Wednesday, January 18, 2017

ទស្សនៈមិត្តអ្នកអាន ៖ បក្សសង្គ្រោះជាតិលេងល្បែងថ្ពិនភ្នែកបែបចាស់គំរិលលើបណ្ដាញសង្គមហ្វេសប៊ុក

ថ្មីៗនេះយើងបានមើលឃើញនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រុមប្រឆាំង បានប្រើរូបភាពឲ្យសកម្មជនខ្លួនពាក់អាវរបស់គណបក្សប្រជាជនកម្ពុជា លើកដៃជាសញ្ញាបង្ហាញការគាំទ្រដល់គណបក្សប្រឆាំង រួមនឹងការសរសេរសារខ្លីៗនិយាយពីរឿងចែកអំណោយជាដើម។ រូបភាពបែបនេះ មិនមែនជារឿងថ្មីទេ ក៏ប៉ុន្តែវាគឺជារឿងចាស់គំរិលដែលគណបក្សចាញ់ឆ្នោត ៤អាណត្តិជាប់ៗគ្នា តែងយកមកប្រើដើម្បីធ្វើប្រជាភិថុតកេងចំណេញនយោបាយ ហើយដែលមហាជនបានដឹងច្បាស់ពីទង្វើបោកប្រាស់ដដែលៗនេះ។
មហាជនបានលើកជាចម្ងល់ថា បើសិនជារឿងពិត ហេតុអ្វីគណបក្សប្រឆាំងមិនធ្វើសកម្មភាពជាចំហរបង្ហាញពីការគាំទ្រ និងចុះចូលឲ្យដូចដែលសកម្មជនបក្សប្រឆាំងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាតែម្តងទៅ។
វិធីស្មោគគ្រោកដែលក្រុមប្រឆាំងព្យាយាមផ្សព្វផ្សាយព័ត៌មានទុច្ចរិតបែបនេះ គឺក្នុងគោលបំណងដើម្បីបំពុល បំភ័ន្ត មតិមហាជន ដែលជាអ្នកបោះឆ្នោតភាគច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា។ ការពិតការចែកអំណោយ ការជួយព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ សាងសង់សាលារៀន មន្ទីរពេទ្យជាដើម វាមិនមែនជាការទិញទឹកចិត្តរបស់គណបក្សប្រជាជនកម្ពុជាទេ តែជាការចែករំលែកជួយដោះស្រាយជីវភាព សុខមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដែលជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជាតាំងពីយូរលង់ណាស់មកហើយ និងជាគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្សាភ្ជាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ ដែលគ្មានអ្វីផ្ទុយនឹងច្បាប់ហាមឃាត់នោះឡើយ។
នៅក្នុងរបបប្រជាធិបតេយ្យការបោះឆ្នោតរបស់ប្រជាពលរដ្ឋគឺធ្វើឡើងដោយសំងាត់ មិនមែនការសម្រេចចិត្តបោះឆ្នោតផ្អែកទៅលើអំណោយនោះទេ តែអ្វីដែលជាបញ្ហាសំខាន់ គឺពួកគាត់ផ្តោតទៅលើសមត្ថភាព បទពិសោធន៍ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ច និងការដឹកនាំប្រទេសឲ្យស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដូចអ្វីដែលគណបក្សប្រជាជនកម្ពុជាបាន និងកំពុងធ្វើ។ ដូច្នេះទង្វើ និងសកម្មភាពរបស់គណបក្សប្រឆាំងបាន និងកំពុងធ្វើ គឺជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕

ប្រភពពីGNN


No comments:

Post a Comment