Wednesday, October 28, 2015

បទវិភា​គ ដោយ៖​ ពង្ស​ សុក្រឹត្យ,យុទ្ធសាស្ត្រ​បង្វែរព្រឹត្តិកា​រណ៍ របស់អ្ន​កនយោបាយ​

ក្រុម​អ្នក​វិភាគ​ កំពុង​តាម​ដាន​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហេតុការណ៍​ដែល​នាំ​ទៅ​ដល់​​ការ​​វាយ​​ដំ​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​២រូប​ កាល​ពី​ដើម​សប្តាហ៍​នេះ​ ព្រោះវាជាព័ត៌មាន​ដែល​ពលរដ្ឋ​​កំពុង​មាន​​ការ​ចាប់​អារម្មណ៍​។​
ក្រោយ​ពី​បាន​ឃើញ​សកម្មភាព​វាយ​ដំ​តំណាង​រាស្ត្រ​ តាម​រយៈ​វីដេអូ​ឃ្លីប​ ដែល​អ្នក​ថត ​​បាន​​បង្ហោះ​​​នៅ​​លើ​​បណ្តាញ​​សង្គម​ហ្វ៊េសប៊ុក​ព្រោង​​ព្រាត​មក​ ទាំង​ក្រុម​អ្នក​វិភាគ​ និង​ប្រជាពលរដ្ឋ​ ​​មានការ​ងឿង​ឆ្ងល់​ជាខ្លាំង​ ដោយ​​សារ​សាច់​រឿង​នៃ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​ ហាក់​ដូច​ជាមិនស៊ីគ្នា​ទៅ​នឹង​ប្រធាន​បទ​ ដែល​ក្រុម​បាតុករ​ស្រែក​តវ៉ា​​ទាម​ទារ​ ទាល់​តែសោះ​។
គេនៅ​ចាំបាន​ថា​ ចាប់តាំងពីវេលាម៉ោងប្រមាណ៧ព្រឹក​ថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ២០១៥​កន្លង​ទៅ​នេះ​ មាន​ក្រុម​បាតុករ​ចម្រុះ​ជាង ៥ពាន់​នាក់​​ បាន​មក​ប្រមូល​ផ្តុំគ្នា​នៅខាងមុខមរដ្ឋសភាជាតិ ដើម្បី​ស្នើសុំ​ឲ្យ​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន និង​តំណាង​រាស្ត្រ​ទាំង​អស់​ ដកលោក កឹម សុខា​ ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃរដ្ឋ​សភា​។​ ក្រោយ​ពី​មាន​ការ​ស្រែកទាមទារ​ប្រមាណ​​ជាង​​៣​ម៉ោង​ ទើប​គេ​ឃើញ​​​តំណាងរាស្ត្រ នៃគណបក្ស​ដែលមាន​អាសនៈ​ក្នុង​​រដ្ឋសភា​​​​បានចេញ​មកទទួល​ញត្តិពី​បាតុករទាំង​នោះ​។ ​បន្ទាប់មក​ក្រុមបាតុករ​​ បាន​​បំបែក​​​​​ហ្វូង​ចេញ​អស់ពីខាងមុខ​រដ្ឋសភា ​​ឆ្ពោះ​ទៅ​​​ផ្ទះ​រៀងៗខ្លួន​វិញ​ ប៉ុន្តែ​​ក្រុមបាតុករ​ខ្លះ​ បាន​នាំ​គ្នា​​​ទៅ​ប្រមូលផ្តុំ​​ជា​ប​ន្ត​​​នៅ​ខាងមុខ​គេហដ្ឋាន​​របស់​លោក កឹម សុខា ដែល​ស្ថិត​​នៅ​ខណ្ឌ​ទួលគោក​។​​
ចំណុច​ដែល​ក្រុម​អ្នក​វិភាគ​ និង​ប្រជាពលរដ្ឋ​ ដែល​បាន​មើល​វីដេអូឃ្លីបមានការ​ងឿង​ឆ្ងល់​នោះ​ គឺ​ត្រង់​ថា​ឈុតឆាក​វាយដំ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប ​គឺ​ហាក់​ដូច​ជាមាន​ការ​រៀប​ចំ​ ដើម្បី​បង្វែរ​សាច់​រឿង​នៃ​ព្រឹត្តិការណ៍​ ពី​ប្រធាន​បទ​ពលរដ្ឋ​​តវ៉ា​​ស្នើ​សុំ​ដក​តំណែង​លោក កឹម សុខា​ ទៅ​ជា​ប្រធាន​បទ​អំពើ​ហិង្សា​ទៅ​លើ​តំណាង​រាស្ត្រ​ទៅ​វិញ​។​ វាហាក់​ដូច​ជា​មាន​ការ​ណាត់​ពេល​គ្នា​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ ពី​ព្រោះ​ក្រុម​អ្នក​ទៅ​វាយ​តំណាង​រាស្ត្រ​ទាំង​នោះ​ ទើប​តែ​ជិះឡាន​កូរ៉េ​ពណ៌​ស​ (ព័ត៌មាន​តាម​អ្នកឃើញ​ហេតុ​ការណ៍​ផ្ទាល់) ​មក​ដល់​ក្រោយ​ពេល​​ក្រុមបាតុករ​បំបែក​​ហ្វូង​​អស់​​ទៅ​​ហើយ​ និង​គាប់​ជួន​ពេលគ្នា​ដែល​​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​​ចេញ​ពី​ប្រជុំ​តាម​ទ្វារ​ក្រោយ​មន្ទីរ​រដ្ឋ​សភា​​​​​។ ហេតុអ្វី​បានជាមាន​មនុស្ស​មួយ​ក្រុម​លេច​មុខ​​មក​ពីណា?