Thursday, January 19, 2017

ព័ត៌​មាន​សង្គមក​ម្ពុជា​ក្រើន​រំលឹក ដោយ​សារតែករ​ណីរបស់​លោក Trump នៅ​អាមេរិក ​

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump មិនមែនជាអ្នកនយោបាយតែមួយរូបដែលប្រើប្រាស់អំណាចតាមរយៈព័ត៌មានសង្គមនោះទេ។ នៅព្រលឹមស្រាងៗ លោក Trump បានសរសេរបង្ហោះនៅលើគេហទំព័រ Twitter របស់គាត់ ដើម្បីរិះគន់អ្នកប្រឆាំង       ស្ថាប័នទាំងឡាយ ក៏ដូចជាទស្សនៈយោបល់ទាំងឡាយណាដែលមិនចុះសម្រុងនឹងគាត់។ នៅឯកម្ពុជាឯណេះវិញ នាយករដ្ឋមន្រ្តីដែលកាន់អំណាចដ៏យូរ លោក ហ៊ុន សែន បានប្រើប្រាស់ Facebook ជាឧបករណ៍ដើម្បីដាក់ចេញគោលនយោបាយ ជាការឃោសនាគណបក្សរបស់គាត់ និងដាក់គុកតំណាងរាស្រ្តគណបក្សប្រឆាំង។ កម្ពុជា និងអាមេរិកប្រហែលជាប្រទេសខុសគ្នាទាំងស្រុង ក៏ប៉ុន្តែប្រសិនជាក្រឡេកមើលទៅលើគេហទំព័រ Facebook របស់លោក ហ៊ុន សែន ពេលនោះយើងឃើញថា អំណាចដែលដាក់ទៅលើរដ្ឋាភិបាល និងព័ត៌មានអាស្រូវក្លែងក្លាយនៅកម្ពុជា បានផ្តល់ជាមេរៀនដ៏មានតម្លៃសម្រាប់មហាជនអាមេ    រិក ខណៈដែលខ្លួនរៀបចំសម្រាប់មេលេង Twitter ដ៏ធំជាងគេសម្រាប់អាមេរិក។
រយៈពេលប្រាំមួយថ្ងៃមុនពេលអាមេរិកសម្ពោធប្រធានាធិបតីទី ៤៥ របស់ខ្លួននៅថ្ងៃទី ២០ ខែមករា លោក ហ៊ុន សែន នឹងប្រារព្ធខួប ៣២ ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជា។ ការរក្សាបាននូវអំណាចរយៈពេលយូរនោះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ជាអ្នកនយោបាយដែលមានបទពិសោធដែលបានចូលរួម ហើយក្រោយមករត់ចេញពីជួរ និងបន្ទាប់ពីនោះបានផ្តួលរំលំពួកខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ចាប់តាំងពីពេលនោះមក លោក ហ៊ុន សែន បានប្រើប្រាស់នូវភាពប៉ិនប្រសព្វរបស់គាត់ទៅលើក្រុមគ្រួសាររាជានិយម ធ្វើឱ្យប៉ះពាល់បជ្ចឹមប្រទេសដោយសារតែងាកកាន់តែជិតទៅរកក្រុងប៉េកាំង និងបានបំបិតមាត់ក្រុមប្រឆាំងក្នុងប្រទេសរបស់គាត់តាមរយៈកម្លាំងឃោរឃៅ។
លោក ហ៊ុន សែន ចាប់យកការប្រើប្រាស់ Facebook លើកដំបូងនៅឆ្នាំ ២០១៣ គឺជាសេចក្តីសម្រេចចិត្តបែបកលយុទ្ធ ដើម្បីអំពាវនាវរកអ្នកបោះឆ្នោតក្មេងៗ ក្រោយពីការបោះឆ្នោតបានបញ្ចប់។ សព្វថ្ងៃនេះ លោក ហ៊ុន សែន ជារឿយៗបានបង្ហោះរូបថតចៅរបស់គាត់ ក៏ដូចជាខ្លួនឯងផង និងរូបថតសហការីរបស់គាត់ជាមួយកសិករ ឬជាមួយក្រុមគ្រួសាររាជវង្សផងដែរ ទាំងអស់នេះសុទ្ធធ្វើឡើងដើម្បីបង្ហាញមុខមាត់កាន់តែស្រស់ស្រាយទៅកាន់អ្នកបោះឆ្នោតវ័យក្មេង។
