Monday, February 15, 2016

បើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១៥០ម៉ែត្រនៅផ្លូវលេខ៧៣

ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែង  ១៥០ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ៧៣​ ចន្លោះឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិប​តី​ភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំ​ការ និងជាតំណាងសម្ដេច​​អគ្គម​ហា​សេ​នាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាកកបាទក្រហមកម្ពុជា។

បន្ទាប់ពីបានស្តាប់របាយការណ៍លើកឡើងរបស់ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិ​បាល​ខេត្តត្បូងឃ្មុំ បាន​​បញ្ជាក់អំពីលទ្ធផលការងារដែលខេត្តអនុវត្តន៍សម្រេចបាននាពេលកន្លងមក និង​ទិស​ដៅការងារដែលត្រូវ​អនុវត្ត​ន៍បន្ត​រួចមក លោកឧត្តមសេនីយ៍ទោ គង់ អៀង នាយករងនៃនាយកដ្ឋានវិស្វកម្មក្រសួង ការពារជាតិ បានឱ្យដឹងថា ស្ពានកំពង់រាំងស្ថិតក្នុងភូមិ​សាស្ត្រ ឃុំពីរ ស្រុកពីរ និងខេត្តពីរ គឺខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ដោយស្ថាន​ភាពទឹក​ទន្លេ​មេគង្គនៅឆ្នាំ២០១៥ មានទំហំតូច ពុំចូលពេញ​បឹងបួរ ព្រែក​ឡើយ អាកាស​ធាតុ​ត្រជាក់តិច ហើយក្តៅខ្លាំង ភ្លៀងតិច កម្រិត​ទឹកឡើងយឺត ស្រកល្បឿមលឿន បង្ក​ការ​លំបាក​ដល់​ការ​​រស់នៅ របស់​មនុស្ស និងសត្វផងដែរនោះ  បន្ទាប់​ពី​មាន​​ការលើកឡើងជាសំណូមពី​អាជ្ញាធរ​ដែនដី និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រគល់​​ការងារ​នេះ​មកឱ្យ ​កងវិស្វកម្មក្រសួងការពារ ជាតិ ដោយ​មានការសហការជាមួយក្រសួងសាធារណការ និង​ដឹកជញ្ជូន ចុះសិក្សា និងលើក​ជា​គម្រោង​សាង​សង់ស្ពាន​នេះ​ឡើង។ តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ គង់ អៀង បានឱ្យដឹងបន្តថា  ពិធីបើក​ការ​ដ្ឋាន សាង​សង់​ស្ពាន​បេតុង ១កន្លែង នាពេលនេះ  មានប្រវែង១៥០ម៉ែត្រ ទទឹង​១២,៩០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ​ស្រុក​ឆ្លូង ខេត្តក្រចេះ  និង​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ គម្រោងសាងសង់ស្ពាននេះ មាន​រយៈ​ពេល២៤ខែ ចាប់ពី​ថ្ងៃ​បើកការដ្ឋាន​នេះ​ទៅ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ មានប្រសាសន៍ថា ការសាងសង់ស្ពានបេតុងថ្មីដែល​សម្តេច​តេជោ​ ហ៊ុន សែន សម្រេចឱ្យសាងសង់នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ  ព្រោះស្ពានចាស់ ដែល​ធ្វើអំពីដែកបាឡេមានទម្រង់តូច អាចឱ្យរថយន្តទៅមកបានម្ដងម្ខាងតែប៉ុណ្ណោះ ចំណែកស្ពានថ្មី ដែល កំពុងបើកការដ្ឋាន​សាងសង់មានប្រវែង ១៥០ម៉ែត្រ និងទំហំទទឹងរហូតដល់ ១២,៩ ម៉ែត្រ ដែលអាច ឱ្យរថយន្ត ឆ្លង​កាត់ទៅ​មកទាំង​សង​ខាង​ក្នុងពេលតែមួយ​។ ការសាងសង់នេះ ប្រើប្រាស់ថវិការដ្ឋ ដែលគ្រោងប្រមាណ ១១៥០០ លានរៀល។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាស្ពាន គឺពង្រឹងការធ្វើ​សមា​ហរណកម្មផ្ទៃក្នុងប្រទេស ក៏ពន្លឿនការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។​ ប្រការនេះធ្វើឱ្យមានភាពងាយស្រួលក្នុង​ការធ្វើ​ចរាចរណ៍ ទំនាក់ទំនងផ្លាស់ប្តូរផលិតផលរវាងប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាជាមួយនឹងប្រជាពលរដ្ឋ​នៅគ្រប់​ទិសតំបន់នៅក្នុងប្រទេស និងតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត​និងស្រប​តាមចំនុចផ្ដោត​ជាអាទិភាព​ របស់​រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ​ និងអាណត្តិទី៥ នេះ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង។

ឯកឧត្តម គាត ឈន់ បញ្ជាក់ថា ផ្លូវលេខ ៧៣ នេះជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ ដែលតភ្ជាប់ស្រុកឆ្លូង ទៅនឹង​ផ្លូវជាតិលេខ៧ ឆ្លងកាត់ ទីរួមខេត្តត្បូងឃ្មុំដែលទើបនឹងបង្កើតថ្មី ។ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា ផ្លូវលេខ ៧៣​ នេះជាផ្លូវដងរនាស់ ដែល​ផ្លែរនាស់ម្ខាងផ្លូវលេខ ៣៧១ (ព្រែកតាហុប) និង​ម្ខាងទៀតកំណាត់ផ្លូវលេខ ៧៣ ពីឆ្លូងទៅក្រចេះ ហើយរាស់​ប្រជាជន និងផលិតផលនានា ចាប់ពី​ព្រែក​ឆ្លូង (ស្រុកឆ្លូង) ឡើងទៅផ្លូវជាតិលេខ៧ និងទៅកាន់ទីក្រុង​នានា​នៃប្រទេសកម្ពុជា។ យើងរំពឹងថា​សកម្មភាព​ចរា​ចរណ៍ និងការដឹកទំនិញកសិផលនានា នឹងកាន់តែមមាញឹក រួមជាមួយសមាហរណកម្មតភ្ជាប់​ជាមួយ​ប្រទេស​វៀត​ណាម និងឡាវ ក្នុងពេលអនាគត។

ក្នុងពេលអនាគត រាជរដ្ឋាភិ​បាល​នឹងខិតខំសាងសង់ស្ពានបេតុង ជំនួស​ស្ពានដែកចាស់ៗនៅលើ​ផ្លូវនេះ​បន្ត​ទៀត។  គួររម្លឹកថា ផ្លូវលេខ ៧៣នេះ ដែលពីដើមជាផ្លូវលំមេព្រៃ។ តំបន់នេះ ធ្លាប់ជាសមរភូមិប្រយុទ្ធយ៉ាងក្ដៅ​គគុកក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ដោមមានការទម្លាក់គ្រាប់យ៉ាងច្រើន។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងសង្កេតឃើញខ្មោចរថក្រោះ គ្រាប់មីន​និងរបស់សំណល់ពីសង្រ្គាមជាច្រើន​នៅពាសពេញ​តាមបណ្ដោយ​ផ្លូវនេះ។ ការធ្វើដំណើរតាមផ្លូវនេះ​មានការ​លំបាក ដោយសារផ្លូវមានភាពចាស់ទ្រុឌទ្រោម និងបញ្ហា​អសន្តិសុខថែមទៀត៕

No comments:

Post a Comment