នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥នេះ តំណាងប្រជាពលរដ្ឋ ដែលជាក្រុមបាតុករអហិង្សា ដែលបាន ធ្វើបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា ចេញពីដំណែង អនុប្រធានទី១ រដ្ឋសភា បានចេញលិខិតបដិសេធចំពោះទង្វើវាយទាត់ធាក់ របស់ជនមួយក្រុមតូច ដែលបានប្រព្រឹត្ត ទៅលើអ្នកតំណាងរាស្ត្រ CNRP គឺឯកឧត្តម ញ៉យ ចំរើន និងឯកឧត្តម គង់ សភា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ។
ក្នុងលិខិតបដិសេធរបស់ ក្រុមបាតុករសន្តិវិធី បានរៀបរាប់ថា យើងខ្ញុំទាំងអស់គ្នា តំណាងប្រជា ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានជួបជុំគ្នាធ្វើ បាតុកម្មនៅមុខរដ្ឋសភា ដើម្បីទាមទារដោយ ទទូចដល់សម្តេចប្រធានរដ្ឋសភា និងអ្នកដំណាងរាស្ត្រទាំងអស់ មេត្តាដកតំណែងឯកឧត្តម កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភាឲ្យ បានឆាប់បំផុត ព្រោះថារយៈពេលកន្លងមក បុគ្គល រូបនេះ បានធ្វើសកម្មភាពឃោសនា បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំង ធ្វើការអុកឡុក ដុតកំហឹងពូជសាសន៍ និងអាឈានទៅបង្កអោយមានសង្គ្រាម កើតឡើង ក្នុងផ្ទៃប្រទេស ដែលសកម្មភាពទាំងនេះ គឺពិតជាមិនស័ក្តិសមជាថ្នាក់ដឹកនាំនៃស្ថាប័នកំពូល របស់ជាតិទេ។
លិខិតដដែលបានបន្តថា ការធ្វើបាតុកម្មនេះបានចប់តាមគោលបំណងដើម ដោយមានអ្នក តំណាងរាស្ត្រមកជួបយើងទាំងអស់គ្នា ព្រមទាំងទទួលញត្តិស្នើសុំ ហើយពួកយើងខ្ញុំ បានរំសាយ នៅវេលាម៉ោង១០និង៣០នាទី តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែប្រការដែល គួរអោយសោកស្តាយនោះ គឺនៅពេលទទួលបានព័ត៌មានថា នៅវេលាម៉ោង ១២និង១៥នាទី មានហេតុការណ៍ បង្កដោយជនមួយក្តាប់តូចមិនស្គាល់អត្តសញ្ញាណ បានធ្វើឲ្យមានរបួសស្នាម ដល់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន ០២រូប។
យើងខ្ញុំទាំងអស់គ្នាជាតំណាងប្រជាពលរដ្ឋ សូមធ្វើការបដិសេដយ៉ាងដាច់អហង្ការ និងច្រាន ចោល ទាំងស្រុងចំពោះទង្វើដែលកើតចេញពីជនមួយក្រុមតូច គឺមិនជាប់ពាក់ព័ន្ធ និងបាតុកររបស់ យើងខ្ញុំឡើយ ព្រមទាំងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធចាត់វិធានការ ស្រាវជ្រាវស្វែងរកជនបង្កមកផ្តន្ទាទោសតាមច្បាប់៕

No comments:
Post a Comment