ការព្រួយបារម្ភបន្ថែមទៀតគឺថា លោក ហ៊ុន សែន កំពុងប្រើប្រាស់ Facebook ជាឧបករណ៍នយោបាយដើម្បីគ្រប់គ្រងប្រទេសនេះ និងគៀបសង្កត់ក្រុមប្រឆាំងនឹងគាត់។ លោក ហ៊ុន សែន ក៏លែងនិយាយផ្សាយនូវសុន្ទរកថាវែងៗតទៅទៀតទេ ដែលបានចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ ដែលជារបស់ក្រុមគ្រួសារគាត់។ Facebook បានផ្តល់        ឱ្យលោក ហ៊ុន សែន នូវច្រកទ្វារក្នុងការនិយាយអំពីបំណងប្រាថ្នារបស់គាត់ ហើយនឹងសេរីភាពថ្មីរបស់គាត់ដើម្បីចោទប្រកាន់សមាជិកគណបក្សប្រឆាំងដែលធ្វើខុស។
អ្នកគាំទ្ររបស់គាត់មាន ៦,៥ លាននាក់ ដែលមនុស្សភាគច្រើនត្រូវបានគេចោទប្រកាន់ថា ត្រូវបានគេទិញ មិនត្រឹមតែយុវជនប៉ុណ្ណោះទេ ថែមទាំងអ្នកនយោបាយប្រជាធិបតេយ្យជាច្រើនដែលស្មោះត្រង់នឹងបក្សរបស់គាត់ផងដែរ។ តាមរយៈ Facebook លោក ហ៊ុន សែន បានរកឃើញវិធីទាក់ទងដោយផ្ទាល់ទៅនឹងមន្ត្រីរដ្ឋាភិបាលដែលត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍នូវរាល់ការណែនាំរបស់គាត់។
នេះគឺជារបៀបនៃការដាក់ចេញនូវគោលការណ៍ច្បាប់ណែនាំតាមរយៈ Facebook។ នៅក្នុងកិច្ចប្រជុំផ្សេងៗ មន្រ្តីរដ្ឋាភិបាលជានិច្ចជាកាលពិនិត្យមើលទូរស័ព្ទរបស់ពួកគេដើម្បីមើលថា តើលោក ហ៊ុន សែន បានបង្ហោះនូវការណែនាំណាមួយស្តីពីនយោបាយដែលបានដាក់ចេញនោះដែរឬទេ។ ជាឧទាហរណ៍ លោក ហ៊ុន សែន បានប្រកាសដោយមិនរំពឹងទុកទុកជាមុនថា និសិត្សដែលទទួលបានពិន្ទុខ្ពស់ក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិនឹងមិនត្រូវបានគេផ្តល់ឱ្យដោយស្វ័យប្រវត្តិចូលទៅក្នុងមជ្ឈមណ្ឌលគរុសល្យទៀតទេ។ ផ្ទុយទៅវិញ អ្នកដែលចង់ក្លាយជាគ្រូបង្រៀនត្រូវទៅប្រឡង។ គោលនយោបាយថ្មីនេះជាគោលនយោបាយចាស់ដែលពីរឆ្នាំកន្លងមកនោះលោក ហ៊ុន សែន បានទាមទារឱ្យមានការផ្លាស់ប្តូរ។ សេចក្តីសម្រេចថ្មីរបស់គាត់សមស្របទៅនឹងការអនុវត្តជាក់ស្តែងនៅក្នុងក្រសួងអប់រំយុវជន និងកីឡា ហើយច្បាប់មួយចំនួនត្រូវបានផ្លាស់ប្តូរជាថ្មីម្តងទៀតដើម្បីតម្រូវចិត្តលោកនាយករដ្ឋមន្រ្តី។ គ្មានការពិភាក្សានយោបាយណាមួយ គ្រាន់តែដាក់ចេញឱ្យមានការអនុវត្តប៉ុណ្ណោះ។
