Monday, February 15, 2016

គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីសមាជិក សមាជិកាក្រុមការងារចុះជួយខេត្ត ក្រុមការងារចុះពង្រឹងឃុំ សង្កាត់ គណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងសកម្មជនយុវជនគណបក្សឃុំ សង្កាត់ សរុបប្រមាណ ៤៥០នាក់ ។

អង្គពិធីបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ៣ ៖ ១.ខ្លឹមសារជំនួយស្មារតី ក្នុងពេលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩, ២.ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ និង៣.ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍គូសបញ្ជាក់ក្នុងអង្គពិធី លើខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ ថា រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ដោយអង្គសន្និបាត បានពិនិត្យ វាយតម្លៃសេចក្តីសម្រេចសន្និបាតលើកទី៣៨ និងគាំទ្រនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “មានសម្តេច មានគណបក្សប្រជាជន ទើបមានការអភិវឌ្ឍន៍គ្រប់វិស័យ” ។

ឯកឧត្តម មានប្រសាសន៍ទៀតថា ដើម្បីលើកស្ទួយសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលុបចោលការធ្វើប័ណ្ណបើកបរម៉ូតូក្រោម ១២៥សេសេ, លុបចោលការយកលុយពីប្រជាពលរដ្ឋឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវវេងស្រេង, បន្ថយថ្លៃសេវាធ្វើប័ណ្ណបើកបរ ស្លាកលេខ ឆៀក និងប័ណ្ណអាជីវកម្ម ពី៤០ទៅ៥០ភាគរយ, ព្យួរការបង់ពន្ធផ្ទេរសិទ្ធដីធ្លីឲ្យកូនចៅ-ប្រពន្ធប្តី និងបញ្ចុះថ្លៃអគ្គិសនី។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ថ្វីត្បិតតែករណីគ្រោះថ្នាក់មានការថយចុះ ប៉ុន្តែអត្រាមនុស្សស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានដាក់ទិសដៅមួយចំនួន ឲ្យគណបក្សខេត្ត ក្រុង ស្រុកយកទៅអនុវត្តដូចជា៖ ជម្រុញការកសាងសមាជិកបក្ស កម្លាំងនយោបាយ គាំទ្របក្ស, ជម្រុញការអនុវត្តន៍គោលនយោបាលភូមិ ឃុំ មានសុវត្ថិភាព និងវេទិកាសាធារណៈ, ធ្វើបច្ចុប្បន្នភាពសមាជិកបក្សឡើងវិញ, ពង្រឹងក្បាលម៉ាស៊ីនដឹកនាំបក្សនៅមូលដ្ឋាន, ជម្រុញចលនា និងចិញ្ចឹមចលនាមូលដ្ឋាន, ជួយសម្រួល និងឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក, ឃុំ សង្កាត់នីមួយៗត្រូវកសាងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧, ក្តាប់ឲ្យបានពីសកម្មភាពរបស់គណបក្សប្រឆាំង ដើម្បីវាយបកឲ្យទាន់ពេលវេលា ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទទួលបានការគាំទ្រ និងទុកចិត្តពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវធ្វើអំពើល្អ និងលុបបំបាត់ភាពអសកម្ម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន បានជូនថវិកាដល់គណៈកម្មាធិការគណបក្សឃុំ សង្កាត់ចំនួន ៤៨នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិចំនួន២៤០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ផងដែរ ៕






No comments:

Post a Comment