Friday, December 18, 2015

នយោបាយព័ន្ធជើង

ទស្សនៈ
ដោយ៖ សួន ចំរើន
នយោបាយព័ន្ធ​ជើង

ដោយ​សារ​តែ​​កំពុង​​ដាំ​ក្បាលធ្លាក់​​ចុះនៃ​​ប្រជាប្រិយភាព​ និង​ការ​បែក​បាក់​ផ្ទៃក្នុង​យ៉ាង​ធ្ងន់​ធ្ងរ​ ទាំង​លើ​សមរភូមិ​ប្រជាធិប​តេយ្យ​​ក្នុង​ប្រទេស​ ក៏ដូច​ជា​នៅបរទេស​ បាន​ធ្វើ​ឲ្យ​គណបក្ស​​សង្គ្រោះជាតិ​ងាក​មក​រក​តុ​ចរចា​​​​វិញ​យ៉ាង​អាម៉ាស់​។ ក្រោយ​ពេ​ល​ធ្វើ​ដំណើរ​អស់​ខ្យល់​​ ក្នុង​ការ​ដើរញុះញង់​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ផ្តាច់​ជំនួយដល់​កម្ពុជា​​​​ តែ​​មិន​ទទួល​បាន​លទ្ធផល​មក​ ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ត្រឡប់​ទៅ​ប្រើប្រាស់​ក្បួន​ភូត​កុហក់​ចាស់​កាលពី​មុន​បោះឆ្នោត​មក​ប្រើ​ឡើង​វិញ​ លើ​ប្រធាន​បទ​តម្លើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​កម្មករ​ កម្មការិនី​រោង​ចក្រ​វិញម្តង​។
ក្រុម​តំណាង​រាស្ត្រ​ទាំង​នោះ​ បាន​បន្ត​កុហក់​ប្រជាពលរដ្ឋ​ថា​រាជរដ្ឋាភិបាល​ បាន​រត់​តាម​កម្មវិធី​នយោបាយ​របស់​ពួក​គេ​ទើប​មាន​ការ​តម្លើង​ប្រាក់​ខែ​ដូច​ពេល​នេះ​។
​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​គោល​នយោ បាយ​របស់​ខ្លួនច្បាស់​លាស់​​ និង​បាន​ប្រកាស​អំពី​គោល​នយោបាយ​តម្លើង​ប្រាក់​បៀវត្សរ៍នេះ ​ដល់​មន្ត្រី​រាជការ​ស៊ីវិល​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​បងប្អូន​កម្មករ​តាម​រោង​ចក្រ​កាត់​ដេរ​ តាំង​ពី​មុន​ពេល​​បោះ​ឆ្នោត​មក​ម្លេះ​ ដូច្នេះ​ហើយ​ ទើប​បាន​ជា​ប្រជាពលរដ្ឋ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រម​ទាំង​បងប្អូន​កម្មករ កម្មការិនី​ នៅ​តែ​បន្ត​គាំ​ទ្រ​គោល​នយោ​បាយ​នេះ​ និង​បន្ត​បោះ​ឆ្នោត​គាំ​ទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ដឹក​នាំ​ប្រទេស​ជាបន្ត​ទៀត​​រហូត​។​
ការធ្វើកំណែទម្រង់ គឺ​ទាមទារ​ឲ្យ​មានការ​អំណត់ លះបង់ មាន​ឆន្ទៈ​ខ្ពស់ មាន​ផែនការ​​​​ច្បាស់លាស់ និង​ទស្សនៈ​វិស័យ ក្នុងការ​អនុវត្ត​ការងារ​នេះ​។ បើ​មិន​ដូច្នោះ​ទេ​ កំណែ​​ទម្រង់​ គឺ​​ពិបាក​​នឹង​ទទួលបាន​ជោគជ័យ​ណាស់។​