Facebook ក៏ត្រូវបានប្រើប្រាស់ផងដែរដោយក្រុមប្រឆាំងនឹងលោក ហ៊ុន សែន។ បក្សប្រឆាំងដ៏សំខាន់របស់គាត់គឺលោក សម រង្ស៊ី ដែលគេហទំព័រ Facebook របស់គាត់មានអ្នកគាំទ្រចំនួន ៣,៥ លាននាក់ ដែលគេហទំព័រនេះរិះគន់នាយករដ្ឋមន្រ្តី និងបង្ហោះព័ត៌មានរិះគន់គណបក្សកាន់អំណាច។ យុទ្ធសាស្រ្តនយោបាយដ៏ពេញចិត្តរបស់លោក សម រង្ស៊ី បានបង្កឱ្យមាននូវទស្សនៈបែបជាតិខ្មែរនិយម ដោយការធ្វើអាជីវកម្មទៅលើទំនាក់ទំនងជិតស្និទ្ធរវាងលោក ហ៊ុន សែន និងទីក្រុងហាណូយ។ គ្រាមួយនោះ លោក សម រង្ស៉ីបានដកបង្គោលនៅតាមព្រំដែនកម្ពុជា -វៀតណាម ដែលជាការប្រឆាំងទៅនឹងអ្វីដែលគាត់ជឿថា ជាការទន្ទ្រានចូលទឹកដីកម្ពុជា។
ក្នុងហេតុការណ៍ស្រដៀងគ្នាមួយកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៥ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងលោក ហុង សុខហួរ បានបង្ហោះនៅលើទំព័រ Facebook របស់លោក សម រង្ស៊ី អំពីសន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៧៩ រវាងវៀតណាម និងកម្ពុជា។ ការបង្ហោះនេះបានបង្ហាញភស្តុតាងថា កម្ពុជាបានផ្តល់ដីទៅឱ្យប្រទេសវៀតណាម។ ប៉ុន្តែផែនការនេះបានជះឥទ្ធិពលមកលើខ្លួនឯងវិញ ដោយសារកំហុសនៃការបកប្រែ ឯកសារដែលបានបង្ហោះបានប្រើពាក្យថា «រំលាយ» ជាជាង «ការឱ្យនិយមន័យឡើងវិញ» ចំពោះការពិពណ៌នា អំពីព្រំដែននេះ ដែលស្ថានភាពនេះសមល្មមសម្រាប់លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់ពី «បទក្លែងបន្លំឯកសារសាធារណៈ»។ និយាយបានម្យ៉ាងវិញទៀត គាត់ត្រូវបានគេចោទប្រកាន់ពីបទឃោសនាព័ត៌មានក្លែងក្លាយនៅលើ Facebook។ កាលពីខែវិច្ឆិកា លោកត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំ។ កាលពីខែធ្នូ ឆ្នាំ ២០១៦ លោក សម រង្ស៊ី និងសមាជិកនៃក្រុម Facebook ចំនួនពីរនាក់ត្រូវបានគេកាត់ទោសកំបាំងមុខចំពោះទង្វើដូចគ្នានេះ។
