នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា បង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត លើករណីបង្ករបួសស្នាមលើ អ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ (CNRP) ២រូប នៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
សេចក្តីសម្រេចនៅក្នុងប្រការ១ បានឲ្យដឹងថាចំពោះសមាសភាពនៅក្នុង គណៈកម្មការនេះ គឺមាន៨រូប ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, ឯកឧត្តមឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន, ឯកឧត្តមឧត្តមសេនីយ៍ឯក សៀងសេន ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ជាសមាជិក, ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាសមាជិក, ឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ជាសមាជិក, ឧត្តមសេនីយ៍ទោ មួង សុធា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ជាសមាជិក, ឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ជាសមាជិក និងលោកវរសេនីយ៍ឯក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ជាសមាជិក។
សេចក្តីសម្រេចបានបញ្ជាក់ទៀតថា គណៈកម្មការនេះ មានភារកិច្ច ស្រាវជ្រាវ ស៊ើបអង្កេត ប្រមែប្រមូលភស្តុតាងនានា តាមនីតិវិធី ដើម្បីឈានដល់ទៅចាប់ខ្លួន ជនសង្ស័យដែលបានបង្ក របួសស្នាមលើអ្នកតំណាងរាស្ត្រនិងបញ្ជូនទៅកាន់តុលាការ កាត់ទោសតាមច្បាប់ជាធរមាន៕
No comments:
Post a Comment