ក្រោយ​ពីទទួល​បាន​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋជាថ្មី ​​​ដើម្បីប​​ន្ត​ដឹក​នាំ​ប្រទេស ​​​គណៈ​រដ្ឋមន្ត្រីក្នុង​​​​អាណត្តិ​ទី​៥​ នៃរដ្ឋសភា ដែល​មាន​លោក​ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គដំបូង​​​​ នៅថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដើម្បី​ដាក់​ចេញ​នូវ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល​ ដែល​ក្នុង​នោះ​មាន​កម្មវិធី​ជាអាទិភាព​ គឺ​ការ​ធ្វើ​​កំណែទម្រង់​​ស៊ីជម្រៅ​លើ​វិស័យ​ធំៗ​ជាច្រើន​ ក្នុង​នោះ​ក៏​​រួម​​​បញ្ចូល​នូវ​ផែន​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍ជូន​មន្ត្រី​រាជការ​ស៊ីវិល​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រម​ទាំង​បាន​ឈាន​ដល់​ការគិតគូ ​ចរចា​ជាមួយ​បណ្តាថៅកែ​រោង​ចក្រដើម្បី​បង្កើន​ប្រាក់​ឈ្នួល​គោល​ដល់​បងប្អូន​កម្មករ កម្មការិនី​ ឲ្យ​មាន​ជីវភាព​សម​រម្យ​ ទៅ​តាម​ការ​អភិវឌ្ឍ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​​​​​​​យ៉ាង​ពិត​ប្រាកដ​។​
រីឯ​គណបក្ស​ប្រឆាំង ដែល​តែង​តែ​ប្រើសារ​នយោបាយ​របៀប​រវើរវាយ​ ហួស​ហេតុ​នោះ​គឺ​មិន​អាច​អូស​ទាញ​  ​បោក​បញ្ឆោត​ ពលរដ្ឋ បាន​ជាលើក​ទី​២​ឡើយ​។ ដូច្នេះ​ការ​វិល​ទៅ​ប្រើប្រាស់​សារ​នយោបាយ​សន្យា​​ដំឡើង​ប្រាក់​ខែ​ របស់​ក្រុម​តំណាងរាស្ត្រ​នៅតាម​វេទិកា​នានា​ នៅពេល​នេះ​គឺ​ជា​​រឿង​ឥត​ន័យ ។
ជាទម្លាប់​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ដែល​ដើរ​សន្យា​ជាមុន​នោះ​ទេ​ តែ​មាន​ចរិត​ធ្វើការ​កសាង​ និង​អភិវឌ្ឍន៍​ ជាក់​ស្តែង​នូវ​កង្វះខាត​របស់​ប្រជាពលរដ្ឋ​ ដែល​ជាវិស័យ​អាទិភាព​។ រាជរដ្ឋាភិបាល​ មាន​គោល​នយោបាយ​ដំឡើង​ប្រាក់​បៀវត្សន៍​នេះ​បន្តិច​ម្តង​ៗ​ ពី​១ឆ្នាំ​ ទៅ​១ឆ្នាំ​ ហើយ​នឹង​តម្លើង​រហូត​ដល់​១លាន​រៀល​យ៉ាង​តិច​ នៅឆ្នាំ​២០១៨ ខាង​មុខ​។​ ជាក់​ស្តែង​ នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ថា​ មន្ត្រី​រាជការ​ស៊ី​វិល​ដែ​ល​ទទួល​បាន​ប្រាក់​បៀវត្សរ៍ទាប​បំផុត​នឹងត្រូវ​តម្លើង​រហូត​ដល់​៣៥%​​​​។ ចំណែក​​​បងប្អូន​កម្មករ​ កម្មការិនីដែល​ធ្វើ​ការ​នៅតាម​រោង​ចក្រ​ គឺ​ត្រូវ​ទទួល​បាន​ប្រាក់​ខែគោល​ទាប​បំផុត​ ១៤០​ ដុល្លារ​ ។​​ នេះ​ជាការ​គិត​គូ​ខ្ពស់​ណាស់​ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ដើម្បី​បង្កើន​ជីវភាព​ម​ន្ត្រី​​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​បងប្អូន​កម្មករ​ ឲ្យ​ស្រប​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ​។​
