នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅមុខវិមានរដ្ឋសភា ដែលមានប្រជាពលរដ្ឋប្រមាណ ៥០០០ នាក់ ចូលរួមសម្តែងមតិតាមរយៈបាតុកម្មអហិង្សាមួយ ក្នុងគោលបំណងទាមទារដកតំណែង ឯកឧត្តម កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរក៏បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានទទួលលិខិតជូនដំណឹងសម្រាប់ការធ្វើបាតុកម្មអហិង្សានេះ ពីតំណាងប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ហើយបន្ទាប់មក នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ សាលារាជធានីភ្នំពេញបានកោះអញ្ជើញតំណាងក្រុមបាតុករដើម្បីប្រជុំពិភាក្សា និងណែនាំពីនីតិវិធីនៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្នុង នោះតំណាងបាតុករក៏បានបញ្ឈប់ និងរំសាយបាតុកម្ម នៅវេលាម៉ោង ១០ និង៣០ នាទី នាខែឆ្នាំដដែល បន្ទាប់ពីអ្នកតំណាងរាស្រ្តមកទទួលញតិ្តរួចហើយ។
តាមសេចក្តីថ្លែងការណ៍ក៏បានបន្ថែមទៀតថា ហេតុការណ៍ដែលបានកើតឡើងនៅវេលាម៉ោង ១២:១៥ នាទី បង្កដោយជនមួយក្រុមតូចដែលមិនស្គាល់អត្តសញ្ញាណ បានបង្ករបួសស្នាមមកលើតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិចំនួន ០២ រូប ដោយពុំដឹងមូលហេតុបន្ទាប់ពីក្រុមបាតុករបានរំសាយរួចហើយ។
ជាចុងក្រោយ សាលារាជធានីភ្នំពេញក៏បានសម្តែងការសោកស្តាយ និងថ្កោលទោស ចំពោះទង្វើខាងលើ ដែលបានកើតឡើងចំពោះអ្នកតំណាងរាស្រ្តទាំង ០២ រូប និងចាត់វិធានការស្រាវជ្រាវ រកជនបង្កមកផ្តន្ទា ទោសតាមច្បាប់ជាធរមាន៕

No comments:
Post a Comment