នៅប្រទេសកម្ពុជា ដំណឹងក្លែងក្លាយត្រូវបានគេប្រើប្រាស់នៅក្នុងទិសដៅមួយ ដែលជានិច្ចជាកាលគាំទ្របក្សកាន់អំណាច។ ចំណែកឯសន្ធិសញ្ញា «ក្លែងក្លាយ» ដែលបានបង្ហោះនៅលើ Facebook ជាលទ្ធផលបានធ្វើឱ្យសមាជិកគណបក្សប្រឆាំងបួនរូបជាប់ពន្ធនាគារ ហើយព័ត៌មានក្លែងក្លាយផ្សេងទៀតកាលពីចុងខែធ្នូ ដែលរៀបចំឡើងដោយគណបក្សកាន់អំណាចមានផលវិបាកតិចតួច។ នៅពេលនេះ មន្ត្រីអន្តោប្រវេសន៍ដែលស្មោះត្រង់នឹងគណបក្សកាន់អំណាចធ្វើពុតជាថា ត្រូវបានឡានលោក ម៉ាង ពុទ្ធី បុក។ ទោះបីជាមានក្លីបវីដេអូនៃ «គ្រោះថ្នាក់» ត្រូវបានគេចាក់ផ្សាយនៅលើព័ត៌មានសង្គមនោះថា ព្រឹត្តិការណ៍នេះត្រូវបានគេប្រឌិតឡើងយ៉ាងច្បាស់ក៏ដោយ ក៏លោក ម៉ាង ពុទ្ធី ត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងត្រូវរង់ចាំការកាត់ទោសឱ្យជាប់ពន្ធនាគារ។
Facebook នៅក្នុងប្រទេសកម្ពុជាមិនបានបង្កើតឱ្យមានតម្លាភាព ហើយក៏មិនមានចំណេះដឹងបែបប្រជាធិបតេយ្យ ឬមិនបានគោរពទៅលើគណបក្សប្រឆាំង។ Facebook បានក្លាយទៅជាឧបករណ៍ផ្សេងទៀត តាមរយៈនោះ អាជ្ញាធរមានអំណាចបានប្រើប្រាស់ Facebook ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
វាគឺអាចធ្វើទៅបានដែលលោកប្រធានាធិបតី Trump អាចអនុវត្តន៍នូវរបៀបប្រហាក់ប្រហែលគ្នាទៅនឹងលោក ហ៊ុន សែន ។ លោក Trump បានជ្រើសរើសរួចជាស្រេចហើយនូវអ្នកស៊ីជោធ្វើជាសមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់ ហើយបើនិយាយអំពីតុលាការវិញ ដោយយកអ្នកដែលស្មោះត្រង់ជាមួយគាត់ និងជួលកូនចៅរបស់គាត់ឱ្យធ្វើការ។ គាត់ប្រហែលជាប្រាស់ចាកចេញពីអ្វីដែលគាត់បាននិយាយនៅក្នុងយុទ្ធនាការរបស់គាត់ថា គាត់នឹងកាត់ទោសលោកស្រី Hillary Clinton ប៉ុន្តែគ្រាន់តែជាការគំរាមនៃការប្រើប្រាស់តុលាការដើម្បីដាក់ផ្ទាំងស៊ីបទៅលើអ្នកប្រឆាំងគាត់តែប៉ុណ្ណោះ។ ព័ត៌មានក្លែងក្លាយ ដែលលោក Trump បានប្រើប្រាស់នៅក្នុងយុទ្ធនាការនោះអាចទៅជាភស្តុតាងប្រឆាំងនឹងអ្នករិះគន់គាត់ ដូចនៅកម្ពុជាអញ្ចឹង។
មហាជនអាមេរិកត្រូវតែទប់ទល់នឹងឥទ្ធិពលនៃព័ត៌មានសង្គម និងអំណាចរដ្ឋ។ ការធ្វើឱ្យមានជំនឿទុកចិត្តទៅលើតម្លាភាព ការផ្សព្វផ្សាយឃោសនាទៅលើព័ត៌មានមិនពិត និងការគៀបសង្កត់ទៅលើក្រុមអ្នកប្រឆាំងតាមរយៈព័ត៌មានសង្គមនេះ គឺជាការអនុវត្តន៍អំណាចផ្តាច់ការសតវត្សរ៍ទី ២១ នេះ៕
ប្រភព: East Asia Forum ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧


No comments:

Post a Comment