តាម​ពិត​ គឺ​គណបក្ស​សង្គ្រោះជាតិ​ទេ​ ដែល​ជា​គណបក្ស​មិន​ចង់​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​។ ហេតុអ្វីបានជានិយាយដូច្នេះ? ពីព្រោះនៅពេលប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៦ ​ក្រុម​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ បាន​ធ្វើ​ពហិកា​មិន​ចូលប្រជុំ។ នេះសរបញ្ជាក់​ឲ្យឃើញថា គណបក្សសង្គោះជាតិ ប្រឆាំងនឹងការតម្លើងបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការីនីយ៉ាងពិតប្រាកដ។ ពីព្រោះ​ថា​ ថវិកា​ជាតិ​នេះ​មួយ​ភាគធំ​ ​ត្រូវ​យក​មក​ប្រើប្រាស់ដើម្បី​​តម្លើង​ប្រាក់​បៀវត្សរ៍ជូន​មន្ត្រី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ នៅ​ឆ្នាំ​២០១៦​នេះ​។ បើ​គណបក្ស​ខ្លួនចិត្ត​ស៊ើង​ ប្រឆាំងច្បាប់ថវិកាជាតិឆ្នាំ២០១៦ ម៉េច​មិន​ប្រកាស​មិន​យក​ប្រាក់​ខែ អ្នក​តំណាង​រាស្ត្រ​​ដែរ​ទៅ​ បើ​ក្រុម​ខ្លួន​បាន​ជាធ្វើ​ពហិកា​មិន​ចូលប្រជុំ​ទៅហើយ​នោះ​ ឬ​ក៏​ក្រុម​ពួក​គេ​ក្លាយ​​ជា​ក្រុម​«​ស៊ីឡាក»​​?​។ ​​រីឯក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​ចង់​បាន​គុណសម្បត្តិ​ពី​ការ​តម្លើង​ប្រាក់​បៀវត្សរ៍នេះក៏​ជាក្រុម​ «ស៊ីឡាក»​ ​ដែរ​ ព្រោះ​បើ​រដ្ឋាភិបាល​​អនុវត្ត​បាន​ជោគជ័យ​ហើយ​ ពួក​គេ​ក៏ទាមទារ​យក​គុណសម្បត្តិ​បង្ហាញ​រាស្ត្រផង​​ដែរ​។
ក្រោយ​ពីការធ្វើពហិការមិនចូលសភា មិនទទួលបាន​ផលចំណេញអ្វីសម្រាប់ និងបុគ្គលផ្ទាល់ខ្លួនរួចមក​ តំណាង​រាស្ត្រ​ទាំង​៥៤ ​រូប​របស់បក្ស​សង្គ្រោះ​ជាតិ​ ក៏​ព្រម​ដើរ​ចូល​​សភា​​វិញ​ ដែល​ក្នុង​នោះ​គេក៏​ឃើញ​លោក​ប្រធាន​បក្ស​ កឹម សុខា ​ចូលរួមផង​ដែរ​ តែ​ត្រូវ​អង្គុយ​​កន្លែង​ផ្សេង​ពី​កន្លែង​អនុប្រ​ធានទី១រដ្ឋ​សភា​​។ ពិត​ជាមុខ​ក្រាស់​មែន​ តើ​ឲ្យ​ប្រជាពល​រដ្ឋ​​ទុក​ចិត្ត​ម្តេច​កើត​ បើ​ធ្វើ​នយោ​បាយ​​ដូច​កូនក្មេង​បែប​នេះ​។ ម្តង​ចេញ​ម្តង​ចូល​ៗ ស្រេច​តែ​ចិត្ត​បែប​នេះ​​។​​​​

ដោយ​សារ​តែ​ការ​ភូត​កុហក់​ និង​ការ​សន្យា​ខ្យល់​បែបនេះ​ហើយ​ ទើបធ្វើ​ឲ្យ​​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិកាន់​តែ​អស់​ជំនឿ​​។​ ម្យ៉ាង​ទៀត​ អំពើពុក​រលួយ​ បក្ខ​ពួក​និយម​ គ្រួសារ​និយម​ បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​គណបក្ស​នេះ​​ដើរ​ចេញ​ពី​គណបក្ស​ជា​បន្ត​​បន្ទា​ប់​ទៅ​បង្កើត​គណបក្ស​ថ្មីរៀង​ៗ​ខ្លួន​​។

No comments:

Post a Comment