Monday, February 15, 2016

មជ្ឈមណ្ឌលផ្តល់ឈាមរៀបចំយុទ្ធនាការផ្តល់ឈាមផ្តល់សេចក្តីស្រឡាញ់

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មជ្ឈមណ្ឌលជាតិផ្តល់ ឈាមបានរៀបចំនូវយុទ្ធនាការទទួលអំណោយឈាម ដោយស្ម័គ្រចិត្តពីសំណាក់សាធារណជន ក្រោម ប្រធានបទ «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» នៅបរិវេណមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅមន្ទីរ ពេទ្យ ព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម       ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

យុទ្ធនាការបរិច្ឆាគឈាមនៅថ្ងៃនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់យុវជន ដែលបានចូល រួមផ្តល់ឈាម។ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានថ្លែងថា ការបរិច្ឆាគឈាមនៅពេលនេះ គឺជាការធ្វើអំពើល្អ មួយក្នុងសង្គម ដែលឈាមទំាងនេះ នឹងត្រូវបានយកទៅជួយសង្គ្រោះអាយុវជីវិតមនុស្ស។ ឯកឧត្តមបានបន្តថា ឈាមមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយនៅលើពិភពលោកយើងនេះ មិនទាន់មានអ្នកវិទ្យសាស្ត្រណា ស្វែងរក និងផលិតឈាម សិប្បនិមិត្ត មកជំនួសឈាមមនុស្ស ឬ ចាក់បញ្ចូល ដើម្បីជួយសង្គ្រោះ ជីវិតមនុស្ស បាននៅឡើយទេ។ ឯកឧត្តម ប៉ា សុជាតិវង្ស បានអំពាវនាវដល់មន្ត្រីសាលាក្រុង និងយុវជនកាកបាទក្រហមចូលរួមផ្តល់ឈាមដើម្បីសង្គ្រោះជីវិត។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបាន លើកឡើងនៅក្នុងទិវា នៃក្តី ស្រឡាញ់នេះថា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចែករំលែកក្តីស្រឡាញ់របស់ខ្លួន ជូនទៅដល់ ជនរងគ្រោះផ្សេងៗ តាមរយៈនៃការបរិច្ចាគឈាមផងដែរ ព្រោះអ្នកត្រូវការជួយសង្គ្រោះ មានការកើនឡើង ដែលធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងត្រូវការអំណោយឈាមពីអ្នកស្ម័គ្រចិត្តទាំងអស់ ព្រោះដោយ សារតែមជ្ឈមណ្ឌលជាតិ មិនទាន់ទទួលបាន អ្នកស្ម័គ្រចិត្តផ្តល់ឈាមគ្រប់គ្រាន់នៅឡើយ។

លោកវេជ្ជបណ្ឌិតបានថ្លែងបន្តទៀតថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែបានរៀបចំយុទ្ធនា ការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ដោយបានសហការជាមួយ សាខាកាកបាទក្រហម រាជធានីភ្នំពេញ សកលវិទ្យាល័យនានា វិស័យឯកជន ក្នុងគោលបំណង ធ្វើឱ្យការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ពីអ្នកស្ម័គ្រចិត្ត ក្នុងចំណោមប្រជាជន និងយុវជនយើង។ លោកសង្ឃឹមថា តាមរយៈយុទ្ធនាការនេះ នឹងមាន អ្នកស្ម័គ្រចិត្ត មកបរិច្ចាគឈាម បានកាន់តែច្រើន ដើម្បីឆ្លើបតទៅនឹងតម្រូវការឈាម សម្រាប់ជួយសង្គ្រោះ ដល់ជនរងគ្រោះ នៅទូទាំងប្រទេស។

ចំណែកក្រុមហ៊ុនទឹកសុទ្ធវីតាល់ក៏បានធ្វើសកម្មភាពមនុស្សធម៌នេះ ជាមួយរបស់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម តាំងពីឆ្នាំ២០១១ មកម៉្លេះតាមរយៈមូលនិធិ ២៥រៀលរបស់វីតាល់។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមបើកយុទ្ធនាការបរិច្ចាគឈាម នៅក្នុង​ទិវា​នៃក្តីស្រឡាញ់ថ្ងៃ១៤កុម្ភៈ៕

No comments:

Post a Comment