Friday, December 18, 2015

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រកាសសមាសភាព សមាគមមិត្តកម្ពុជា-ថៃ

ថ្លែងក្នុង​ពិធីប្រកាស​សមាសភាព សមាគម​មិត្តភាព​កម្ពុជា-ថៃ  ដែលបាន​ប្រារព្ធធ្វើ​ឡើងនៅ​សណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យករដ្ឋមន្ដ្រី រដ្ឋមន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​និងជាប្រធាន​សមាគម​មិត្តភាព​កម្ពុជា-ថៃ  បានមាន​ប្រសាន៍ថា៖ ការបង្កើត​ឲ្យមាន​សមាគម​នេះឡើងគឺដើម្បី​ចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រិតចំណង​មិត្តភាព​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ឲ្យកាន់​មានភាពល្អ​ថែម​ទៀត​លើគ្រប់​វិស័យ ពិសេស​លើការ​ងារទំនាក់​ទំនង​ផ្សព្វផ្សាយ​ដល់​ធុរកិច្ច ក្រុមសហគមវិនិយោគ ដល់ពាណិជ្ជករ​របស់ប្រទេស​ថៃ ឲ្យបានយល់​អំពីសក្ដានុពល និងការ​លានុវត្តភាពដ៏ធំធេង​របស់ប្រទេសកម្ពុជា សំរាប់មក​បណ្ដាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីជា​ប្រយោជន៍ដល់រាជ​រដ្ឋាភិបាល និងប្រជាពល​រដ្ឋប្រទេសទាំង២ ផងដែរ។

ម៉្យាងវិញទៀតការបង្កើត​សមាគមមិត្តភាព​កម្ពុជា-ថៃ  នេះដែរ ក៍ជាការរួមចំណែក​មួយដ៏សំខាន់ សំរាប់ធ្វើកិច្ចសហប្រតិបត្តិការ​រវាងវិស័យឯកជន​លើការងារ​វិនិយោគទុនប្រទេស​ទាំងពីរ ក៍ដូចជាការជួយបង្កើន​នូវការទំនាក់​ទំនងការទូត​រវាងប្រទេសទាំងពីរទៅមុខឲ្យកាន់តែ​ល្អប្រសើរ​ថែមទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍​បន្ថែមថា៖ ក្រៅពីកា​រជួយជំរុញ​លើផ្នែកសេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ ការបង្កើតឲ្យមាន​សមាគម​​នេះ គឺស្រប​ពេលដែល​ប្រទេស​ទាំងពីរ កម្ពុជា-ថៃ ប្រារព្ធខួបលើកទី​៦៥ឆ្នាំ នៃការទំនាក់​ទំនងការ​ទូតជាមួយគ្នា ដែល​សម្ដេច​អគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹក​នាំគណៈប្រតិភូអញ្ជើញទៅចូល​​រួមពិធី ដោយ​តបតាម​ការអញ្ជើញ​របស់នាយករដ្ឋមន្រ្ដី​ថៃ នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៥ ដើម្បីជា​ការបញ្ជាក់​នូវការទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ​ល្អក្នុងនាម​ប្រទេសជិតខាង​ ក៍ដូចជា ការបង្ក​លក្ខណៈអំណោយផល​កាន់តែខ្លាំង​បន្ថែមទៀត សំរាប់​ការធ្វើវិ​និយោគ និង​ធុរៈកិច្ច សហគ្រាស ក្រុមហ៊ុន​កម្ពុជា-ថៃ មានឱកាសជួប​ពិភាក្សា បង្កភាពងាយ​ស្រួលលើការងា​រផ្លាស់ប្ដូរ​ ពាណិជ្ជកម្ម​គ្នាទៅវិញ​ទៅមក ព្រោះថាការ​ទំនាក់​ទំនង​ការទូត និងវិស័យ​ពាណិជ្ជកម្ម​អន្ដរជាតិ គឺជា​ធាតុពីរ ដែល​មិនអាច​កាត់ផ្ដាច់គ្នា​បានឡើយ។

​ឯកឧត្តម​បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី ក៍បានជំរុញ​ដល់សមាគម​មិត្តភាពកម្ពុជា-ថៃ ត្រូវយកចិត្ត​ទុកដាក់​បង្កើនការ​ធ្វើពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម​ទៀត ព្រោះ​កន្លង​មកកា​រផ្លាស់ប្ដូរ​ទំនិញ​នៅមា​នកំរិតនៅឡើយ ក្នុងនោះ​កម្ពុជា បាននាំចេ​ញទំនិញ​ទៅកាន់​ប្រទេសថៃ​ក្នុងទំហំ​ទឹកប្រាក់ប្រមាណ​ជា៥រយលានដុល្លារអាមេរិក​ ហើយភាគី​ថៃបាននាំចូលនូវ​ទំនិញ​មកកាន់​កម្ពុជាវិញមានទំហំទឹកប្រាក់​ប្រមាណជា ៥ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ៕


អត្ថបទ៖ សាវឿន

No comments:

Post a Comment