Monday, February 15, 2016

អគ្គលេខាធិការដ្ឋានរដ្ឋសភាអំពាវនាវដល់មន្ត្រីរាជការចូលរួមបរិច្ចាគឈាម

អគ្គលេខាធិការដ្ឋានរដ្ឋសភាអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ចូលរួមសកម្មភាពមនុស្សធម៌ បរិច្ចាគឈាម នៅថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នៅវិមានរដ្ឋសភា។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦កន្លងមក បានឲ្យដឹងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ​នឹងរៀបចំកម្មវិធី « អប់រំផ្សព្វផ្សាយ​ និង​ធ្វើការ​បរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទៅតាមការស្ម័គ្រចិត្ត» ជូនដល់មន្ត្រីរាជការនៃអគ្គ​លេខា​ធិ​ការដ្ឋានរដ្ឋសភាទាំងអស់ បានយល់ដឹង និងចូលរួមធ្វើការបរិច្ចាគឈាមដោយ​ស្ម័គ្រ​ចិត្ត​ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាអំណោយ​មនុស្ស​ធម៌​ដ៏ថ្លៃថ្លាសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលស្ថិតក្នុង ភាពអាសន្នចាំបាច់ត្រូវការឈាម។ ការ​បរិច្ចាគនេះ ពុំធ្វើឲ្យទន់ខ្សោយ ឬបះពាល់សុខភាពអ្នកការបរិច្ចាគឈាមបន្តិចសោះឡើយ ផ្ទុយទៅ​វិញ គឺជា គុណបុណ្យដ៏ធំមួយ ដែលជាកាយវិការជួយដល់ញាតិមិត្តជិតឆ្ងាយរបស់យើង​ ដែលត្រូវ​ការ​ឈាមដើម្បីសង្គ្រោះជីវិត។

តាមព័ត៌មានពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឲ្យដឹងថា សព្វថ្ងៃនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមមិនទាន់មាន​ឈាមគ្រប់គ្រាន់សម្រាប់ ជួយសង្គ្រោះ ជីវិតមនុស្ស​ ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមលើសពី១០០ប្លោក សម្រាប់​ជួយសង្គ្រោះ ជនរងគ្រោះផ្សេងៗ ហើយនៅទូទាំងប្រទេស ត្រូវការឈាម​ប្រមាណ​១៥០​ប្លោកជារៀងរាល់ថ្ងៃ ដូចនេះមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ត្រូវការឈាម បន្ថែមទៀត ដើម្បីសង្គ្រោះជីវិត​មនុស្ស​បន្ទាន់ ។

សូមបញ្ជាក់ថាអគ្គលេខាធិការដ្ឋានរដ្ឋសភាធ្លាប់បានរៀបចំធ្វើការបរិច្ចាគឈាមម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៥ ។




No comments:

Post a Comment