Monday, February 15, 2016

ភ្ញៀវទេសចរបរទេសចូលមកទស្សនាតំបន់អង្គរមានការកើនឡើង​ ខណៈដែលក្រសួងទេសចរណ៍​អះអាងថាភ្ញៀវទេសចរថយចុះ​នៅសៀមរាប-អង្គរ​ក្នុងឆ្នាំ២០១៥

របាយការណ៍លម្អិតរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរក្នុងខេត្ត សៀមរាបក្នុងឆ្នាំ២០១៥កន្លងទៅនេះមានចំនួន ៥.០១១.៣១៦នាក់ ថយចុះ០,២៥% បើធៀបនឹង​ឆ្នាំ២០១៤ ដែលក្នុងនោះភ្ញៀវបរទេសមាន ២.១២៤.៨៦៣នាក់ ថយចុះ៩,៦១% ភ្ញៀវជាតិមានចំនួន ២.៨៨៦.៤៥៣នាក់ កើនឡើង៨% បើធៀបឆ្នាំ២០១៤។

យោងតាមទិន្នន័យចំនួនភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុង ឆ្នាំ​២០១៥ របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ចំនួនភ្ញៀវបរទេស​ដែលទិញបណ្ណ​ចូលទស្សនា​រមណីយដ្ឋានអង្គរ​ក្នុងឆ្នាំ២០១៥មានចំនួន ២.១០០.០១៨នាក់ កើនឡើង​ប្រមាណ២% ដោយធៀបនឹង​ឆ្នាំ២០១៤ ដែលមាន​ចំនួនសរុបត្រឹមតែ២.០៥៩.៧០២នាក់។

ចំនូនភ្ញៀវទេសចរនៅតែមានកំណើននៅក្នុងតំបន់អង្គរ គឺបណ្តាលមកពីកិច្ចខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន។  កត្តាស្ថេរភាពនយោបាយ និងសុខសន្តិភាព​ក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់​ទំនុកចិត្តខ្ពស់​ដល់​ភ្ញៀវទេសចរ​គ្រប់រូបក្នុងការមកទស្សនាប្រទេសកម្ពុជា ហើយកិត្តិស័ព្ទរបស់អង្គរ ដែលត្រូវ​សាធារណៈមតិ​បោះឆ្នោតគាំទ្រឱ្យជាប់លេខមួយផ្ទួនៗគ្នា ថាជាគោលដៅ​ទេសចរណ៍​ដ៏ល្អបំផុតនៅក្នុង​គេហៈទំព័រ Archaeo​Madness​ ក្នុងឆ្នាំ​២០១៤, Trip Adviser ​ និង Lonely Planet​ ក្នុងឆ្នាំ​២០១៥ ក៏ជាកត្តាចម្បង​ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ បានទាក់ទាញ​ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាងមួយលាននាក់ ស្របពេលដែលសេវាកម្មស្នាក់នៅមាន​ស្តង់ដា​​​ត្រឹមត្រូវ ហើយអាហារមានគុណភាពខ្ពស់និងអនាម័យល្អ។ ទន្ទឹមនឹងនេះ សមិទ្ធផលនៃការងារ​អភិរក្សរបស់​អាជ្ញាធរជាតិ​អប្សរា និងការអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដើម្បីធានានូវសុវត្ថិភាព​ប្រាសាទនិង​ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិ​ដែលបានចូលមកកំសាន្តនិងស្វែងយល់ពីតំបន់អង្គរ ក៏ជាចំណែកយ៉ាងសំខាន់​សម្រាប់បំពេញ​តម្រូវការ​ទស្សនានៅតំបន់អង្គរ។

ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាសន្តិសុខ​និងសុវត្ថិភាព​ប្រាសាទនិងភ្ញៀវទេសចរ លើកតម្លៃប្រាសាទ​និងផ្តល់​នូវបទពិសោធ​ទស្សនា​ដ៏ល្អប្រសើរសម្រាប់ភ្ញៀវទេសចរគ្រប់រូប ការងារជាច្រើន​ត្រូវបាន​រៀបចំជាបន្តបន្ទាប់ដូចជា ការគ្រប់គ្រងលំហូរភ្ញៀវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខាចាំបាច់​សម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវ ការរៀបចំព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ​ ការកែលម្អ​សោភ័ណភាពនៅតាមប្រាសាទ ការដាក់អនុវត្តក្រមប្រតិបត្តិអង្គរ ការបណ្តុះ​បណ្តាលពង្រឹងសមត្ថភាព​ភ្នាក់ងារទេសចរនៅតាមប្រាសាទ និងកិច្ចសហការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់ដែលមិនអាចខ្វះបាន។







No comments:

Post a Comment