​ ជាទូទៅ​ គ្រប់​រថយន្ត​ទំនើប​ ដឹក​អ្នក​ធំ​ជាធម្មតា​តែង​តែ​មាន​ចាក់​សោរ​ទ្វារ​​​ដោយ​ស្វ័យ​ប្រវត្តិ​ ប៉ុន្តែ​សម្រាប់​ហេតុការណ៍​អំពើ​ហិង្សានេះ​ រថយន្ត​របស់​លោក​តំណាង​រាស្ត្រ​​​​ គង់​ សភា​ និង​ ញ៉យ ចំរើន​ សុទ្ធតែ​អត់​មាន​ចាក់​សោរ​ ហើយ​លោក​ទាំង​ពីរ​មិន​បាន​ស្រែក​​ឲ្យ​គេ​ជួយ​ ឬ​រត់​បន្តិច​ណា​ឡើយនៅពេល​ដែល​មាន​ការ​ចាប់​ទាញ​ចេញពីរថយន្ត​​ គឺ​ដេក​​សំងំ​ឲ្យ​ក្រុម​ជន​ល្មើស​វាយ​ដោយ​សេរី​។​ ចំណុច​ដែល​រឹត​តែ​សង្ស័យ​ទៀត​នោះ​ គឺ​ក្រោយ​​ពី​ត្រូវ​​បាន​វាយ​ដំ​ម្តង​ហើយ លោក គង់​ សភា ត្រូវបាន​អ្នក​បើកបរ​ លើកដាក់​លើ​រថយ​ន្ត​​វិញ​ ហើយ​​​គ្មាន​​ការ​បើក​រថយន្ត​រត់​នោះ​ទេ​ ​គឺ​នៅ​រង់​ចាំ​ឲ្យ​ក្រុម​ជន​ល្មើស​ បើក​ទ្វារ​ទាញ​យក​​​មក​វាយ​ដំ​​ម្តង​ទៀត​។​​ ម៉្យាងទៀត ក្រុម​បាតុករដែល​តវ៉ា​ពីព្រឹក គឺ​ទាម​ទារ​បណ្តេញ​លោក​ កឹម សុខា ចេញពីតំណែងឯណោះទេ ចុះហេតុអ្វី​បានជាមាន​​មនុស្ស​មួយ​ក្រុម​ផ្សេង​ ចេញ​​មកបង្កហិង្សាជាមួយ​តំណាងរាស្ត្រដែលនៅក្រៅសាច់រឿងទៅវិញ?
ក្រុម​អ្នក​វិភាគ​ តែង​និយាយជារើយៗ​ថា​ «ជាតិ​ជា​អ្នក​នយោបាយ​​ អ្វីៗក៏ហ៊ាន​ធ្វើ​ដែរ​ ដើម្បី​សម្រេច​​មហិច្ឆតា​របស់​ខ្លួន»​ ជាពិសេស​ យុទ្ធសាស្ត្រ​​បង្វែរ​ព្រឹត្តិការណ៍​​​ គឺ​ត្រូវ​បាន​ក្រុម​​អ្នក​នយោ​បាយ​យក​​​មក​ប្រើ​ប្រាស់​​​ជាច្រើន​ជំនាន់​​ និង​នៅ​តែ​មាន​ប្រសិទ្ធភាពរហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។​ ​​យ៉ាង​ណា​មិញ​ ឆាក​ល្ខោន​មួយរឿង​​ដែល​សម្តែង​ដោយ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ កាល​ពី​ដើម​សប្តាហ៍​នេះ​ បើទោះ​បី​ជា​ប៉ះ​ចំ​សាច់​ឯង​យ៉ាង​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​ហ៊ាន​ចំណាយ​ដែរ​។ ដូច្នេះ​ហើយ​ ទើប​តំណាង​រាស្ត្រ​ដែល​ទ្រម​ខ្លួន​ទាំង​ពីរ​ ត្រូវ​បាន​ទទួល​ការ​ចំណាយ​ព្យាបាល​នៅបរទេស​ដោយ​ថវិកា​គណបក្ស​ទាំង​ស្រុង​។
ទោះជាយ៉ាង​ណា​ ការ​ពិត​នឹង​ត្រូវ​បង្ហាញ​នាពេល​ឆាប់ៗខាង​មុខ​ជាក់​ជាមិន​ខាន​ ព្រោះ​រាជ​រដ្ឋាភិបាល​ ​បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ជន​ល្មើស​ដែល​បាន​បង្ក​អំពើ​ហិង្សា​ និង​​បាន​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​លើ​ករណីនេះ​​​រួច​ហើយ​ដែរ​។ យើង​សង្ឃឹម​​ថា​សមត្ថកិច្ច​​ នឹង​មាន​វិធាន​ការ​ច្បាប់​ដ៏សម​រម្យ​ និង​ម៉ឹងម៉ាត់​ ចំពោះ​ជន​ដៃដល់​ និង​​​មេក្លោង​ដែល​​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​​​នេះ​៕​

No comments:

Post a Comment