Monday, February 15, 2016

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ដល់ចំណត​អាកាស​យាន​ដ្ឋានអន្តរជាតិ​ហុងកុង ក្នុងដំណើរ​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​កំពូលពិសេស​អាស៊ាន-ស.រ.អា

សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​គណៈប្រ តិ​ភូ​ជាន់ខ្ពស់​រាជរដ្ឋា​ភិបាល​កម្ពុជា បានអញ្ជើញ​តាមយន្តហោះ​ពិសេសរបស់​ព្រះរាជាណា​ចក្រ​កម្ពុជា  ទៅដល់​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុងហុងកុង ប្រកបដោយ​សុវត្តិភាព កាលពី​វេលា​ម៉ោង១០ និង​៣៥នាទី​ម៉ោងនៅ​ទីក្រុង​ហុងកុង សាធារណ​រដ្ឋប្រជា​មានិតចិន ត្រូវនឹង​ម៉ោង៩​និង៣៥នាទី ម៉ោង​ក្នុង​ប្រទេស​កម្ពុជា ដើម្បីអញ្ជើញ​ទៅចូលរួមកិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន សហរដ្ឋអាមេរិក នៅទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហ​រដ្ឋអាមេ​រិក ដែលនឹង​ប្រារព្វធ្វើ​ឡើងនៅ​ថ្ងៃទី១៥-១៦កុម្ភៈ។

នៅចំ​ណត​អាកាសយាន​ដ្ឋានអន្តរជាតិ​ទីក្រុងហុងកុង ជាទីដែល​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​គណៈប្រតិភូ​ជាន់ខ្ពស់​ចុះសំ​ចតវត្តមាន នៃការអញ្ជើញ​ដល់របស់​សម្តេចតេជោនាយក​រដ្ឋមន្រ្តី ត្រូវបានការ​ធ្វើគារ​វកិច្ច​ស្វាគមន៍ ពី​លោក ផន ពៅ អគ្គ​កុងស៊ុល​ព្រះរាជា​ណាចក្រ​កម្ពុជា ប្រចាំទីក្រុង​ហុងកុង ព្រមទាំង​មន្រ្តីការ​ទូត របស់​ប្រទេស​កម្ពុជា​ជាច្រើន​រូប។

តាមកម្មវិធី​​ដែល​បាន​គ្រោងទុក សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រ​តិភូជាន់​ខ្ពស់ និងធ្វើ​ដំណើរ​ចាកចេញ​ពីចំណត​អាកាសយាន​ដ្ឋានអន្តរជាតិ​ទីក្រុងហុងកុង នៅវេលា​ម៉ោង​១២ និង២០នាទី ថ្ងៃទី​១៤កុម្ភៈ ដើម្បី​បន្តដំណើរ​ទៅកាន់​ទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ជាទីដែល​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​បណ្តា​មេដឹក​នាំអាស៊ាន-សហរដ្ឋអាមេរិក អញ្ជើញ​ចូល​រួមកិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែលនឹង​ប្រព្រឹត្តធ្វើ​ឡើង​នៅថ្ងៃទី១៥-១៦កុម្ភៈ។

​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​ខ្ពស់​រាជរដ្ឋា​ភិបាលកម្ពុជា និង​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋអាមេរិក  នៅទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រ​ញ៉ា សហ​រដ្ឋ​​អាមេ​រិក អ្នកយក​ព័ត៌មាន​ពិសេស​ នឹងធ្វើ​សេចក្តី​រាយការណ៍​ពីទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា សហ​រដ្ឋ​អាមេ​រិក​ ជូន​​ជា​បន្ត​បន្ទាប់ទៅទៀត។



No comments:

Post a Comment