនូវភាពអត់ឃ្លាន ទុរភិក្សយ៉ាងខ្លាំង និងគ្មានជម្រក។ នៅពេលនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាអនុរដ្ឋមន្ត្រីការបរទេស បានធ្វើការជាមួយ ICRC, Oxfam, World Vision, UNICEF, និងអង្គការបារាំងផ្សេងទៀតជាច្រើន។ល។ ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចពីភាពអត់ឃ្លាន និងទុរភិក្ស។
លោកបានបន្ថែមថា សព្វថ្ងៃនេះ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ក៏បានរួមសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជាដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានក្នុងការជួយប្រជាជនកម្ពុជាក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ និងប្រជាពលរដ្ឋដែលរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។
លោក ហោ ណាំហុង បានថ្លែងអំណរគុណចំពោះលោក Bart Vermeiren ក្នុងអាណត្តិរបស់លោកជានិច្ចកាលបានខិតខំប្រឹងប្រែងជាមួយកាកបាទ ក្រហមកម្ពុជារហូតទទួលបានជោគជ័យជាច្រើនដែលគួរឱ្យកោតសរសើរ។

លោក ហោ ណាំហុង បានជូនពរលោក Bart Vermeiren ឱ្យមានសុខភាពល្អ ទទួលបានជោគជ័យថ្មីថែមទៀតនៅក្នុងបេសកកម្មមនុស្សធម៌នៅជុំវិញពិភពលោក និងសុំឱ្យ ICRC នៅតែជាដៃគូដ៏ល្អមិនអាចខ្វះបានរបស់កាកបាទក្រហមកម្ពុជា ៕



No comments:

Post a Comment